ព័ត៌មានថ្មីៗ

ចម្លាក់ផ្កាឈូកដ៏ធំនៅលើរានហាលព្រះលានជល់ដំរីនឹងលេចចេញរូបរាងឡើងវិញនៅខែសីហាខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2017 01:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅលើរានហាលនៃព្រះលានជល់ដំរីផ្នែកខាងជើង ក្បែរចម្លាក់ស្តេចគម្លង់ ដែលអ្នកស្រុកទម្លាប់ហៅថា កន្លែងដំរីក្បាល៣សេះក្បាល៥ មានចម្លាក់ផ្កាឈូកក្រពុំដ៏ធំ ដែលត្រូវបានកសាងឡើងក្នុងសម័យក្រោយបាយ័ន។ចម្លាក់ផ្កាឈូកនេះមានកម្ពស់១ម៉ែត្រកន្លះ និងអង្កត់ផ្ទិត៣ម៉ែត្រកន្លះ ផ្គុំឡើងពីដុំថ្មភក់តូចធំចំនួន៦៩ដុំ និងទ្រដោយទម្រថ្មបាយក្រៀម។

នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៥ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ទឹកហូរច្រោះគ្រឹះ ធ្វើឲ្យចម្លាក់ផ្កាឈូកនេះ បានរបេះធ្លាក់ថ្មដែលជាត្របកផ្កាឈូកអស់មួយចំនួននៅជ្រុងនិរតី។ ជាការបន្ទាន់ ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានរៀបចំទល់ទ្របណ្តោះអាសន្នបង្ការការធ្លាក់របេះបន្ថែម ព្រមទាំងរៀបចំផែនការដើម្បីជួសជុលឡើងវិញ។

ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦មក ក្រុមការងារអភិរក្សបានចាប់ផ្តើមជួសជុលចម្លាក់ផ្កាឈូកនេះ ហើយតាមគម្រោងការងារជួសជុលនេះនឹងបញ្ចប់នៅរវាងខែសីហា ឆ្នាំ២០១៧ខាងមុខ។ ក្រោយការជួសជុលរៀបចំឡើងវិញហើយ ភ្ញៀវទេសចរគ្រប់ជាតិសាសន៍នឹងបានឃើញនូវផ្កាឈូកដ៏ធំនេះឡើងវិញ។

លោក ម៉ៅ សុខនី ស្ថាបត្យករ ដែលដឹកនាំការងារជួសជុលនេះ បញ្ជាក់ថា នៅឆ្នាំ១៩៩៥ សាលាបារាំងចុងបូព៌ាធ្លាប់បានជួសជុលចម្លាក់ផ្កាឈូកនេះម្តងរួចមកហើយ។ ដោយឡែក ការជួសជុលនៅពេលនេះ ថ្វីត្បិតតែអ្នកជំនាញផ្ទាល់ជាអ្នកកាន់ការងារជួសជុល តែក៏មានការត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរផងដែរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក សុខនី រៀបរាប់ថា “យើងបានរៀបចំបាតគ្រឹះឡើងវិញ ជួសជុលត្របកផ្កាឈូកដែលធ្លាក់បាក់ ប្រើបច្ចេកទេសដែកទាមដូចសម័យបុរាណដែរ ដើម្បីទាមថ្មពីមួយដុំទៅមួយដុំឲ្យជាប់គ្នានិងរឹងមាំ។ ជាមួយគ្នានេះ ក្រុមការងារបានប្រើប្រាស់ថ្មចាស់ៗដែលមានស្រាប់ និងប្រើប្រាស់ថ្មថ្មីក្នុងកម្រិតអប្បបរមាដើម្បីជំនួសថ្មចាស់បាត់ ឬមានគុណភាពមិនអាចយកមកប្រើប្រាស់ឡើងវិញបាន។ ជាក់ស្តែង ការជួសជុលផ្កាឈូកនេះ ក្រុមការងារបានប្រើប្រាស់ថ្មថ្មីចំនួន៤ដុំបំពេញបន្ថែមជំនួសថ្មចាស់ដែលបាត់រកមិនឃើញ ដើម្បីឲ្យមានលំនឹងជាប់បានយូរ។

រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានប្រហែល៧០%ហើយ ដោយបានរៀបគ្រឹះ និងស្រទាប់ត្របកឈូកទី១ក៏បានរួចរាល់ ហើយកំពុងបន្តរៀបត្របកទី២ និងកំពូលបន្តិចប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការជួសជុលប្រាង្គប្រាសាទ គឺជាការងារអាទិភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ដើម្បីឲ្យការងារនេះបានជោគជ័យរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិអប្សរាជាសេនាធិការ បានសម្របសម្រួលជាមួយស្ថាប័នអន្តរជាតិជាច្រើនដើម្បីមកចូលរួមការងារអភិរក្សជួសជុល។

ជាក់ស្តែង ចាប់ពីឆ្នាំ១៩៩២មក មានស្ថាប័នអន្តរជាតិចំនួន២១ មកពី១៣ប្រទេស បានអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទចំនួន៣១គម្រោង។ ប្រទេសទាំង១៣នោះរួមមាន ចិន សាធារណរដ្ឋឆែក បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស៊្វីស អាមេរិក អូស្ត្រាលី ហុងគ្រី និងសាធារណរដ្ឋកូរ៉េ។

ទន្ទឹមនឹងការចូលរួមរបស់ស្ថាប័នអន្តរជាតិ អាជ្ញាធរជាតិអប្សរាក៏មានក្រុមការងារអភិរក្សជួសជុលដោយផ្ទាល់ផងដែរ។ ក្រុមការងារទាំងនេះកំពុងអនុវត្តការងាររបស់ខ្លួននៅលើការដ្ឋានជាច្រើនដូចជា នៅកំពែងអង្គរធំ ព្រះលានជល់ដំរី ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ជួសជុលចម្លាក់នាគនៅប្រាសាទប្រែរូប ជួសជុលចង្រឹងបង្អួចនៅប្រាសាទអង្គរត្ត ជួសជុលប្រាសាទឥដ្ឋនៅប្រាសាទព្រះគោ និងប្រាសាទលលៃ ជួសជុលប្រាសាទ និងរចនាសម្ព័ន្ធ នៅប្រាសាទគោកចក។ល។












ដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារប្រតិកម្មរហ័សមួយ ដើម្បីធ្វើការជាមួយរដ្ឋបាលខេត្តសៀមរាប។
ប្រាសាទចៅស្រីវិបុលមានទីតាំងនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកស្រាវជ្រាវយល់ថា តាមរយៈរចនាបថឃ្លាំង និងបច្ចេកទេសសំណង់គឺដូចគ្នាទៅនឹងចំណុចមួយចំនួននៃប្រាសាទភ្នំជីសូរ វត្តបាសែត វត្តឯកភ្នំ និងព្រះវិហារ ដែលកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១។ បច្ចុប្បន្នប្រាសាទនេះ ទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែក៏នៅទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរមួយចំនួនផងដែរ។
មិនខុសពីឆ្នាំមុន ឱ្យតែដល់ថ្ងៃ៣កើត ខែពិសាខ អ្នកភូមិចំណុះជើងវត្តអធ្វាតែងតែនាំគ្នាប្រារព្ធពិធីឡើងអ្នកតាមទំនៀមពីបុរាណមិនដែលខកខាន។ ពួកគាត់បានសាមគ្គីគ្នាក្នុងការរៀបចំ ដោយអ្នកខ្លះចេញលុយចេញកាក់ ខ្លះយកម្ហូបអាហារ បង្អែមចម្អាប គ្រឿងសំណែនម្នាក់បន្តិចៗមកជួបជុំគ្នាធ្វើពិធីនៅប្រាសាទអធ្វា ដើម្បីបន្តមរតកវប្បធម៌នេះឱ្យនៅរស់រាន។
ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាកនិងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4810
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
24263
ខែនេះ
:
0155280
សរុប
:
002491751