ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជាបណ្តុះបណ្តាលមន្ត្រីលើជំនាញគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2017 09:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមជំនាញលើការងារគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ។ កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program។

មន្ត្រីជំនាញ រួមទាំងប្រធាន និងអនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានចូលរួមវគ្គបណ្តុះបណ្តាលនេះចំនួន២វគ្គ ដោយវគ្គទី១ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ទី២៨ ខែឧសភា ឆ្នាំ២០១៧ និងវគ្គទី២ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១០ សីហា ឆ្នាំ២០១៧។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនារសៀលថ្ងៃទី១៦ ខែឧសភានេះ លោកស្រីបណ្ឌិត Claudia G.Green ដែលមានបទពិសោធន៍ការងារបង្រៀនលើវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌក្នុងបណ្តាប្រទេសជាច្រើន និងជាគ្រូបង្គោលក្នុងកម្មវិធីនេះបញ្ជាក់ថា “ខ្ញុំពិតជារីករាយដែលទទួលបានឱកាសនេះ។ ក្នុងវគ្គនេះ ខ្ញុំនឹងមិនព្យាយាមនិយាយច្រើនទេ តែខ្ញុំចង់ស្តាប់បញ្ហារបស់អ្នករាល់គ្នា ហើយខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំដើម្បីរួមចំណែកបន្ថែមលើចំណុចខ្វះខាត”។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មន្ត្រី និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរា គឺជាភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍ ដែលត្រូវគិតគូរទាំងគុណភាពនៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរមកលើប្រាសាទរបស់យើង។ ដូច្នេះ យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។

វគ្គសិក្សានេះបែងចែកជាពីរក្រុមគឺ មន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ ស្ថិតិ និងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែក ភ្នាក់ងារទេសចរណ៍សិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស និងសិក្សាអំពីសេវាកម្ម និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ៕








ក្រោយបញ្ចប់កិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកនាទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈប្រតិភូនៃកិច្ចប្រជុំនេះដែលមានសមាជិកជាង១០០រូបបានមកទស្សនាប្រាង្គប្រាសាទបុរាណនានាក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កំពែងថ្មបាយក្រៀមប្រាសាទបន្ទាយក្តីនាជ្រុងពាយ័ព្យ បណ្តោយប្រវែង៥.៥០ម៉ែត្រ កម្ពស់៣.៧០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។ ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកតម្លៃមរតកវប្បធម៌ជាតិ រក្សាសោភ័ណភាព និងអភិរក្សសំណង់ឱ្យនៅគង់វង្សយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ប្រតិភូនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ បានចូលគាល់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានកិត្តិយសនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដើម្បីទូលថ្វាយអំពីវឌ្ឍនភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ សុទ្ធតែមានតួនាទីសំខាន់ក្នុងកិច្ចការពារបេតិកភណ្ឌអង្គរ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចការពារបេតិកភណ្ឌអង្គរឲ្យបានកាន់តែល្អប្រសើរ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានជួបពិភាក្សាគ្នានៅទីស្នាក់ការនគរបាលការពារបេតិកភណ្ឌទល់មុខប្រាសាទអង្គរវត្ត។
នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក និងឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ភឿង សកុណា ប្រធានអាជ្ញាធរជាតិអប្សរា បានយកថវិកាចំនួន១២លានរៀលឧបត្ថម្ភដល់កាកបាទក្រហមខេត្តសៀមរាបដើម្បីរួមចំណែកការងារមនុស្សធម៌ក្នុងសង្គម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4801
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
24254
ខែនេះ
:
0155271
សរុប
:
002491742