NEWS

A Buddha statue was found and handed over to APSARA Authority

Published on 06 July 2017 12:06 PM Post By ៖ Apsara National Authority

ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើម១៣ សម័យបាយ័ន្ត មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ត្រូវបានអ្នកភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។

កិច្ចប្រគល់ទទួលនេះបានធ្វើឡើងរវាងអ្នកស្រី ព្រីម រ៉ម និងលោក សំ សារ៉េត ប្រធានការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តំណាងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រី ខេង រ៉ា មេភូមិ-មេឃុំ-នគរបាលប៉ុស្តិ៍កន្ទួត និងនគរបាលបេតិកភណ្ឌផងដែរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិការ១លានរៀលដល់អ្នកស្រី ព្រីម រ៉ម ផងដែរ ជាការលើកទឹកចិត្ត ដែលមិនយកបុរាណវត្ថុនេះទៅលក់ដូរ ហើយបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទុក។

មានប្រសាសន៍ក្នុងឱកាសប្រគល់ព្រះពុទ្ធបដិមាប្រក់នាគជូនអគ្គនាយិការសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ព្រះពុទ្ធបដិមានេះត្រូវបានប្តីរបស់អ្នកស្រី ព្រីម រ៉ម ប្រទះឃើញនៅចំណុចត្រពាំងជ្រៃខាងត្បូងឆៀងខាងកើតប្រាសាទតាណុប ខណៈប្តីគាត់កាប់គាស់ដីធ្វើចម្ការ ក្រោយមកក៏បានយកមកទុកក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យយករូបនេះទៅរក្សាទុកនៅកន្លែងដ៏សមគួរ។ ចំពោះការរក្សាទុកព្រះពុទ្ធបដិមានៅសារមន្ទីរនេះ គឺសាធារណជនអាចមកទស្សនា សិក្សា ស្រាវជ្រាវពីប្រវត្តិនៃរូប ហើយយើងធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ១០០% ថា រូបទាំងអស់ដែលរក្សានៅទីនេះនឹងគង់វង្សជារហូតទៅ។

លោកបណ្ឌិត ក៏បានបន្តទៀតថា ជាបន្តនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនឹងធ្វើការស្រាវជ្រាវលម្អិតថារូបនេះមកពីប្រាសាទណាព្រោះនៅខាងជើងភ្នំគូលែនមានប្រាសាទច្រើន។ បន្ថែមពីនោះនាយកដ្ឋានក៏បានពន្លឿនកិច្ចការកំណត់តំបន់ និងបោះបង្គោលការពារបុរាណដ្ឋានក្រៅឧទ្យានអង្គរ និងផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិ ឱ្យគាត់យល់ ស្រឡាញ់ ថែរក្សាដូចករណីប្រគល់បដិមានេះជាគំរូស្រាប់។ ក្នុងនាមថ្នាក់ដឹកនាំមួយរូប លោកក៏បានអំពាវនាវដល់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ ពេលប្រទះឃើញបុរាណវត្ថុទាំងឡាយ សូមយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ចៀសវាងការយកទៅជួញដូរ ឬរក្សាទុកខុសច្បាប់។

កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក៏បានប្រាប់ថា មកដល់ពេលនេះ ជាលើកទី៣ហើយដែលប្រជាពលរដ្ឋក្រៅតំបន់អង្គរបានយកបុរាណវត្ថុដែលខ្លួនប្រទះឃើញមកប្រគល់ជូន ហើយអាជ្ញាធរជាតិអប្សរាយកមករក្សាទុកនៅសារមន្ទីរនេះ។ បច្ចុប្បន្នសារមន្ទីរដែលទើបជួសជុលរួច ក៏កំពុងពង្រឹងខ្លួនដើម្បីតាំងបង្ហាញនូវបុរាណវត្ថុជាច្រើនដែលនៅក្នុងឃ្លាំងមកដាក់តាំងពិព័រណ៍ឱ្យភ្ញៀវបានឃើញ និងស្វែងយល់បន្ថែមផងដែរ៕








អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0752
Yesterday
:
9731
This Week
:
10483
This Month
:
0328608
Total
:
013310922