ព័ត៌មានថ្មីៗ

អាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-២២ ខែមិថុនា

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2017 09:23 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក Takahisa TSUGAWA អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។

របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក៏នឹងតាមដានសេវាកម្មនៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និង ការសង្ខេបឡើងវិញនូវលទ្ធផលស្រាវជ្រាវចុងក្រោយនៃប្រព័ន្ធបច្ចេកវិទ្យាLiDAR ជាដើម។

គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។

អាយស៊ីស៊ី-អង្គររៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕







កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
54413
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
54413
ខែនេះ
:
0708309
សរុប
:
013690623