ព័ត៌មានថ្មីៗ

ប្រតិភូនៃកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកមកទស្សនារមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ2017 05:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយបញ្ចប់កិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកនាទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈប្រតិភូនៃកិច្ចប្រជុំនេះដែលមានសមាជិកជាង១០០រូបបានមកទស្សនាប្រាង្គប្រាសាទបុរាណនានាក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា ក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ និងបញ្ជូនមន្ត្រីជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យាដើម្បីអមដំណើរជាមគ្គុទ្ទេសក៍ដល់គណៈប្រតិភូ ដោយធ្វើដំណើរទស្សនាបានចំនួន៣ប្រាសាទធំៗគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសទទួលដំណើរមកដល់របស់គណៈប្រតិភូនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានពន្យល់ដល់គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗបន្ទាប់ពីការបញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ដូចជា ការបង្កើតគណៈកម្មាធិការអន្តរជាតិ ICC-Angkor ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។ ចាប់ពីពេលនោះហើយ ដែលកិត្តិសព្ទអង្គរបានល្បីល្បាញទៅកាន់ពិភពលោកកាន់តែខ្លាំងឡើងៗ រហូតទទួលបានការបោះឆ្នោតគាំទ្រថាជាគោលដៅទេសចរណ៍ស្រស់ស្អាតបំផុតលើពិភពលោក ពីសំណាក់គេហទំព័រដ៏ធំរបស់ពិភពលោកដូចជា Trip Advisor និង Lonely planet ជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិភូដែលបានចំណាយពេលមកទស្សនារមណីយដ្ឋានអង្គរ ហើយសង្ឃឹមថា ក្រុមប្រតិភូនឹងវិលមកទស្សនាអង្គរលើកក្រោយៗទៀត ដោយសារតែកម្មវិធីទស្សនានៅពេលនេះមានរយៈពេលខ្លី មិនអាចទស្សនាបានច្រើនទីតាំងសំខាន់ៗក្នុងរមណីយអង្គរទាំងមូល៕


















នៅថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំសិក្ខាសាលាមួយ ក្រោមប្រធាន “ការអភិរក្ស និងបញ្ហាប្រឈមនៅភ្នំគូលែន”។ សិក្ខាសាលានេះនឹងមានការចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឯកឧត្តម Tsugawa Takahisa សហប្រធានអាយស៊ីស៊ីអង្គរភាគីជប៉ុន លោកសាស្ត្រាចារ្យ Azedine Beshaouch លេខាវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន រួមនឹងមន្ត្រីជំនាញជាច្រើនរូបទៀតនៃអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវផ្សេងៗ។ សិក្ខាសាលានេះ នឹងដំណើរការចាប់ពីម៉ោង ៧:៤៥នាព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
មនុស្សម្នាស្ទើរពេញពិភពលោកដែលបានមកដល់ប្រទេសកម្ពុជា ទាំងអ្នកបុរាណវិទ្យា អ្នកនរវិទ្យា អ្នកប្រវត្តិវិទ្យា មគ្គុទេសនក៍ទេសចរណ៍ ព្រមទាំងភ្លៀវទេសចរ នាំគ្នាឆ្ងល់ទាក់ទង់នឹងទៅនឹងជីវភាពនៃការរស់នៅរបស់មនុស្សសម័យដើម ជាពិសេសគឺមនុស្សដែលរស់នៅក្នុងសម័យកសាងប្រាសាទអង្គរវត្ត មានកម្លាំងពលំ និងការច្នៃប្រឌិតខ្ពស់។
ឆ្លងផុតរដូវវស្សាឆ្នាំនេះហើយ ការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុង(AEON) របស់ប្រទេសជប៉ុននឹងដំណើរការហើយ។ មុននឹងឈានដល់ដំណាក់កាលជួសជុលនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីអុង លោក Keiichi Tadaki បានចំណាយពេលមួយព្រឹក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីចូលទស្សនាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ទទួលដំណើរទស្សនារបស់លោកនាយកប្រតិបត្តិនៅពេលនេះមាន ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងមន្ត្រីមួយចំនួនទៀតនៃអាជ្ញាធរជាតិអប្សរា។
“ខ្ញុំមិនបានធ្វើរូបចម្លាក់ ឬវត្ថុអនុស្សាវរីយ៍ដែលអ្នកភូមិភាគច្រើនគេនិយមធ្វើនោះទេ។ ខ្ញុំតែងច្នៃប្រឌិតជារូបចម្លាក់ផ្សេងៗ ប្លែកៗខុសពីអ្នកដទៃ ទើបម៉ូយមកទិញរបស់ខ្ញុំជាហូរហែមិនសូវដាច់។ ជួនកាលខ្ញុំទៅឃើញចម្លាក់ ស្អាតៗគេតាំងលក់នៅតាមហាងធំៗ ខ្ញុំ​មកផ្ទះវិញក៏យកទម្រង់នោះមកច្នៃបន្ថែមចេញជារូបចម្លាក់ផ្សេងមួយទៀត”។ ទាំងនេះជាប្រសាសន៍រៀបរាប់របស់លោកពូ តាន់ សុខុន នៅភូមិរហាល សង្កាត់នគរធំ ដែលជាភូមិបុរាណមួយ នៅជាប់នឹងស្រះស្រង់នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5532
ម្សិលមិញ
:
11641
សប្តាហ៍នេះ
:
88061
ខែនេះ
:
0346522
សរុប
:
004035938