ព័ត៌មានថ្មីៗ

គណៈប្រតិភូអាជ្ញាធរជាតិអប្សរាបញ្ចប់ទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រង ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌នៅសាធារណរដ្ឋកូរ៉េ

បានផ្សាយនៅ ថ្ងៃទី 17 ខែ មេសា ឆ្នាំ2017 09:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រង ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងចូលរួមប្រជុំផ្លាស់ប្តូរយោបល់បច្ចេកទេសនិងបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវសម្រាប់គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរក្នុងឧទ្យានអង្គរជាលើកទី២នៅសាធារណរដ្ឋកូរ៉េរយៈពេល១៤ថ្ងៃ បានបញ្ចប់ហើយនារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការមូលនិធិមរតកវប្បធម៌កូរ៉េ KCHF (Korea cultural Heritage foundation)។

ពិធីបិទវគ្គសិក្សានេះអញ្ចើញចូលរួមពីសំណាក់លោក LEE Hyang Soo ប្រធានស្តីទីមូលនិធិមរតកវប្បធម៌កូរ៉េ (KCHF) លោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការ មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងក្រុមការងាររបស់ KCHF។

ដំណើរទស្សនកិច្ចរយៈពេល១៤ថ្ងៃបានទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ សារមន្ទីរ បូជនីយដ្ឋាន ការដ្ឋានកំណាយជាច្រើនដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាសម្បត្តិវប្បធម៌មនុស្សជាតិដោយអង្គការយូណេស្កូនៅក្នុងទីក្រុងសេអ៊ូលនិងបណ្តាខេត្តផ្សេងៗរបស់សាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះធ្វើឡើងក្នុងបំណងឱ្យអ្នកជំនាញអាជ្ញាធរជាតិអប្សរាគ្រប់ផ្នែកបានស្វែងយល់ពីប្រវត្តិសាស្ត្រកូរ៉េ ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវបុរាណវិទ្យា ការរៀបចំទេសភាពវប្បធម៌ ការរក្សាឯកសារ ការរៀបចំពិរព័ណ៌ និងការលើកតម្លៃមរតកវប្បធម៌ដើម្បីជាព័ត៌មានបន្ថែមសម្រាប់យកមកបំពេញការងារជាប្រចាំនៅរមណីយដ្ឋានអង្គរ។

លោក LEE Hyang Soo បានថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាជាលើកទី២នៃដំណើរទស្សនកិច្ចសិក្សានេះ ក៏ដូចជាគម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងKCHFលើការជួសជុលនិងអភិរក្សក្រុមប្រាសាទព្រះពិធូដែលដំណើរការបានយ៉ាងល្អប្រសើរ។

លោកបណ្ឌិត លី វណ្ណា ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នKCHFមកលើគណៈប្រតិភូអាជ្ញាធរជាតិអប្សរាកំឡុងពេលបំពេញទស្សនកិច្ចសិក្សា។ ទស្សនកិច្ចនេះជាឱកាសល្អសម្រាប់អ្នកជំនាញគ្រប់ផ្នែកបានដកស្រង់បទពិសោធន៍ការងារ របៀបគ្រប់គ្រងបេតិកភណ្ឌ ការជួសជុល ការអភិរក្សសំណង់ប្រាសាទបុរាណ និងយល់កាន់តែច្បាស់ពីវប្បធម៌ ការរស់នៅ ទំនៀមទម្លាប់ ប្រពៃណី ប្រវត្តិសាស្ត្រកូរ៉េផងដែរ។ អាជ្ញាធរជាតិអប្សរានឹងបន្តជួយជំរុញកិច្ចសហការជាមួយKCHF លើការងារអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូក្នុងតំបន់ឧទ្យានអង្គរឱ្យបានសម្រេចតាមគម្រោង។

