ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ2017 08:29 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងកំឡុងពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សកម្មភាពរំលោភសាងសង់ ចាក់ដីបំពេញខុសច្បាប់ក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុកបង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ ក៏ដូចជាកិច្ចការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនិងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លានៃកម្ពុជា។ តំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខ០០១នស ស្តីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប អង្គរ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ជាតំបន់គ្របដណ្តប់យ៉ាងច្រើនដោយប្រាសាទបុរាណ និងសំណល់បុរាណវិទ្យាដែលចាំបាច់ត្រូវការពារក្នុងកម្រឹតខ្ពស់បំផុត។ គួរកត់សម្គាល់ថា ព្រះរាជក្រឹត្យលេខ០០១នស គឺជាព្រះរាជក្រឹត្យដំបូងបង្អស់ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាថ្មីម្តងទៀតនៅឆ្នាំ១៩៩៣។

យោងតាមរបាយការណ៍របស់ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ដែលបានតាមដាននិងធ្វើរបាយការណ៍ពីសកម្មភាពសាងសង់ ចាក់ដីបំពេញសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ បានបញ្ជាក់ថារយៈពេលពីរសប្តាហ៍ខាងលើមានសកម្មភាពសាងសង់ ចាក់បំពេញដីខុសច្បាប់សរុបមាន៥២៣ករណី ដែលក្នុងនោះមានការរំលោភសាងសង់កៀកនឹងកំផែងប្រាសាទបន្ទាយក្តីដែរ។ សកម្មភាពរំលោភសាងសង់ ចាក់ដីបំពេញខុសច្បាប់ទាំងនេះ បានក្លាយជាសកម្មភាពអវិជ្ជមានដ៏ធ្ងន់ធ្ងរក្នុងការងារថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរដែលសហគមន៍អន្តរជាតិនិងអង្គការយូណេស្កូតែងតែចាត់ទុកជាគំរូត្រូវយកតម្រាប់តាមជាលក្ខណៈអន្តរជាតិ ក៏ដូចជាធ្វើឲ្យអាប់អោនដល់កិត្យានុភាពរបស់កម្ពុជាក្នុងឆាកអន្តរជាតិលើវិស័យថែរក្សា ការពារបេតិកភណ្ឌ។ លើសពីនេះ សកម្មភាពខុសច្បាប់ទាំងនេះអាចរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការព្យាយាមបញ្ចូលប្រាសាទបុរាណខ្មែរមួយចំនួនទៀតជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកផងដែរ។

ក្នុងស្មារតីមោទនភាព ស្រឡាញ់ ថែរក្សា និងចូលរួមលើកតម្លៃមរតកដូនតាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់ទាំងអស់ មេត្តារុះរើសំណង់ទាំងនោះវិញដោយស្ម័គ្រចិត្ត និងសហការខ្ពស់។ ក្នុងករណីម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់បន្តល្មើសនិងមិនព្រមរុះរើ អាជ្ញាធរជាតិអប្សរាដោយស្របតាមស្មារតីអង្គប្រជុំនៅសាលាខេត្តសៀមរាបរវាងសាលាខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរានាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នឹងសហការជាមួយកម្លាំងចម្រុះនៃរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរដែនដី ចុះរុះរើនាពេលខាងមុខដ៏ខ្លី។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់ទាំងអស់នឹងសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រអង្គរប្រកបដោយស្មារតីគោរពស្រឡាញ់បេតិកភណ្ឌដូនតា ដើម្បីបន្តការពារទុកឲ្យបានគង់វង្សតកូនតចៅគ្រប់ជំនាន់ខាងក្រោយៗទៀត៕














នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7472
ម្សិលមិញ
:
9096
សប្តាហ៍នេះ
:
57223
ខែនេះ
:
0151902
សរុប
:
012921334