ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាជួយផ្នែកបច្ចេកទេសក្នុងការជួសជុលវិហារបុរាណវត្តអារញ្ញសាគរ

បានផ្សាយនៅ ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ2017 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វិហារវត្តអារញ្ញសាគរ គឺជាសំណង់វិហារបុរាណមួយក្នុងចំណោមវិហារជាច្រើនទៀត ដែលមានទីតាំងតាមបណ្តោយស្ទឹងសៀមរាប។ តាមការបញ្ជាក់ពីអ្នកភូមិជិតនេះ វិហារវត្តអារញ្ញសាគរមានអាយុកាលជាង១០០ឆ្នាំ ហើយ ដែលស្ថានភាពសំណង់ទាំងមូលមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលជាបន្ទាន់។ ក្នុងបុព្វហេតុអភរិក្សសំណង់វិហារបុរាណ អាជ្ញាធរជាតិអប្សរាបានជួយលើផ្នែកបច្ចេកទេស ដើម្បីជួសជុលវិហារវត្តអារញ្ញសាគរ។

លោក ស៊ឹម ប៊ុនធឿន បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងដែនដី និងលំនៅឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា វិហារវត្តអារញ្ញសាគរគឺជាសំណង់មួយដែលមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេស ព្រោះវិហារនេះសង់ឡើងនៅលើខឿនមួយជាន់ ឯតួវិហារនិងសសរជុំវិញគឺកសាងពីឥដ្ឋតាន់។ ចំណែកសសរជុំវិញវិហារមានទម្រង់រមួល ហើយភាពរមួលនោះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលត្រូវបានរចនាដោយបុព្វបុរសខ្មែរ។ ជាងនេះទៅទៀតនោះ ភាពរមួលនៃសសរនីមួយៗ គឺមានភាពខុសៗគ្នាផងដែរ។

តាមលោក ប៊ុនធឿន បានលម្អិតពីទម្រង់នៃវិហារអារញ្ញទៀតថា សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញ គឺធ្វើពីឈើ ទៅតាមរចនាប័ទ្មខ្មែរសុទ្ធសាធ។ លោកបន្តថា ក្នុងដំណើរការជួសជុលសំណង់វិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឲ្យប្រាកដថា ការជួសជុលត្រូវគោរពតាមរូបដើមនៃវិហារនេះ។

លោក ប៊ុនធឿន ពន្យល់ថា៖« យើងជួសជុល ដើម្បីទុកជាមរតកទៅថ្ងៃក្រោយ តែការជួសជុលនេះ គឺធ្វើយ៉ាងណារក្សាទម្រង់ដើម ហើយជួសជុលតិចបំផុតតាមតែអាចធ្វើទៅបាន...»។ លោកបន្ថែមទៀតថា ដូចជាសសរនៃវិហារនេះ គឺគ្រាន់តែបកសំបកបាយក្រៀមដែលពុកផុយចេញ ហើយបូកស៊ីម៉ង់ថ្មីតែប៉ុណ្ណោះ។ ចំណែកដំបូលវិញ គឺត្រូវរៀបតាមលំនាំរចនាប័ទ្មដើម ហើយក្បឿងត្រូវដូរថ្មី ដោយទុកក្បឿងចាស់ដែលនៅប្រើបាន សម្រាប់ប្រក់នៅកន្លែងណាមួយនៃដំបូលវិហារ។ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ព្រះសង្ឃ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា ព្រះអង្គយល់ស្របចំពោះគំនិតអាជ្ញាធរជាតិអប្សរា។ ព្រះអង្គមានបន្ទូលទៀតថា វាជារឿងដែលល្អប្រសើរបំផុតដែលយើងត្រូវគិតគូរពីការងារបេតិកភណ្ឌ ដូចជាសំណង់វិហារបុរាណនេះ ដើម្បីអភិរក្សតទៅថ្ងៃមុខ ជាពិសេសទៀតនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាជាដើម។

តាមសង្ឃដីកាព្រះគ្រូចៅអធិការ កន្លងមកធ្លាប់មានទេសចរបរទេសមួយចំនួន បានចូលទៅទស្សនាក្នុងបរិវេណវត្ត ពិសេសសំណង់វិហារបុរាណដែលកំពុងជួសជុលនេះ។ លោកគ្រូរំពឹងថា ក្រោយវិហារនេះជួសជុលរួច នឹងមានទេសចរបន្តមកទស្សនាវត្តអារញ្ញនេះជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា វត្តអារញ្ញមានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប តាមបណ្តោយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។ គេមិនអាចកំណត់ពីអាយុកាលច្បាស់លាស់នៃសំណង់វិហារនេះបានទេ ដោយគ្រាន់តែដឹងថា វាមានអាយុកាលជាងរយឆ្នាំមកហើយ នេះបើតាមចាស់ៗដែលពួកគាត់ដឹងឮ។ ខណៈដែលវិហារនេះកំពុងជួសជុល ព្រះគ្រូចៅអធិការវត្តនេះក៏អំពាវនាវរកសប្បុរសជន ដើម្បីជួយថវិកាក្នុងដំណើរការជួសជុលនេះឲ្យបានឆាប់រួចរាល់ផងដែរ៕






















សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
6770
ម្សិលមិញ
:
10360
សប្តាហ៍នេះ
:
27058
ខែនេះ
:
0180567
សរុប
:
012949999