ព័ត៌មានថ្មីៗ

លោកតា សុត ជុយ អ្នកស្រុកអង្គរស្រឡាញ់ការងារជួសជុលប្រាសាទ និងចង់ឲ្យកូនចៅបន្តការងារនេះ

បានផ្សាយនៅ ថ្ងៃទី 27 ខែ មេសា ឆ្នាំ2017 08:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។

មានសម្បុរស្រអែម សក់លាយសច្រើនសរសៃ លោកតា សុត ជុយ បច្ចុប្បន្នគឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ រយៈពេល៥ឆ្នាំមកហើយ ដែលលោកតាបានមកបំពេញការងារនៅប្រាសាទមេបុណ្យខាងលិច ក្រោយគម្រោងជួសជុលប្រាសាទបាពួន ត្រូវបានបញ្ចប់។

មានវ័យ៦១ឆ្នាំទៅហើយ តែលោកតា សុត ជុយ នៅតែមានកម្លាំងដាប់ថ្ម និងដោយភាពរហ័ស។ កំពុងដាប់ថ្មបណ្តើរ លោកតាបានរម្លឹកថា លោកធ្លាប់ធ្វើការក្នុងគម្រោងជួសជុលប្រាសាទបាពួនរយៈពេល១០ឆ្នាំ មុននឹងមកបំពេញការងារដូចគ្នានៅប្រាសាទមេបុណ្យខាងលិច។ លោកបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការងារជាកម្មករជួសជុលប្រាសាទនេះ លោកបានចេះជំនាញមួយចំនួន ដូចជា ដាប់ថ្ម ជាត់ដី និងរៀបសាបជាដើម។

មានកូន៨នាក់ក្នុងបន្ទុក លោកតា សុត ជុយ ជាអ្នកស្រុកនៅភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ លោកបានឲ្យដឹងទៀតថា លោកស្រឡាញ់ការងារដែលលោកកំពុងធ្វើសព្វថ្ងៃនេះណាស់។ លោកបន្តថា ទៅថ្ងៃខាងមុខ ក្រោយពេលលោកសម្រាកទៅ លោកចង់ឲ្យកូនចៅបន្តធ្វើការងារនេះពីលោក ព្រោះការងារជួសជុលប្រាសាទធ្វើឲ្យលោកមានអារម្មណ៍ថា ហាក់កំពុងជួយខ្មែរសាងសង់ប្រាសាទឡើងយ៉ាងដូច្នេះដែរ៕










“វប្បធម៌គឺជាសៀវភៅមួយក្បាល ដែលផ្ទុកដោយកំណត់ត្រាប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា និងប្រពៃណីរបស់យើង។ វិស័យទេសចរណ៍ គឺជាអ្នកបោះពុម្ព ដែលក្នុងនោះភ្ញៀវទេសចរគឺជាអ្នកអាន និងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកអត្ថាធិប្បាយ បកស្រាយសៀវភៅមួយក្បាលនេះ ឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍”។ នេះជាប្រសាសន៍របស់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៅសណ្ឋាគារសោមាទេវីអង្គរ។
ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។
តាមការស្រាវជ្រាវ ដំបូលរោងទងនៃប្រាសាទអង្គរវត្តទាំងអស់សុទ្ធតែមានពិតានឈើ ដែលបុព្វបុរសបានឆ្លាក់ក្បាច់ភ្ជាប់នឹងដំបូល ប៉ុន្តែពិតានទាំងនោះបានរបេះធ្លាក់ជាបន្តបន្ទាប់ដោយសារពេលវេលា និងអាយុកាលដ៏យូរលង់។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាពីទម្រង់នៃពិតានទាំងនោះឡើងវិញ តាមបំណែកដែលមាននៅសេសសល់ខ្លះ ហើយបានសហការជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើពិតានឈើថ្មីទៅជំនួសវិញ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សំណើឆ្លងយោបល់ដើម្បីបំពាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត បានទទួលការអនុម័តជាផ្លូវការហើយ។
ព្រៃឈើមានគុណសម្បត្តិច្រើនណាស់ សម្រាប់មនុស្សជាតិ បើទោះបីជាព្រៃឈើមិនមានដៃជើងជួយដោយផ្ទាល់ក៏ដោយ តែជួយដោយប្រយោល ជាពិសេសជាងនេះទៀតនោះ “ ព្រៃឈើក៏បានជួយទ្រទ្រង់ថែទាំដល់ប្រាង្គប្រាសាទនានាក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ”។ នេះបើតាមការលើឡើងរបស់ លោកបណ្ឌិត ថូម៉ាស វ័រសេដ ( THORMAS WARSCHEID) កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2745
ម្សិលមិញ
:
6621
សប្តាហ៍នេះ
:
32200
ខែនេះ
:
0190089
សរុប
:
014249944