ព័ត៌មានថ្មីៗ

ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបន្តអនុញ្ញាតសំណើរជួសជុលនិងសាងសង់តូចតាចនៅក្នុងតំបន់ការពារឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ2017 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារលេខាធិការដ្ឋានសហគមន៍ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសគឺទទួលនិងអនុញ្ញាតសំណើរជួសជុលឬសាងសង់ខ្នាតតូចភ្លាមៗនៅនឹងកន្លែង ដូចជាសង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។ លើសពីនោះទៀត ក្រុមការងារសហគមន៍ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋដើម្បីយកមកជូនថ្នាក់លើដោះស្រាយនិងពិចារណាផងដែរ។

ជាក់ស្តែងនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាប បានចុះទៅពិនិត្យសំណើរសុំជួសជុលរបស់ប្រជាពលរដ្ឋចំនួន០៦ករណី នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ សំណើរដែលប្រជាពលរដ្ឋបានស្នើសុំនោះមាន៖ ការសុំធ្វើរបង ចាក់ដី ជួសជុលផ្ទះ និងធ្វើផ្ទះថ្មី។ ក្នុងនោះមាន៣ករណីដែលអនុញ្ញាតព្រោះជាសំណើរស្រាល ឯ៣ករណីទៀតដែលមិនអនុញ្ញាត ព្រោះសំណើរនោះជាសំណង់ធំ គឺតម្រូវឱ្យម្ចាស់សំណើរទៅដាក់ពាក្យនៅច្រកចេញចូលតែមួយរបស់អាជ្ញាធរជាតិអប្សរាទើបបាន។

លោក វ៉ន បូទី ប្រជាពលរដ្ឋដែលបានទទួលការអនុញ្ញាតចំពោះសំណើរជួសជុលផ្ទះបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារឧទ្យានអង្គរ ដែលមានបំណងចង់ជួសជុលផ្ទះឬសាងសង់ផ្ទះថ្មី គឺត្រូវទៅដាក់ពាក្យនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាឬជម្រាបទៅអាជ្ញាធរមូលដ្ឋានដើម្បីយកសំណើរដាក់ទៅក្រុមសហគមន៍ ជាជាងការលួចធ្វើដោយខុសច្បាប់ ដែលនាំឱ្យខូចខាតទាំងសងខាង ហើយចំពោះការសុំច្បាប់នេះក៏មិនមានបង់សេវាកម្មអីដែរ។

លោក ឃឹម ខុន សមាជិកក្រុមប្រឹក្សាសង្កាត់គោកចកបានប្រាប់ថា កន្លងមករាល់ការងារទាក់ទងនឹងសេវាកម្មផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ក្រុមការងារលោកតែងសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរជាតិអប្សរា។ លោកក៏បានសម្តែងនូវសេចក្តីរីករាយចំពោះក្រុមការងារសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋនិងក្រុមការងារលោកកាន់តែងាយស្រួលក្នុងការសំណូមពរនិងបំពេញការងារផ្សេងដោយមិនបាច់ធ្វើដំណើរទៅឆ្ងាយ។ លោកនឹងបន្តការសហការនេះឱ្យកាន់តែល្អ ដើម្បីថែរក្សាតំបន់អង្គរឱ្យមានរបៀបរៀបរយ ពិសេសគឺទប់ស្កាត់ការកើតឡើងនៃសំណង់ថ្មីៗដែលគ្មានការអនុញ្ញាត។

គួរបញ្ជាក់ដែរថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់អង្គរដែលនៅឆ្ងាយពីមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាក៏បានសម្រេចបង្កើតក្រុមការងារមួយសម្រាប់ផ្តល់សេវានៅការិយាល័យច្រកចេញ-ចូលតែមួយ មាន២ទីតាំង ប្រចាំស្រុកពួក១ និងប្រចាំក្រុងសៀមរាប១។ ក្រុមការងារនេះមានតួនាទីនិងភារកិច្ចសហការជាមួយមន្ត្រីប្រចាំការនៅច្រកចេញ-ចូលតែមួយដើម្បីពិគ្រោះយោបល់លើការស្នើសុំសេវាសាធារណៈរបស់ប្រជាជនពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានអង្គរ ការផ្តល់ទម្រង់ពាក្យស្នើសុំ ទទួលពាក្យស្នើសុំ បញ្ជូនឯកសារមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរាដើម្បីពិនិត្យនិងជូនថ្នាក់ដឹកនាំសម្រេច ព្រមទាំងធ្វើរបាយការណ៍ជូនអភិបាលក្រុង/ស្រុកនៃច្រកចេញ-ចូលតែមួយ និងជូនមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា៕









ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1286
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
13867
ខែនេះ
:
0256542
សរុប
:
012764131