ព័ត៌មានថ្មីៗ

ស្វែងយល់ពីគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ

បានផ្សាយនៅ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ2017 08:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

គណៈកម្មាធិការអាយស៊ីស៊ី (ICC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ លក្ខខណ្ឌទាំង៥នោះគឺ ៖
១. រៀបចំបង្កើតនីតិក្រមសម្រាប់ការពារបេតិកភណ្ឌឲ្យបានសមស្រប
២. បង្កើតស្ថាប័នជាតិទទួលបន្ទុកការពាររមណីយដ្ឋានអង្គរ ដោយមានបុគ្គលិកគ្រប់គ្រាន់
៣. បង្កើតព្រំការពាររមណីយដ្ឋានអង្គរជាអចិន្ត្រៃយ៍
៤. បង្កើតតំបន់ទ្រនាប់ឲ្យបានសមស្រប
៥. បង្កើតយន្តការត្រួតពិនិត្យ និងសម្របសម្រួលកិច្ចខិតខំរបស់អន្តរជាតិ ក្នុងការអភិរក្សរមណីយដ្ឋានអង្គរ។

ក្នុងរយៈពេល ៣ឆ្នាំ ពីឆ្នាំ១៩៩៣ ដល់១៩៩៦ ប្រទេសកម្ពុជាបានបំពេញលក្ខខណ្ឌទាំងអស់ ទោះបីជាសង្គ្រាមផ្ទៃក្នុងនៅពុំទាន់បញ្ចប់នៅឡើយក្ដីៈ
១. នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌពិភពលោក ត្រូវបានប្រកាសឲ្យប្រើជាការឆ្លើយតបនឹងលក្ខខណ្ឌទី១
២. ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់សៀមរាប-អង្គរ ហៅថា អាជ្ញាធរ «អប្សរា» ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ០០១ នស/រកត/០២៩៥/១២ ជាការបំពេញលក្ខខណ្ឌទី២
៣. ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ព្រះរាជក្រឹត្យលេខ ០០១.នស ស្ដីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាការបំពេញលក្ខខណ្ឌទី៣ និងទី៤។
៤. បង្កើតនូវគណៈកម្មាធិការ ICC បំពេញលក្ខខណ្ឌទី៥។

សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ ទៀត ចូលរួមជាសមាជិកដែរ។ បណ្តាប្រទេសទាំងនោះមាន៖ បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។

ចំណែកអង្គការអន្តរជាតិមានដូចជា៖ សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ អង្គការអុីក្រូម អង្គការអីុកូម អង្គការអីុកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។

អាយស៊ីស៊ី (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលដល់បណ្តាប្រទេស និងអង្គការផ្សេងៗចូលរួមអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិអង្គរ។ អាយស៊ីស៊ី (ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការ អភិរក្ស និងការអភិវឌ្ឍនៃឧទ្យានអង្គរ។

ភារកិច្ចសំខាន់របស់អាយស៊ីស៊ី (ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ អាយស៊ីស៊ី (ICC) រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតលើការតម្រង់ទិសគោលនយោបាយគ្រប់គ្រង អំពាវនាវស្វែងរកជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីៗនៅអង្គរ។ ជាធម្មតាសម័យប្រជុំពេញអង្គ នេះតែងរៀបចំនៅចុងឆ្នាំ។

ចំណែកឯសម័យប្រជុំបច្ចេកទេសតែងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរ បទពិសោធន៍ របស់ពួកគេ ពិភាក្សាអំពីបញ្ហាបច្ចេកទេស និងដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យប្រជុំទាំងអស់របស់អាយស៊ីស៊ី (ICC) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំង និងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ និងផ្តល់ជំនួយហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗ រីឯអង្គការយូណេស្កូធ្វើជាលេខាធិការដ្ឋាន និងផ្តល់ចំណាយពាក់ព័ន្ធនឹងបេសកកម្មរបស់ក្រុមអ្នកជំនាញអាដហុកសម្រាប់ការអភិរក្ស។ ចំណែកអាជ្ញាធរជាតិអប្សរាបានរួមចំណែកតាំងពីឆ្នាំ២០០៦ ផ្តល់ជាជំនួយ ហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មាធិការ ការចំណាយលើបេសកកម្មក្រុមអ្នកជំនាញអាដហុក និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ។








ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
5043
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
11008
ខែនេះ
:
0253683
សរុប
:
012761272