ព័ត៌មានថ្មីៗ

លោកតា សុត ជុយ អ្នកស្រុកអង្គរស្រឡាញ់ការងារជួសជុលប្រាសាទ និងចង់ឲ្យកូនចៅបន្តការងារនេះ

បានផ្សាយនៅ ថ្ងៃទី 27 ខែ មេសា ឆ្នាំ2017 08:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។

មានសម្បុរស្រអែម សក់លាយសច្រើនសរសៃ លោកតា សុត ជុយ បច្ចុប្បន្នគឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ រយៈពេល៥ឆ្នាំមកហើយ ដែលលោកតាបានមកបំពេញការងារនៅប្រាសាទមេបុណ្យខាងលិច ក្រោយគម្រោងជួសជុលប្រាសាទបាពួន ត្រូវបានបញ្ចប់។

មានវ័យ៦១ឆ្នាំទៅហើយ តែលោកតា សុត ជុយ នៅតែមានកម្លាំងដាប់ថ្ម និងដោយភាពរហ័ស។ កំពុងដាប់ថ្មបណ្តើរ លោកតាបានរម្លឹកថា លោកធ្លាប់ធ្វើការក្នុងគម្រោងជួសជុលប្រាសាទបាពួនរយៈពេល១០ឆ្នាំ មុននឹងមកបំពេញការងារដូចគ្នានៅប្រាសាទមេបុណ្យខាងលិច។ លោកបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការងារជាកម្មករជួសជុលប្រាសាទនេះ លោកបានចេះជំនាញមួយចំនួន ដូចជា ដាប់ថ្ម ជាត់ដី និងរៀបសាបជាដើម។

មានកូន៨នាក់ក្នុងបន្ទុក លោកតា សុត ជុយ ជាអ្នកស្រុកនៅភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ លោកបានឲ្យដឹងទៀតថា លោកស្រឡាញ់ការងារដែលលោកកំពុងធ្វើសព្វថ្ងៃនេះណាស់។ លោកបន្តថា ទៅថ្ងៃខាងមុខ ក្រោយពេលលោកសម្រាកទៅ លោកចង់ឲ្យកូនចៅបន្តធ្វើការងារនេះពីលោក ព្រោះការងារជួសជុលប្រាសាទធ្វើឲ្យលោកមានអារម្មណ៍ថា ហាក់កំពុងជួយខ្មែរសាងសង់ប្រាសាទឡើងយ៉ាងដូច្នេះដែរ៕










តំបន់អង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃនិងជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានហើយ ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបីនិងអរូបីផងដែរ។ វត្តមានរួមគ្នានេះ ធ្វើឱ្យអង្គរនៅតែជាដួងព្រលឹងដ៏ស័ក្តិសិទ្ធិរបស់កូនខ្មែរមិនសាបសូន្យ។ ទំនៀមទម្លាប់ ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃនិងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះ។
ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសផ្នែកអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
ប្រឡាយនៅតាមប្រាសាទមានទំហំតូចៗ ដោយសារមិនអាចធ្វើធំពេកបាន។ ធ្វើធំមិនបាន ដោយសារម្យ៉ាងធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ ហើយម្យ៉ាងទៀត អាចធ្វើឲ្យប៉ះពាល់គ្រឹះប្រាសាទដែរ។ តែប្រឡាយតូចៗងាយនឹងកកស្ទះដោយសំរាម និងដីដែលហូរចូលពេលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានការងារជាប្រចាំលើការងារថែទាំ និងស្តារសម្អាតប្រឡាយជុំវិញប្រាសាទក្នុងតំបន់អង្គរ។
ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
2324
ម្សិលមិញ
:
6621
សប្តាហ៍នេះ
:
31779
ខែនេះ
:
0189668
សរុប
:
014249523