NEWS

Ceramics studies provide more data about ancient society

Published on 27 April 2017 10:55 AM Post By ៖ Apsara National Authority

តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។

បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ Australian National University លោក TSE SIANG LIM ដែលបានចុះធ្វើការស្រាវជ្រាវដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក៏បានចាប់អារម្មណ៍និងផ្តោតការស្រាវជ្រាវលើបញ្ហាកុលាលភាជន៍នេះដែរ។ កិច្ចការស្រាវជ្រាវរបស់លោកបានធ្វើឡើងតាមរយៈគម្រោងស្រាវជ្រាវមួយ ដែលមានឈ្មោះថា គម្រោងស្រាវជ្រាវអំពីវិសាលភាពអង្គរ (The Greater Angkor Project) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យស៊ីដនីនៃប្រទេសអូស្ត្រាលី។

ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក TSE SIANG LIM បញ្ជាក់ថា ទិន្នន័យដែលលោកទទួលបានពីការសិក្សាកុលាលភាជន៍ ដែលបានពីកំណាយនៅស្ថានីយព្រៃក្មេង និងភូមិល្វា នៅក្នុងស្រុកពួកខេត្តសៀមរាប និងភូមិសូភីដែលស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម អាចជួយឲ្យលោកយល់ដឹងអំពីការប្រែប្រួលនៃសង្គមមនុស្សក្នុងសម័យបុរេប្រវត្តិបានច្រើន។

ជាក់ស្តែង លទ្ធផលកំណាយលើផ្នូរដែលស្ថិតនៅក្នុងយុគសម័យលង្ហិន (Bronze Age: 1000-500BC) បង្ហាញថាមានកុលាលភាជន៍តិចតួចជាងផ្នូរក្នុងយុគសម័យដែក (Iron Age: 500BC-1000AD)។ នេះបញ្ជាក់ថា សង្គមមនុស្សក្នុងយុគសម័យដែកមានការរីកចម្រើនកាន់តែច្រើន។ លោក TSE SIANG LIM ក៏បញ្ជាក់ដែរ វត្តមានកុលាលភាជន៍ក្នុងផ្នូរថែមទាំងជួយប្រាប់យើងអំពីការបែងចែកសង្គមអ្នកធូរធារ និងអ្នកក្រីក្រផងដែរ ដូចជា ក្នុងផ្នូរខ្លះមានកុលាលភាជន៍ច្រើន ប្រណីតៗ ជាងផ្នូរខ្លះទៀត ដែលស្ថិតនៅក្នុងសម័យកាលដូចគ្នា តែមានចំនួនកុលាលភាជន៍កប់ជាមួយតិចតួច និងមិនសូវល្អប្រណីត។

បទបង្ហាញនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ លោកគ្រូ នាង សុភាព ជាគ្រូបង្ហាត់នៅសាលាគរុកោលស្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលបានដឹកនាំគរុសិស្សប្រមាណជាង៣០រូបមកចូលរួមស្តាប់ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រចំពោះបទបង្ហាញនេះ។ លោកគ្រូជឿជាក់ថា គរុសិស្សរបស់លោកនឹងបានទទួលចំណេះដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងបន្តផ្ទេរចំណេះដឹងដល់សិស្សានុសិស្សក្រោយៗទៀត។ ជាមួយគ្នានេះ លោកគ្រូក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាបន្តរៀបចំបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវផ្សេងៗទៀត ដើម្បីបន្ថែមចំណេះដឹងដល់មហាជនទូទៅ។

កឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងទទួលបន្ទុកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា រាល់អ្នកស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរតែងតែតម្រូវឲ្យមានការផ្តល់ជូនរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងធ្វើបទបង្ហាញជាសាធារណៈចំពោះប្រធានបទណាដែលយល់ថា មានអត្ថប្រយោជន៍ច្រើនដល់អ្នកស្រាវជ្រាវ និងសាធារណជនជាប្រជាពលរដ្ឋខ្មែរ។ នេះជាកិច្ចសហការមួយដែលបានផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវផង ដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីផង៕














ការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹកនៅក្នុងរមណីយដ្ឋានអង្គរ ជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតប្រព័ន្ធលូ កុំឱ្យមានការកកស្ទះដោយសំរាម ស្តារកំណកដីដែលហូរចូលតាមទឹក និងជួសជុលលូដែលបាក់បែកខូចខាត។
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
0097
Yesterday
:
10457
This Week
:
20285
This Month
:
0338410
Total
:
013320724