ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្តមានទំនាក់ទំនងទៅនឹងយុគទាំង៤របស់ចក្រវាឡនៃសាសនាហិណ្ឌូ

បានផ្សាយនៅ ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2017 12:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។

នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។

លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគគឺ៖
១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។
២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។
៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។
៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។

ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។

ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។

ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។

ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕




















រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើពាក់ព័ន្ធនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះបានឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។
អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA បានសហការជាមួយអង្គការអ្នកកសាងសមត្ថភាព LOCAB បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០នាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលស្តីអំពីវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សបុរាណដ្ឋានក្នុងតំបន់អង្គរ ពីសំណាក់លោកបណ្ឌិត Chung Yongjae សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិកូរ៉េនៃបេតិកភណ្ឌវប្បធម៌ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
គេដឹងហើយថា វត្តអារាមជាទីតាំងនៃជំនឿរបស់ពុទ្ធបរិស័ទអ្នកគោរពព្រះពុទ្ធសាសនា។ ប៉ុន្តែ ដោយសារពុទ្ធបរិស័ទខ្មែរមានជំនឿតដូនតាទាំងផ្នែកជំនឿលើព្រលឹង លើអារក្ខអ្នកតា និងព្រហ្មញ្ញសាសនាផងនោះ ទើបធ្វើឲ្យវត្តភាគច្រើនរបស់ព្រះពុទ្ធសាសនាក៏ក្លាយជាទីតាំងនៃជំនឿដូនតាទាំងអស់នេះដែរ។
ជំនឿបែងអារឹសរបស់អ្នកស្រុកអង្គរ
( ថ្ងៃទី 22 ខែ កក្កដា ឆ្នាំ2017 )
អារឹស ជាជំងឺម្យ៉ាងដែលធ្វើឱ្យកូនកើតហើយមិនគង់ គឺស្លាប់ទៅវិញក្នុងរយៈពេលខ្លី ឬស្លាប់ភ្លាមៗតែម្តង។ ក្មេងដែលស្លាប់ដូច្នេះ អ្នកស្រុកនិយមហៅថា អារឹសម្តាយដើម គឺកូនដែលលួចមកកើតនឹងម្តាយថ្មី (ជាតិនេះ) ដោយមិនប្រាប់ម្តាយដើម (ម្តាយជាតិមុន) ឱ្យដឹង។ ដូច្នេះ ដើម្បីបញ្ជៀសកុំឱ្យម្តាយដើមយកព្រលឹងកូននោះទៅ (ស្លាប់) គេបានប្រារព្ធពិធីមួយហៅថា «បែងអារឹស»។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2334
ម្សិលមិញ
:
5767
សប្តាហ៍នេះ
:
11786
ខែនេះ
:
0115605
សរុប
:
003077759