ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្តមានទំនាក់ទំនងទៅនឹងយុគទាំង៤របស់ចក្រវាឡនៃសាសនាហិណ្ឌូ

បានផ្សាយនៅ ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2017 12:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។

នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។

លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគគឺ៖
១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។
២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។
៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។
៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។

ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។

ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។

ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។

ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕




















គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយគ្រោងនឹងចំណាយពេល៤ឆ្នាំដើម្បីឲ្យរួចរាល់។ នេះជាគម្រោងសហការជំហានទី២រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ(១៩៩៦-២០០៧)។
ក្រៅពីការងារអភិរក្ស និងអភិវឌ្ឍន៍ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរជាប្រចាំ ក្នុងគម្រោងលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈក្រុមការងារសហគមន៍ ដែលតែងចុះដល់លំនៅឋានរបស់ប្រជាពលរដ្ឋគ្រប់តំបន់ទាំងអស់។
បន្ទាប់ពីធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ពេលនេះបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
ដើមឈើជាច្រើនដើម ដុះនៅជុំវិញប្រាសាទអង្គរវត្ត ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រីឱ្យស្រឡះ និងបង្ហាញនូវសម្រស់របស់ប្រាសាទកាន់តែមានភាពត្រកាល។
នៅស្នាក់ការអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ មានជំនួបពិភាក្សាការងាររវាង អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូខេត្ត យូណាន ដើម្បីស្វែងយល់ និងសហប្រតិបត្តិការលើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1480
ម្សិលមិញ
:
4755
សប្តាហ៍នេះ
:
16050
ខែនេះ
:
0089373
សរុប
:
004452737