ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាអំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិនា ឆ្នាំ2017 01:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី២ ខែមីនា អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ឈានចូល២៥៦១។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។

សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំទី៥នេះនឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅរមណីយដ្ឋានអង្គរដែលជាដួងព្រលឹងជាតិខ្មែរដូចឆ្នាំកន្លងមក។ យោងតាមបទបង្ហាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា២៥កម្មវិធីធំៗដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងកម្មវិធីសប្បាយផ្សេងៗ។ ជាពិសេសជាងនេះទៅទៀត បង្ហាញពីប្រវត្តិមួយសតវត្ស និងការប្រែប្រួលនៃរបាំព្រះរាជទ្រព្យ ដែលជាស្ថាព្រះហស្ថរបស់     សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ចាប់ពីឆ្នាំ១៩០៦ដល់២០១៦។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្តដែលបានទទួលជោគជ័យជាបន្តបន្ទាប់មកនេះ ពិតណាស់ គឺបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបន្ថែមថា “អង្គរសង្ក្រានជារបស់ប្រជាជនខ្មែរទាំងអស់គ្នា មិនមែនជារបស់ក្រុមការងារស.ស.យ.ក.តែឯងនោះទេ គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ ស្នាមញញឹមនិងស្មារតីរួបរួមនៃមហាគ្រួសារខ្មែរ។ ដូច្នេះហើយ យើងពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយផង ឆ្លុះបញ្ចាំងអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរផង”។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា “អាជ្ញាធរជាតិអប្សរារីករាយនឹងគាំទ្រ និងសហការយ៉ាងពេញទំហឹង ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ព្រោះនេះជាព្រឹត្តិការណ៍មានលក្ខណៈវប្បធម៌និងប្រពៃណី ដែលស្របនឹងគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស។ ម្យ៉ាងវិញទៀតនោះ ព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យកិត្តិសព្ទរបស់អង្គរកាន់តែល្បីល្បាញ ដែលនេះជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ”។

ឯកឧត្តមអគ្គនាយកក៏បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរជាតិអប្សរា ដូចជាបានបង្កើតក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូល ទទួលបន្ទុករ៉ាប់រងទាំងស្រុងក្នុងការរៀបចំកម្មវិធីនិមិ្មតភូមិ និងភូមិខ្ញុំ ផ្តល់សេវាទឹកស្អាត កាត់ក្រីមែកឈើបង្ការគ្រោះថ្នាក់ បន្ថែមធុងសំរាមតាមទីកន្លែងនានាក្នុងបរិវេណព្រឹត្តិការណ៍ និងប្រាង្គប្រាសាទ ព្រមទាំងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏បានស្នើសុំសហភាពសហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលនោះផងដែរ៕










គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួន នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌាហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។
ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជាស័ង្គសីចំនួន២០សន្លឹក ទៅឧបត្ថម្ភជូនគ្រួសារទីទ័លក្រសម្រាប់ប្រក់ដំបូលរោងបាយនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0873
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
08783
ខែនេះ
:
0166672
សរុប
:
014226527