NEWS

APSARA Authority has a discussion with the Union of Youth Federations of Cambodia on preparation of Angkor Sankranta 2017

Published on 03 March 2017 01:44 PM Post By ៖ Apsara National Authority

នារសៀលថ្ងៃទី២ ខែមីនា អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ឈានចូល២៥៦១។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។

សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំទី៥នេះនឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅរមណីយដ្ឋានអង្គរដែលជាដួងព្រលឹងជាតិខ្មែរដូចឆ្នាំកន្លងមក។ យោងតាមបទបង្ហាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា២៥កម្មវិធីធំៗដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងកម្មវិធីសប្បាយផ្សេងៗ។ ជាពិសេសជាងនេះទៅទៀត បង្ហាញពីប្រវត្តិមួយសតវត្ស និងការប្រែប្រួលនៃរបាំព្រះរាជទ្រព្យ ដែលជាស្ថាព្រះហស្ថរបស់ សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ចាប់ពីឆ្នាំ១៩០៦ដល់២០១៦។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្តដែលបានទទួលជោគជ័យជាបន្តបន្ទាប់មកនេះ ពិតណាស់ គឺបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបន្ថែមថា “អង្គរសង្ក្រានជារបស់ប្រជាជនខ្មែរទាំងអស់គ្នា មិនមែនជារបស់ក្រុមការងារស.ស.យ.ក.តែឯងនោះទេ គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ ស្នាមញញឹមនិងស្មារតីរួបរួមនៃមហាគ្រួសារខ្មែរ។ ដូច្នេះហើយ យើងពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយផង ឆ្លុះបញ្ចាំងអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរផង”។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា “អាជ្ញាធរជាតិអប្សរារីករាយនឹងគាំទ្រ និងសហការយ៉ាងពេញទំហឹង ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ព្រោះនេះជាព្រឹត្តិការណ៍មានលក្ខណៈវប្បធម៌និងប្រពៃណី ដែលស្របនឹងគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស។ ម្យ៉ាងវិញទៀតនោះ ព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យកិត្តិសព្ទរបស់អង្គរកាន់តែល្បីល្បាញ ដែលនេះជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ”។

ឯកឧត្តមអគ្គនាយកក៏បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរជាតិអប្សរា ដូចជាបានបង្កើតក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូល ទទួលបន្ទុករ៉ាប់រងទាំងស្រុងក្នុងការរៀបចំកម្មវិធីនិមិ្មតភូមិ និងភូមិខ្ញុំ ផ្តល់សេវាទឹកស្អាត កាត់ក្រីមែកឈើបង្ការគ្រោះថ្នាក់ បន្ថែមធុងសំរាមតាមទីកន្លែងនានាក្នុងបរិវេណព្រឹត្តិការណ៍ និងប្រាង្គប្រាសាទ ព្រមទាំងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏បានស្នើសុំសហភាពសហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលនោះផងដែរ៕










“វប្បធម៌គឺជាសៀវភៅមួយក្បាល ដែលផ្ទុកដោយកំណត់ត្រាប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា និងប្រពៃណីរបស់យើង។ វិស័យទេសចរណ៍ គឺជាអ្នកបោះពុម្ព ដែលក្នុងនោះភ្ញៀវទេសចរគឺជាអ្នកអាន និងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកអត្ថាធិប្បាយ បកស្រាយសៀវភៅមួយក្បាលនេះ ឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍”។ នេះជាប្រសាសន៍របស់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៅសណ្ឋាគារសោមាទេវីអង្គរ។
ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។
តាមការស្រាវជ្រាវ ដំបូលរោងទងនៃប្រាសាទអង្គរវត្តទាំងអស់សុទ្ធតែមានពិតានឈើ ដែលបុព្វបុរសបានឆ្លាក់ក្បាច់ភ្ជាប់នឹងដំបូល ប៉ុន្តែពិតានទាំងនោះបានរបេះធ្លាក់ជាបន្តបន្ទាប់ដោយសារពេលវេលា និងអាយុកាលដ៏យូរលង់។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាពីទម្រង់នៃពិតានទាំងនោះឡើងវិញ តាមបំណែកដែលមាននៅសេសសល់ខ្លះ ហើយបានសហការជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើពិតានឈើថ្មីទៅជំនួសវិញ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សំណើឆ្លងយោបល់ដើម្បីបំពាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត បានទទួលការអនុម័តជាផ្លូវការហើយ។
ព្រៃឈើមានគុណសម្បត្តិច្រើនណាស់ សម្រាប់មនុស្សជាតិ បើទោះបីជាព្រៃឈើមិនមានដៃជើងជួយដោយផ្ទាល់ក៏ដោយ តែជួយដោយប្រយោល ជាពិសេសជាងនេះទៀតនោះ “ ព្រៃឈើក៏បានជួយទ្រទ្រង់ថែទាំដល់ប្រាង្គប្រាសាទនានាក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ”។ នេះបើតាមការលើឡើងរបស់ លោកបណ្ឌិត ថូម៉ាស វ័រសេដ ( THORMAS WARSCHEID) កាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
8855
Yesterday
:
6621
This Week
:
38310
This Month
:
0196199
Total
:
014256054