ព័ត៌មានថ្មីៗ

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 29 ខែ មេសា ឆ្នាំ2017 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដំណើរការសាងសង់ស្ពានអណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះ នៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះនឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។

សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។

ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕




























នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8506
ម្សិលមិញ
:
7620
សប្តាហ៍នេះ
:
49161
ខែនេះ
:
0143840
សរុប
:
012913272