ព័ត៌មានថ្មីៗ

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបើកជូនភ្ញៀវទេសចរធ្វើដំណើរជាផ្លូវការហើយ

បានផ្សាយនៅ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ2017 01:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹក ដែលត្រូវបានកសាងឡើងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរជាបណ្តោះអាសន្នចូលទស្សនាប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលដែលស្ពានហាលកំពុងទទួលការជួសជុលនោះ ត្រូវបានដាក់សម្ពោធបើកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។ ដោយឡែក ស្ពានហាលនៃប្រាសាទអង្គរវត្តនឹងត្រូវបិទផ្អាកការធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ បញ្ជៀសគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរ និងដើម្បីបង្កលទ្ធភាពងាយស្រួលដល់ក្រុមការងារជួសជុល។

ពិធីសម្ពោធជាផ្លូវការត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ស្ថាប័នអន្តរជាតិ និងប្រជាពលរដ្ឋរាប់ពាន់នាក់។

ស្ពាននេះមានប្រវែងបណ្តោយ១៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្មើនឹង១៣៦០ម៉ែត្រការ៉េ ប្រើប្រាស់ផ្ទៃពោងជ័រអណ្តែតទឹកសរុប៦៧២០ដុំ អាចផ្ទុកចំនួនមនុស្សឈរលើស្ពានក្នុងពេលតែមួយបាន១៣៦០នាក់ ដោយគិតមួយម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់។ ស្ពាននេះអាចផ្ទុកទម្ងន់សរុបបាន៤៥៧តោន ដោយក្នុងពោងជ័រមួយដុំអាចផ្ទុកបានទម្ងន់៦៨គីឡូក្រាម។ លក្ខណៈពិសេសរបស់ពោងអណ្តែតទឹកនេះ គឺជាប្រភេទជ័រ ស្វិត ធន់ ហើយអាចទទ្រង់នឹងអាកាសធាតុបានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ និងភ្លៀង ថែមទាំងមិនធ្វើឲ្យទឹកប្រែពណ៌ ឬបង្កជាសារធាតុពុលផ្សេងៗដល់ទឹកឡើយ។

ថ្លែងក្នុងរបាយការណ៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការកសាងស្ពានអណ្តែតទឹកបណ្តោះអាសន្ននេះ បានឆ្លងយោបល់របស់ក្រុមជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងបានជ្រើសរើសប្រភេទស្ពាននេះឡើង ដោយផ្តោតទៅលើតម្លៃ ពេលវេលានៃការសាងសង់ ការថែទាំ ភាពមិនប៉ះពាល់ដល់បុរាណដ្ឋានក្រោមទឹក និងភាពស៊ីសង្វាក់គ្នាទៅលើទេសភាពវប្បធម៌តំបន់អង្គរ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្តរជាតិនានាដែលបានខិតខំបំពេញការងារអភិរក្សបេតិកភណ្ឌបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានរំឭកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីដើម្បីដឹកនាំការងារអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលជាមរតកដ៏ថ្លៃថ្លានៃដូនតាយើងឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកជំទាវបន្ថែមថា ស្ពានអណ្តែតទឹកនេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំធេងជាច្រើនទៀតនៃការងារអភិរក្សរមណីយដ្ឋានអង្គរ។ សមិទ្ធផលទាំងអស់នេះ គឺសម្រេចបានដោយសារប្រទេសរួចផុតពីសង្គ្រាម មានសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទេស ដែលកើតឡើងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែវាក៏បានបំផ្លិចបំផ្លាញនូវបេតិកភណ្ឌវប្បធម៌របស់ជាតិយ៉ាងច្រើនផងដែរ។ ដោយសារសង្គ្រាម មរតកដ៏ថ្លៃថ្លារបស់ដូនតាយើងត្រូវទទួលរងនូវផលប៉ះពាល់ជាបន្តបន្ទាប់ ដោយសារកង្វះការថែរក្សា ព្រោះការរត់ភៀសសង្គ្រាមនៃប្រជាជនកម្ពុជាយើង។ ក៏ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមទាំងសុខុដុមភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិផងដែរ៕


























ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ការអប់រំដល់កុមារជាគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗរបស់សារមន្ទីរ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូ-អ្នកគ្រូនៃសាលាភាសាបារាំងប្រចាំខេត្តសៀមរាប (École Française de Siem Reap) បានដឹកនាំសិស្សានុសិស្សចំនួន១៩នាក់មកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ

ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
21292
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
72614
ខែនេះ
:
0376122
សរុប
:
014818963