ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្តមានទំនាក់ទំនងទៅនឹងយុគទាំង៤របស់ចក្រវាឡនៃសាសនាហិណ្ឌូ

បានផ្សាយនៅ ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2017 12:13 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។

នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។

លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគគឺ៖
១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។
២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។
៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។
៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។

ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។

ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។

ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។

ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕




















ស្ពានអណ្តែតទឹក ដែលជាសំណង់ដែលសង់កាត់កសិន្ធុប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។
នៅលើរានហាលនៃព្រះលានជល់ដំរីផ្នែកខាងជើង ក្បែរចម្លាក់ស្តេចគម្លង់ ដែលអ្នកស្រុកទម្លាប់ហៅថា កន្លែងដំរីក្បាល៣សេះក្បាល៥ មានចម្លាក់ផ្កាឈូកក្រពុំដ៏ធំ ដែលត្រូវបានកសាងឡើងក្នុងសម័យក្រោយបាយ័ន។ចម្លាក់ផ្កាឈូកនេះមានកម្ពស់១ម៉ែត្រកន្លះ និងអង្កត់ផ្ទិត៣ម៉ែត្រកន្លះ ផ្គុំឡើងពីដុំថ្មភក់តូចធំចំនួន៦៩ដុំ និងទ្រដោយទម្រថ្មបាយក្រៀម។
អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឲ្យមានការចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ ១៨ ឧសភា។
មន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមជំនាញលើការងារគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ។ កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program។
មណ្ឌលរដ្ឋបាលខេត្តសៀមរាបដ៏ប្រណីត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ (ផ្លូវអង្គរឃ្យុងយូ) បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4832
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
24285
ខែនេះ
:
0155302
សរុប
:
002491773