កញ្ញា ហ៊ីង ស្រីរ័ត្ន បុគ្គលិកផ្សព្វផ្សាយបានលើកឡើងថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនេះ គឺការរៀបចំរមណីយដ្ឋានបេតិកភណ្ឌដែលលម្អទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង សណ្តាប់ធ្នាប់ ទិសដៅទស្សនា និងភាពសម្បូរនៃកន្លែងកម្សាន្តដែលទាក់ទាញបានទាំងអ្នកស្រាវជ្រាវ និងអ្នកមកកម្សាន្តឱ្យស្រឡះចិត្តគំនិត ព្រមទាំងបានស្វែងយល់ពីប្រវត្តិនៃរមតកវប្បធម៌ទាំងនោះផង។ រឿងមួយទៀត គឺការផ្សព្វផ្សាយពីបេតិកភណ្ឌទៅកាន់សាធារណជនបានទូលំទូលាយ តាមរយៈបច្ចេកវិទ្យាទំនើប ក៏ដូចជាអប់រំចិត្តគំនិតដល់មនុស្សជំនាន់ក្រោយឱ្យបានស្គាល់ និងចេះស្រឡាញ់តាំងពីតូចៗ។

លោក សយ សុភារិន្ទ ប្រធានអភិរក្សប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានចាប់អារម្មណ៍លើការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅប្រទេសកូរ៉េគឺមានបច្ចេកទេសខ្ពស់ បុគ្គលិកមានជំនាញវិជ្ជាជីវៈ និងប្រើប្រាស់សម្ភារៈសមស្របទៅនឹងសំណង់ប្រាសាទ។ ម្យ៉ាងវិញទៀតគ្រប់តំបន់បេតិកភណ្ឌទាំងអស់មានការរៀបចំបានល្អពោរពេញទៅដោយធម្មជាតិគួរឱ្យចង់ទស្សនា។ នេះជាឱកាសល្អដែលបានមកទស្សនកិច្ច ក៏ដូចជាបានរៀនសូត្របន្ថែមនៅទីនេះលើកិច្ចការអភិរក្សនិងជួសជុលមរតកវប្បធម៌ បានទទួលបទពិសោធន៍ល្អៗលើការគ្រប់គ្រងបេតិកភណ្ឌនិងការរៀបចំទេសភាពវប្បធម៌បន្ថែមពីលើជំនាញការងារប្រចាំថ្ងៃនៅក្នុងតំបន់ឧទ្យានអង្គរ៕






































































































នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាអំពីសកម្មភាពសាងសង់សំណង់ ដីចាក់បំពេញខុសច្បាប់នានាដែលកើតមានក្នុងរមណីយដ្ឋានអង្គរនាពេលថ្មីៗនេះ និងវិធានការរុះរើនាពេលខាងមុខដ៏ខ្លី។
ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ដើម្បីជំរុញការយល់ដឹងជាសាធារណ: និងបង្កើតអនុស្សាវរីយ៍ក្នុងឱកាសសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ប្រព្រឹត្តនាថ្ងៃទី១១-១៦ ខែមិថុនា ឆ្នាំ២០១៧ ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍រៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាការពារក្នុងនាមជាអ្នករស់នៅផ្ទាល់ជាមួយបេតិកភណ្ឌអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ចុះផ្សព្វផ្សាយអំពីការងារអភិរក្សបេតិកភណ្ឌអង្គរជូនប្រជាពលរដ្ឋជាប្រចាំរៀងរាល់ថ្ងៃទាំង១១២ភូមិក្នុងរមណីយដ្ឋានអង្គរ។
ក្នុងកំឡុងពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សកម្មភាពរំលោភសាងសង់ ចាក់ដីបំពេញខុសច្បាប់ក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុកបង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ ក៏ដូចជាកិច្ចការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនិងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លានៃកម្ពុជា។ តំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខ០០១នស ស្តីពីការកំណត់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប អង្គរ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ជាតំបន់គ្របដណ្តប់យ៉ាងច្រើនដោយប្រាសាទបុរាណ និងសំណល់បុរាណវិទ្យាដែលចាំបាច់ត្រូវការពារក្នុងកម្រឹតខ្ពស់បំផុត។ គួរកត់សម្គាល់ថា ព្រះរាជក្រឹត្យលេខ០០១នស គឺជាព្រះរាជក្រឹត្យដំបូងបង្អស់ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាថ្មីម្តងទៀតនៅឆ្នាំ១៩៩៣។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1728
ម្សិលមិញ
:
8247
សប្តាហ៍នេះ
:
55917
ខែនេះ
:
0230671
សរុប
:
002752183