ព័ត៌មានថ្មីៗ

កំពែងប្រាសាទបន្ទាយក្តីជ្រុងពាយ័ព្យត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុល

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2017 10:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងថ្មបាយក្រៀមប្រាសាទបន្ទាយក្តីនាជ្រុងពាយ័ព្យ បណ្តោយប្រវែង៥.៥០ម៉ែត្រ កម្ពស់៣.៧០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។ ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកតម្លៃមរតកវប្បធម៌ជាតិ រក្សាសោភ័ណភាព និងអភិរក្សសំណង់ឱ្យនៅគង់វង្សយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។

លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឱ្យដឹងថា កំពែងប្រាសាទបន្ទាយក្តីត្រង់ជ្រុងពាយ័ព្យនេះ ចាប់ផ្តើមជួសជុលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីធ្វើកំណាយរកឃើញថាបាតគ្រឹះក្រោមពុកផុយមិនអាចទ្រទម្ងន់ថ្មពីលើបាន។ មួយទៀត ជញ្ជាំងកំពែងនេះក៏ទ្រេតដួលទៅខាងជើងមួយផ្នែកទៀតផង ដែលអាចបង្កហានិភ័យបាក់រលំជញ្ជាំងកំពែងកាន់តែខ្លាំង និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។ ដូច្នេះហើយទើបនាយកដ្ឋានសម្រេចចិត្តជួសជុលជាបន្ទាន់។

លោក សុខនី បន្តទៀតថា ការជួសជុលកំពែងប្រាសាទបន្ទាយក្តីនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៧នេះហើយ ដែលនេះជាការជួសជុលលើកទី២ បន្ទាប់ពីបារាំងជួសជុលនាទសវត្សឆ្នាំ១៩៥០ ដោយប្រើស៊ីម៉ង់ត៍ដើម្បីបិទភ្ជិតថ្មបាយក្រៀមឱ្យជាប់គ្នា។ រីឯការជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា គឺអនុវត្តតាមបច្ចេកទេសនិងវត្ថុធាតុដើមពីបុរាណដែលមានក្នុងស្រុក ដោយចាប់ផ្តើមពង្រឹងបាតគ្រឹះស្រទាប់ទី១ ទី២ ទី៣ឱ្យមាំតាមរយៈការយកថ្មថ្មីមកប្រើជំនួសថ្មពុកផុយ ឯថ្មចាស់ខ្លះដែលនៅប្រើការបាន ក៏ត្រូវបានយកមកប្រើវិញដែរ។ ក្រុមការងារបានរៀបថ្មទៅវិញដោយបិទភ្ជិតបាតក្រោមឱ្យជិតល្អ មិនឱ្យទឹកជ្រាបចូល ដោយប្រើបាយអដែលផ្សំពីកម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូក និងកាវសម្រាប់ប្រើក្នុងការអភិរក្ស ដែលធានាបានមិនបង្កផលប៉ះពាល់ដល់សំណង់។ ក្រៅពីនោះថ្មនីមួយៗ ក៏មានធ្នាក់សម្រាប់ទាក់គ្នាទៅវិញទៅមក ធានាបាននូវភាពរឹងមាំ ជាប់ល្អ ហើយថ្មទាំងនោះក៏រៀបត្រូវតាមលំដាប់ និងទីតាំងដោយអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ។

អ្នកជំនាញរូបនេះជឿជាក់ខ្ពស់ថា ការជួសជុលតាមរបៀបបុរាណ ទាំងបច្ចេកទេសនិងសម្ភារៈ នឹងទទួលបានលទ្ធផលនិងគុណភាពល្អជាប់បានយូរដូចបុរាណដែរ ហើយក្រោយពីបញ្ចប់ការជួសជុលនៅកំពែងប្រាសាទបន្ទាយក្តី ជ្រុងពាយ័ព្យ នាយកដ្ឋានអភិរក្សក្នុងឧទ្យាន ក៏មានគម្រោងជួសជុលនៅទីតាំងផ្សេងៗនៃកំពែងនិងតួប្រាសាទផងដែរ ព្រោះវាមានសភាពទ្រុឌទ្រោមខ្លាំងច្រើនកន្លែង ដែលទាមទារឱ្យមានការសង្គ្រោះបន្ទាន់៕






















នាពេលបច្ចុប្បន្ន ពិសេសក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្ដៅខ្លាំង ដែលនេះជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ អាជ្ញាធរជាតិអប្សរាពិតជាមានការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅទាំងអស់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងចំពោះសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ស្ដីពីស្ថានភាពអាកាសធាតុ និងវិធានការការពារដែលមានខ្លឹមសារដូចខាងក្រោមរួមជាមួយនឹងរូបភាព៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0123
ម្សិលមិញ
:
2492
សប្តាហ៍នេះ
:
10619
ខែនេះ
:
0134099
សរុប
:
002945018