ព័ត៌មានថ្មីៗ

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ

បានផ្សាយនៅ ថ្ងៃទី 29 ខែ មេសា ឆ្នាំ2017 01:58 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដំណើរការសាងសង់ស្ពានអណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះ នៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះនឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។

សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។

ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕




























ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាស័ង្គសីចំនួន២០សន្លឹក ទៅឧបត្ថម្ភជូនគ្រួសារទីទ័លក្រសម្រាប់ប្រក់ដំបូលរោងបាយនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូប រួមទាំងមន្រ្តីអាជ្ញាធរជាតិអប្សរាផង បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅទីក្រុងម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន។
តំបន់អង្គរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ថា មានទំហំ៤០១គីឡូម៉ែត្រក្រឡា ប៉ុន្តែបើផ្អែកទៅលើសំណល់បុរាណវិទ្យានិងស្លាកស្នាមប្រវត្តិសាស្រ្តនៃអាណាចក្រខ្មែរ ឲ្យយើងដឹងថាអារ្យធម៌អង្គរមានវិសាលភាពដ៏ធំធេងហួសពីព្រំដែនកំណត់នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
0347
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
20535
ខែនេះ
:
0338660
សរុប
:
013320974