ព័ត៌មានថ្មីៗ

អ្នកស្រាវជ្រាវយល់ថា បំណែកកុលាលភាជន៍ ផ្តល់នូវទិន្នន័យច្រើនអំពីសង្គមមនុស្សបុរាណ

បានផ្សាយនៅ ថ្ងៃទី 27 ខែ មេសា ឆ្នាំ2017 10:55 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។

បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ Australian National University លោក TSE SIANG LIM ដែលបានចុះធ្វើការស្រាវជ្រាវដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក៏បានចាប់អារម្មណ៍និងផ្តោតការស្រាវជ្រាវលើបញ្ហាកុលាលភាជន៍នេះដែរ។ កិច្ចការស្រាវជ្រាវរបស់លោកបានធ្វើឡើងតាមរយៈគម្រោងស្រាវជ្រាវមួយ ដែលមានឈ្មោះថា គម្រោងស្រាវជ្រាវអំពីវិសាលភាពអង្គរ (The Greater Angkor Project) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យស៊ីដនីនៃប្រទេសអូស្ត្រាលី។

ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក TSE SIANG LIM បញ្ជាក់ថា ទិន្នន័យដែលលោកទទួលបានពីការសិក្សាកុលាលភាជន៍ ដែលបានពីកំណាយនៅស្ថានីយព្រៃក្មេង និងភូមិល្វា នៅក្នុងស្រុកពួកខេត្តសៀមរាប និងភូមិសូភីដែលស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាដើម អាចជួយឲ្យលោកយល់ដឹងអំពីការប្រែប្រួលនៃសង្គមមនុស្សក្នុងសម័យបុរេប្រវត្តិបានច្រើន។

ជាក់ស្តែង លទ្ធផលកំណាយលើផ្នូរដែលស្ថិតនៅក្នុងយុគសម័យលង្ហិន (Bronze Age: 1000-500BC) បង្ហាញថាមានកុលាលភាជន៍តិចតួចជាងផ្នូរក្នុងយុគសម័យដែក (Iron Age: 500BC-1000AD)។ នេះបញ្ជាក់ថា សង្គមមនុស្សក្នុងយុគសម័យដែកមានការរីកចម្រើនកាន់តែច្រើន។ លោក TSE SIANG LIM ក៏បញ្ជាក់ដែរ វត្តមានកុលាលភាជន៍ក្នុងផ្នូរថែមទាំងជួយប្រាប់យើងអំពីការបែងចែកសង្គមអ្នកធូរធារ និងអ្នកក្រីក្រផងដែរ ដូចជា ក្នុងផ្នូរខ្លះមានកុលាលភាជន៍ច្រើន ប្រណីតៗ ជាងផ្នូរខ្លះទៀត ដែលស្ថិតនៅក្នុងសម័យកាលដូចគ្នា តែមានចំនួនកុលាលភាជន៍កប់ជាមួយតិចតួច និងមិនសូវល្អប្រណីត។

បទបង្ហាញនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ លោកគ្រូ នាង សុភាព ជាគ្រូបង្ហាត់នៅសាលាគរុកោលស្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលបានដឹកនាំគរុសិស្សប្រមាណជាង៣០រូបមកចូលរួមស្តាប់ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រចំពោះបទបង្ហាញនេះ។ លោកគ្រូជឿជាក់ថា គរុសិស្សរបស់លោកនឹងបានទទួលចំណេះដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងបន្តផ្ទេរចំណេះដឹងដល់សិស្សានុសិស្សក្រោយៗទៀត។ ជាមួយគ្នានេះ លោកគ្រូក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាបន្តរៀបចំបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវផ្សេងៗទៀត ដើម្បីបន្ថែមចំណេះដឹងដល់មហាជនទូទៅ។

កឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងទទួលបន្ទុកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា រាល់អ្នកស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរតែងតែតម្រូវឲ្យមានការផ្តល់ជូនរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងធ្វើបទបង្ហាញជាសាធារណៈចំពោះប្រធានបទណាដែលយល់ថា មានអត្ថប្រយោជន៍ច្រើនដល់អ្នកស្រាវជ្រាវ និងសាធារណជនជាប្រជាពលរដ្ឋខ្មែរ។ នេះជាកិច្ចសហការមួយដែលបានផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវផង ដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីផង៕














បន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បន្តប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលេីខ្លឹមសារ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើ។
ផ្លូវចូលនិងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើងទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតជាខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញចូល។
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់ គឺដើម្បីពិនិត្យ តាមដាន និងសុំយោបល់សម្រេចជារួមលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8467
ម្សិលមិញ
:
7620
សប្តាហ៍នេះ
:
49122
ខែនេះ
:
0143801
សរុប
:
012913233