ព័ត៌មានថ្មីៗ

គណៈប្រតិភូអាជ្ញាធរជាតិអប្សរាបញ្ចប់ទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រង ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅសាធារណរដ្ឋកូរ៉េ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មេសា ឆ្នាំ2017 09:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រង ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងចូលរួមប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេសនិងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងឧទ្យានអង្គរជាលើកទី២នៅសាធារណរដ្ឋកូរ៉េរយៈពេល១៤ថ្ងៃ បានបញ្ចប់ហើយនារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការមូលនិធិមរតកវប្បធម៌កូរ៉េ KCHF (Korea cultural Heritage foundation)។

ពិធីបិទវគ្គសិក្សានេះអញ្ចើញចូលរួមពីសំណាក់លោក LEE Hyang Soo ប្រធានស្តីទីមូលនិធិមរតកវប្បធម៌កូរ៉េ (KCHF) លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការ មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងក្រុមការងាររបស់ KCHF។

ដំណើរទស្សនកិច្ចរយៈពេល១៤ថ្ងៃបានទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ សារមន្ទីរ បូជនីយដ្ឋាន ការដ្ឋានកំណាយជាច្រើនដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាសម្បត្តិវប្បធម៌មនុស្សជាតិដោយអង្គការយូណេស្កូនៅក្នុងទីក្រុងសេអ៊ូលនិងបណ្តាខេត្តផ្សេងៗរបស់សាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះធ្វើឡើងក្នុងបំណងឱ្យអ្នកជំនាញអាជ្ញាធរជាតិអប្សរាគ្រប់ផ្នែកបានស្វែងយល់ពីប្រវត្តិសាស្ត្រកូរ៉េ ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវបុរាណវិទ្យា ការរៀបចំទេសភាពវប្បធម៌ ការរក្សាឯកសារ ការរៀបចំពិរព័ណ៌ និងការលើកតម្លៃមរតកវប្បធម៌ដើម្បីជាព័ត៌មានបន្ថែមសម្រាប់យកមកបំពេញការងារជាប្រចាំនៅរមណីយដ្ឋានអង្គរ។

លោក LEE Hyang Soo បានថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាជាលើកទី២នៃដំណើរទស្សនកិច្ចសិក្សានេះ ក៏ដូចជាគម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងKCHFលើការជួសជុលនិងអភិរក្សក្រុមប្រាសាទព្រះពិធូដែលដំណើរការបានយ៉ាងល្អប្រសើរ។

លោកបណ្ឌិត លី វណ្ណា ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នKCHFមកលើគណៈប្រតិភូអាជ្ញាធរជាតិអប្សរាកំឡុងពេលបំពេញទស្សនកិច្ចសិក្សា។ ទស្សនកិច្ចនេះជាឱកាសល្អសម្រាប់អ្នកជំនាញគ្រប់ផ្នែកបានដកស្រង់បទពិសោធន៍ការងារ របៀបគ្រប់គ្រងបេតិកភណ្ឌ ការជួសជុល ការអភិរក្សសំណង់ប្រាសាទបុរាណ និងយល់កាន់តែច្បាស់ពីវប្បធម៌ ការរស់នៅ ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្ត្រកូរ៉េផងដែរ។ អាជ្ញាធរជាតិអប្សរានឹងបន្តជួយជំរុញកិច្ចសហការជាមួយKCHF លើការងារអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូក្នុងតំបន់ឧទ្យានអង្គរឱ្យបានសម្រេចតាមគម្រោង។

កញ្ញា ហ៊ីង ស្រីរ័ត្ន បុគ្គលិកផ្សព្វផ្សាយបានលើកឡើងថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនេះ គឺការរៀបចំរមណីយដ្ឋានបេតិកភណ្ឌដែលលម្អទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង សណ្តាប់ធ្នាប់ ទិសដៅទស្សនា និងភាពសម្បូរនៃកន្លែងកម្សាន្តដែលទាក់ទាញបានទាំងអ្នកស្រាវជ្រាវ និងអ្នកមកកម្សាន្តឱ្យស្រឡះចិត្តគំនិត ព្រមទាំងបានស្វែងយល់ពីប្រវត្តិនៃរមតកវប្បធម៌ទាំងនោះផង។ រឿងមួយទៀត គឺការផ្សព្វផ្សាយពីបេតិកភណ្ឌទៅកាន់សាធារណជនបានទូលំទូលាយ តាមរយៈបច្ចេកវិទ្យាទំនើប ក៏ដូចជាអប់រំចិត្តគំនិតដល់មនុស្សជំនាន់ក្រោយឱ្យបានស្គាល់ និងចេះស្រឡាញ់តាំងពីតូចៗ។

លោក សយ សុភារិន្ទ ប្រធានអភិរក្សប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានចាប់អារម្មណ៍លើការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅប្រទេសកូរ៉េគឺមានបច្ចេកទេសខ្ពស់ បុគ្គលិកមានជំនាញវិជ្ជាជីវៈ និងប្រើប្រាស់សម្ភារៈសមស្របទៅនឹងសំណង់ប្រាសាទ។ ម្យ៉ាងវិញទៀតគ្រប់តំបន់បេតិកភណ្ឌទាំងអស់មានការរៀបចំបានល្អពោរពេញទៅដោយធម្មជាតិគួរឱ្យចង់ទស្សនា។ នេះជាឱកាសល្អដែលបានមកទស្សនកិច្ច ក៏ដូចជាបានរៀនសូត្របន្ថែមនៅទីនេះលើកិច្ចការអភិរក្សនិងជួសជុលមរតកវប្បធម៌ បានទទួលបទពិសោធន៍ល្អៗលើការគ្រប់គ្រងបេតិកភណ្ឌនិងការរៀបចំទេសភាពវប្បធម៌បន្ថែមពីលើជំនាញការងារប្រចាំថ្ងៃនៅក្នុងតំបន់ឧទ្យានអង្គរ៕






































































































តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។
គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូររបស់មូលនិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និងKOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិកដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។
ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?
គម្រោងអភិរក្សអាឡឺម៉ង់-អប្សរា ដែលហៅកាត់ថា GACP (German Apsara Conservation Project) សហការជាមួយអង្គការយូណេស្កូប្រចាំកម្ពុជា នឹងប្រារព្ធខួប២០ឆ្នាំនៃកិច្ចការអភិរក្សអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា បន្ទាប់ពីកិច្ចប្រជុំពេញអង្គរនៃគណៈកម្មាធិការ ICC-Agnkor នាខែធ្នូខាងមុខនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1058
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
12609
ខែនេះ
:
0115481
សរុប
:
004220217