ព័ត៌មានថ្មីៗ

កំពែងប្រាសាទបន្ទាយក្តីជ្រុងពាយ័ព្យត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុល

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2017 10:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងថ្មបាយក្រៀមប្រាសាទបន្ទាយក្តីនាជ្រុងពាយ័ព្យ បណ្តោយប្រវែង៥.៥០ម៉ែត្រ កម្ពស់៣.៧០ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។ ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកតម្លៃមរតកវប្បធម៌ជាតិ រក្សាសោភ័ណភាព និងអភិរក្សសំណង់ឱ្យនៅគង់វង្សយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។

លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឱ្យដឹងថា កំពែងប្រាសាទបន្ទាយក្តីត្រង់ជ្រុងពាយ័ព្យនេះ ចាប់ផ្តើមជួសជុលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីធ្វើកំណាយរកឃើញថាបាតគ្រឹះក្រោមពុកផុយមិនអាចទ្រទម្ងន់ថ្មពីលើបាន។ មួយទៀត ជញ្ជាំងកំពែងនេះក៏ទ្រេតដួលទៅខាងជើងមួយផ្នែកទៀតផង ដែលអាចបង្កហានិភ័យបាក់រលំជញ្ជាំងកំពែងកាន់តែខ្លាំង និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។ ដូច្នេះហើយទើបនាយកដ្ឋានសម្រេចចិត្តជួសជុលជាបន្ទាន់។

លោក សុខនី បន្តទៀតថា ការជួសជុលកំពែងប្រាសាទបន្ទាយក្តីនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៧នេះហើយ ដែលនេះជាការជួសជុលលើកទី២ បន្ទាប់ពីបារាំងជួសជុលនាទសវត្សឆ្នាំ១៩៥០ ដោយប្រើស៊ីម៉ង់ត៍ដើម្បីបិទភ្ជិតថ្មបាយក្រៀមឱ្យជាប់គ្នា។ រីឯការជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា គឺអនុវត្តតាមបច្ចេកទេសនិងវត្ថុធាតុដើមពីបុរាណដែលមានក្នុងស្រុក ដោយចាប់ផ្តើមពង្រឹងបាតគ្រឹះស្រទាប់ទី១ ទី២ ទី៣ឱ្យមាំតាមរយៈការយកថ្មថ្មីមកប្រើជំនួសថ្មពុកផុយ ឯថ្មចាស់ខ្លះដែលនៅប្រើការបាន ក៏ត្រូវបានយកមកប្រើវិញដែរ។ ក្រុមការងារបានរៀបថ្មទៅវិញដោយបិទភ្ជិតបាតក្រោមឱ្យជិតល្អ មិនឱ្យទឹកជ្រាបចូល ដោយប្រើបាយអដែលផ្សំពីកម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូក និងកាវសម្រាប់ប្រើក្នុងការអភិរក្ស ដែលធានាបានមិនបង្កផលប៉ះពាល់ដល់សំណង់។ ក្រៅពីនោះថ្មនីមួយៗ ក៏មានធ្នាក់សម្រាប់ទាក់គ្នាទៅវិញទៅមក ធានាបាននូវភាពរឹងមាំ ជាប់ល្អ ហើយថ្មទាំងនោះក៏រៀបត្រូវតាមលំដាប់ និងទីតាំងដោយអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ។

អ្នកជំនាញរូបនេះជឿជាក់ខ្ពស់ថា ការជួសជុលតាមរបៀបបុរាណ ទាំងបច្ចេកទេសនិងសម្ភារៈ នឹងទទួលបានលទ្ធផលនិងគុណភាពល្អជាប់បានយូរដូចបុរាណដែរ ហើយក្រោយពីបញ្ចប់ការជួសជុលនៅកំពែងប្រាសាទបន្ទាយក្តី ជ្រុងពាយ័ព្យ នាយកដ្ឋានអភិរក្សក្នុងឧទ្យាន ក៏មានគម្រោងជួសជុលនៅទីតាំងផ្សេងៗនៃកំពែងនិងតួប្រាសាទផងដែរ ព្រោះវាមានសភាពទ្រុឌទ្រោមខ្លាំងច្រើនកន្លែង ដែលទាមទារឱ្យមានការសង្គ្រោះបន្ទាន់៕






















ក្រោយពិធីចេញវស្សាមួយថ្ងៃ គឺចំថ្ងៃ១រោចខែអស្សុជ វត្តអារញ្ញសាគរដែលស្ថិតនៅតាមខាងកើតស្ទឹងសៀមរាប និងជាវត្តចុងក្រោយបង្អស់តាមបណ្តោយស្ទឹងសៀមរាបមុននឹងដល់បឹងទន្លេសាប តែងប្រារព្ធពិធីបុណ្យដ៏អឹកធឹកមួយជារៀងរាល់ឆ្នាំមិនដែលខាន នោះគឺ ពិធីបុណ្យបណ្តែតប្រទីប។ ពិធីបុណ្យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ជាពិសេសគឺយុវជន។
ប្រាសាទបន្ទាយស្រី មិនដឹងថាមានឈ្មោះដើមថាដូចម្តេចទេ។ តាមរយៈសិលាចារឹកប្រាសាទនេះសរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧នៃគស ក្នុងរាជការព្រះបាទរាជេន្រ្ទវរ្ម័ន ដើម្បីឧទ្ទិសដល់ព្រះឥសូរនៃសាសានាព្រាហ្មណ៍ នៅក្នុងស្រុកមួយដែលមានឈ្មោះ «ស្រីឦស្វរបុរ» ប្រែថា "បុរីដែលជាទីឋានរបស់ឥសូរ"។
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាចុះបណ្តុះបណ្តាលដល់អាជីវករផ្សារឡាក់ (ស្រះស្រង់ខាងជើង) អំពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ តាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ។
ស្ត្រីទើបឆ្លងទន្លេរួចចំនួន៣០គ្រួសារនៅឃុំស្វាយដូនកែវ ស្រុកពួក និងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ។ សម្ភារៈទ្រទ្រង់សុខុមាលភាពម្តាយ និងទារកដែលចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចនោះ មាន ដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង និងខោអាវទារក ។
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
8653
ម្សិលមិញ
:
18212
សប្តាហ៍នេះ
:
08653
ខែនេះ
:
0228628
សរុប
:
005567208