ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ក្នុងកិច្ចការជួសជុលប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ2017 03:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុលផ្នែកផ្សេងៗនៃប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃគម្រោង (២០០៤-២០១៤) ក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបតំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។

លោក D.S. Sood ទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានជួសជុលប្រាសាទតាព្រហ្មនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ក្រុមការងារបានបន្តជួសជុលសាលរបាំ ហើយគ្រោងនឹងជួសជុលទៅលើចំណុចសំខាន់៤ផ្សេងទៀតគឺ នៅជ្រុងខាងត្បូងសាលរបាំ ខ្លោងទ្វារចូលខាងកើត ខ្លោងទ្វារចូលខាងត្បូង និងរួតទី៣មុខផ្លូវបំបែក។ លោកបន្ថែមថា ក្រៅពីការជួសជុលតាមគម្រោងដែលគ្រោងទុក ក្រុមការងាររបស់លោកក៏បានបំពេញកិច្ចការផ្សេងៗទៀត លើការងារអភិរក្ស ទល់ទ្រ និងថែទាំជាប្រចាំនូវរាល់រចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទតាមស្ថានភាពជាក់ស្តែង ដោយសហការជាមួយក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា។

ដោយឡែក សាលរបាំ ដែលបានរងការខូចខាតស្ទើរទាំងស្រុង ហើយភ្ញៀវទេសចរមិនអាចធ្វើដំណើរឆ្លងកាត់បាននាពេលកន្លងមក នឹងត្រូវជួសជុលរួចរាល់ក្នុងឆ្នាំ២០១៩ខាងមុខ។ លោក Sood បន្ថែមថា សូម្បីការជួសជុលក៏ពុំមែនធ្វើទាំងស្រុងនោះដែរ ដោយផ្នែកខ្លះនៃភាពខូចខាតនេះនឹងត្រូវអភិរក្សទុក ដើម្បីឲ្យអ្នកស្រាវជ្រាវនិងភ្ញៀវទេសចរបានឃើញថា ផ្នែកណាខ្លះត្រូវបានជួសជុល និងផ្នែកណាខ្លះត្រូវបានរក្សាទុក។ ម្យ៉ាងទៀត ដោយមូលហេតុដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំដុះពីលើ ផ្នែកខ្លះនៃប្រាសាទនេះ ក៏ត្រូវបានរក្សាទុកមិនធ្វើការជួសជុលដែរ ដើម្បីបញ្ជៀសការកាប់ដើមឈើប្រវត្តិសាស្ត្រទាំងនេះ។ តែទោះជាមិនបានជួសជុល ក្រុមការងារបានថែទាំនិងការពារមិនឲ្យមានការខូចខាតបន្តទៀតឡើយ។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលបញ្ជាក់ថា ដើមឈើនិងប្រាសាទតាព្រហ្មមានទំនាក់ទំនងនឹងគ្នាខ្លាំងណាស់ រហូតភ្ញៀវទេសចរនិងអ្នកស្រាវជ្រាវខ្លះបានហៅប្រាសាទនេះថា ជាប្រាសាទដើមឈើ។ ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្ម ភាគច្រើនគឺចង់ឃើញដើមឈើធំៗដែលដុះលើប្រាសាទ និងរួមរស់ជាមួយប្រាសាទរាប់រយឆ្នាំ។ កត្តាទាំងនេះហើយ ដែលតម្រូវឲ្យក្រុមការងារអភិរក្សជួសជុលគិតគូរទាំងប្រាសាទ ទាំងដើមឈើ។

ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតារបស់ព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា រាជវិហារ ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត៕










ការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹកនៅក្នុងរមណីយដ្ឋានអង្គរ ជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតប្រព័ន្ធលូ កុំឱ្យមានការកកស្ទះដោយសំរាម ស្តារកំណកដីដែលហូរចូលតាមទឹក និងជួសជុលលូដែលបាក់បែកខូចខាត។
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
0084
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
20272
ខែនេះ
:
0338397
សរុប
:
013320711