ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជួសជុល សារមន្ទីរព្រះនរោត្តមសីហនុអង្គរជាមួយក្រុមហ៊ុនអ៊ីអុង

បានផ្សាយនៅ ថ្ងៃទី 03 ខែ កុម្ភៈ ឆ្នាំ2017 01:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអ៊ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយផ្តោតសំខាន់លើដំណើរការនៃការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងការដាក់ឲ្យដំណើរការឡើងវិញនូវសារមន្ទីរក្រោយការជួសជុលរួចរាល់។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួយជ្រោមជ្រែងក្នុងកិច្ចអភិរក្សវប្បធម៌នៅអង្គរ ជាពិសេស គឺកិច្ចការជួសជុលសារមន្ទីរនៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាពិតជាពេញចិត្តចំពោះសមិទ្ធផលដ៏ល្អប្រសើរនេះ ហើយអាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីរិះរកវិធីសាស្ត្រយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាសារមន្ទីរនេះកាន់តែច្រើន ក្រោយពីជួសជុលរួចរាល់។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកក៏បានស្នើឲ្យក្រុមហ៊ុនអ៊ីអុងពិចារណាជួយជួយជួសជុលចំណុចមួយចំនួនទៀត ដែលមិនមានក្នុងកិច្ចព្រមព្រៀង។

ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអ៊ីអុង លោក ហាយ៉ាស៊ី ណាអុគី បានសម្តែងនូវការពេញចិត្តចំពោះដំណើរការជួសជុលដែលមានការវិវឌ្ឍទៅមុខជាលំដាប់។ លោកបញ្ជាក់ថា ដំណើរការជួសជុលនេះ មិនចោទជាបញ្ហាអ្វីនោះទេ តែអ្វីដែលយើងគិត គឺការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាសារមន្ទីរឲ្យបានក្រោយពីការជួសជុលរួចរាល់។ ចំពោះសំណូមពរជួសជុលចំណុចផ្សេងពីកិច្ចព្រមព្រៀង លោកនឹងទៅពិនិត្យដោយផ្ទាល់ម្តងទៀត ហើយនឹងពិចារណាឡើងវិញ។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦មក ក្រុមហ៊ុនអ៊ីអុង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា សម្រេចធ្វើការជួសជុលកែលម្អឡើងវិញ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៧នេះ។

យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការងារជួសជុលនេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងទទួលបន្ទុកចំណាយទាំងស្រុងលើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរាទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួមជួសជុលចំណុចផ្សេងៗទៀតតាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ានឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ៕










ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0267
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19435
ខែនេះ
:
0000267
សរុប
:
012769699