ព័ត៌មានថ្មីៗ

អ្នកជំនាញរៀបចំកាត់ក្រី និងព្យាបាលដើមឈើទាលដែលមានអាយុកាលជាង១០០ឆ្នាំជាប់ប្រាសាទបាយ័ន

បានផ្សាយនៅ ថ្ងៃទី 20 ខែ មេសា ឆ្នាំ2017 02:33 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើមឈើទាលមួយដើមធំ ដែលមានអាយុកាលប្រហែលជាង១០០មួយឆ្នាំ ដុះជាប់នឹងបរិវេណប្រាសាទបាយ័ន ជ្រុងពាយព្យ ត្រូវបានរន្ទះបាញ់កាលពីជាង១០ឆ្នាំមុន ហើយកំពុងតែស្ថិតនៅក្នុងសភាពពុកផុយដោយអន្លើ។ អ្នកជំនាញគ្រប់គ្រងព្រៃនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកខាងលើបញ្ជៀសការបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងព្យាបាលដើមឈើទាលនេះ តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧មក។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំការងារនេះបញ្ជាក់ថា ការកាត់ក្រី និងព្យាបាលដើមឈើក្នុងរមណីយដ្ឋានអង្គរ គឺជាភារកិច្ច ដែលក្រុមការងាររបស់លោកតែងធ្វើជាប្រចាំ។ ដោយឡែក ដើមឈើទាលមួយដើមធំនេះ ក្រុមការងាររបស់លោកបានសង្កេតឃើញថា ដើមរបស់វាបានពុក និងប្រហោងខាងក្នុងដោយកន្លែង ហើយមែកមួយចំនួនក៏ងាប់ ដែលអាចនឹងបាក់ធ្លាក់បង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

លោក សូវ៉ាត បន្ថែមថា ក្រៅពីកាត់មែកដើម្បីសម្រាលទម្ងន់ដើម ក្រុមការងារលោកក៏នឹងព្យាបាលដើមឈើទាលមួយដើមនេះឲ្យអស់លទ្ធភាព ដើម្បីឲ្យដុះសាច់ថ្មី ព្រោះដើមឈើទាលដ៏ធំនេះ មានអាយុកាល យូរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកបន្តថា ដោយសារដើមឈើទាលនេះមានកម្ពស់ដល់ទៅជាង៤០ម៉ែត្រ ក្រុមការងារត្រូវចំណាយរៀបចំរន្ទាយូរ ហើយគ្រោងនឹងចាប់ផ្តើមកាត់ក្រីនៅចុងខែមេសានេះ។

សូមបញ្ជាក់ថា ព្រៃឈើគឺជាធាតុដ៏សំខាន់មួយនៃបេតិកភណ្ឌអង្គរ ក្នុងចំណោមធាតុសំខាន់ទាំងបីគឺ ប្រាសាទ បរិស្ថាន(ព្រៃឈើនិងទឹក) និងសហគមន៍។ ព្រៃឈើក្នុងតំបន់អង្គរអាចជួយស្រូបទឹកភ្លៀងនិងផ្តល់សំណើមដល់គ្រឹះប្រាសាទ ជួយការពារខ្យល់ព្យុះមិនឲ្យបោកបក់ខ្លាំងប៉ះពាល់ប្រាសាទ និងបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតដល់ប្រាសាទផងដែរ។ បច្ចុប្បន្ន ព្រៃឈើក្នុងរមណីយដ្ឋានអង្គរមានប្រហែល១៥%នៃផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡានៃរមណីយដ្ឋានអង្គរ។ ក្នុងឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើថែមក្នុងផ្ទៃដីទំនេរបានចំនួនជាង៦ម៉ឺនដើម និងកំពុងបន្តដាំថែមទៀតលើផ្ទៃដីទំនេរនៃរមណីយដ្ឋានអង្គរទាំងមូល៕










រូបថតស្តីពីទេសភាពនៃភ្នំហ័ងសាន នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០ផ្ទាំង ត្រូវបានដាក់តាំងបង្ហាញភ្ញៀវជាតិ និងអន្តរជាតិទស្សនា ក្នុងមជ្ឈមណ្ឌលស្វាគមន៍ភ្ញៀវចូលទៅទស្សនាប្រាសាទបន្ទាយស្រីរយៈពេល២ខែ។ ពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើងតែមួយថ្ងៃបន្ទាប់ពីអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋានហ័ងសាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងរមណីយដ្ឋានពិភពលោកទាំងពីរ គឺអង្គរ និងភ្នំហ័ងសាន។
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី០១ ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី៤ប្រចាំក្រុងសៀមរាបដឹកនាំដោយលោក លឹម អួក និងលោក ព្រីម វីរៈ តំណាង ឯកឧត្ដម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ព្រមទាំងថវិកាមួយចំនួនទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន២៥គ្រួសារនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគងនិងសាលាសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពីដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងស្ថាប័នគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាននៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈកាលជាងមួយឆ្នាំកន្លងមក សម្ព័ន្ធភាពនៃរមណីយដ្ឋានទាំងពីរបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៤ រូប ដឹកនាំដោយឯកឧត្តម ឈូ ទុងយូ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបំពេញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5082
ម្សិលមិញ
:
9156
សប្តាហ៍នេះ
:
44583
ខែនេះ
:
0214029
សរុប
:
004754627