ព័ត៌មានថ្មីៗ

ស្វែងយល់អត្ថន័យនៃពិធីកាត់សក់បង្កក់ឆ្មបរបស់អ្នកអង្គរ

បានផ្សាយនៅ ថ្ងៃទី 29 ខែ មករា ឆ្នាំ2017 08:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយពេលសម្រាលកូនមួយឬពីរសប្តាហ៍អ្នកស្រុកអង្គរ តែងរៀបចំពិធីមួយសម្រាប់ទារកដែលទើបកើត។ ពិធីនោះ គឺពិធីកាត់សក់ទារក។ ជាមួយគ្នានឹងពិធីកាត់សក់ គេនាំគ្នាគោរពយាយម៉បនិងជូនវត្ថុរបស់ផ្សេងៗ ចំពោះរូបគាត់តាមលទ្ធភាពក្នុងន័យសម្តែងនូវការអរគុណ និងខមាទោសចំពោះរូបគាត់ដែលបានជួយខ្វល់ក្នុងការសម្រាលកូនកន្លងមក។ ពិធីនេះគេហៅជាប់គ្នាថា កាត់សក់បង្កក់ឆ្មប។

តាមចាស់ៗដែលបានចូលរួមពិធីពន្យល់ថា ការកាត់សក់ទារក ទោះជាកាត់មែនទែនក្តី កាត់បន្តិចជាឧបកិច្ចក្តី គឺក្នុងន័យកាត់សក់ព្រៃចេញ ដើម្បីឲ្យដុះសក់ស្រុកមកវិញ។ គេមិនត្រឹមកាត់តែសក់ទេ គេមានទាំងពិធីឈូសមាត់ ដាប់ធ្មេញជាដើមថែមទៀត ដែលក្នុងន័យឲ្យអ្វីៗគ្រប់យ៉ាងទៅជាស្រុកមិនមែនព្រៃ។ តាមវិធីនេះហើយ ដែលគេសន្មត់ថា ទារកនោះនឹងជាមនុស្សក្នុងសង្គមដូចគេដូចអ្នកផ្សេងទៀត ពោលគឺមិនមែនជាមនុស្សព្រៃ។

ចំណែកពិធីបង្កក់ឆ្មបវិញ ជាពិធីដឹងគុណរបស់ឪពុកម្តាយ និងសាច់ញាតិរបស់ទារកចំពោះ យាយម៉ប ដែលបានកាន់ឈាមកាន់ជ័រទារកក្នុងពេលប្រសូតមក ប្រឡាក់ប្រឡូសដោយវត្ថុមិនស្អាតផ្សេងៗ។ បច្ចុប្បន្ន បើទោះជាគេទៅសម្រាលកូននៅតាមមន្ទីរពេទ្យក៏ដោយ អ្នកអង្គរនៅរក្សាទំនៀមនេះ ដោយអញ្ជើញស្ត្រីដែលធ្លាប់ជាយាយម៉បពីដើមមកបំពេញកិច្ច។ គេរៀបចំស្រូវ និងគ្រឿងបរិក្ខារផ្សេងៗជាកំណល់ជមជូនគាត់ ដូចជាគាត់បានជួយបង្កើតកូនពិតៗដែរ។

លោកយាយ ខៀង នៅភូមិទក្សិណខាងត្បូង ដែលត្រូវបានអញ្ជើញជាយាយម៉បក្នុងពិធីកាត់សក់បង្កក់ឆ្មបនៅភូមិក្រវ៉ាន់បញ្ជាក់ថា លោកយាយធ្លាប់ធ្វើឆ្មបកាន់ពោះឲ្យគេតាំងពីយូរមកហើយ។ សព្វថ្ងៃទោះជាលោកយាយមិនបានទៅជួយសម្រាលគេយ៉ាងណា តែអ្នកស្រុកនៅតែរក្សាទំនៀម ធ្វើពិធីដូចពីដើមដដែល។ លោកយាយបញ្ជាក់ថា “ពីដើមបើយើងទៅជួយសម្រាលគេចឹង គេត្រូវតែរៀបចំជមជូនយើងវិញ បើមិនចឹងគ្រូយើងនឹងធ្វើបាបយើង ដោយបណ្តាលឲ្យយើងជាឈឺនេះឈឺនោះមិនឈប់ ទាល់តែគេធ្វើពិធីកាត់សក់បង្កក់ឆ្មបទើបបានជា។ ចាស់ៗពីដើមជឿថា បើឪពុកម្តាយទារកមិនធ្វើជូនយាយម៉បទេ ទារកនោះនឹងទូលកន្ទបយាយម៉បរហូត។ ឥឡូវនេះ គេទៅឆ្លងទន្លេ នៅពេទ្យចឹង ខ្លះគេធ្វើ ខ្លះគេមិនធ្វើ តែភាគច្រើនគេនៅតែធ្វើតាមទំនៀម”។

ក្រៅពីកាត់សក់ទារក និងបង្កក់ជូនយាយម៉ប ពិធីនេះក៏ជាពិធីប្រកាសសុំឲ្យដូនតាចាស់ទុំក្នុងភូមិស្រុកជួយទទួលស្គាល់សមាជិកថ្មីក្នុងគ្រួសារគឺទារកដែលទើបនឹងកើតដែរ។ ដូច្នេះហើយ ទើបមុននឹងរៀបចំពិធីកាត់សក់ទារក និងបង្កក់ឆ្មប អាចារ្យសូត្រប្រកាសសែនដូនតាមួយលើក ជាពីរលើក រហូតបីលើកឲ្យមកសេពសោយសំណែន និងសុំឲ្យដូនតាជួយរក្សាទារកដែលទើបកើតឲ្យក្តីសុខសប្បាយព្រមទាំងគ្រួសារទាំងមូលផង។​

នេះជាប្រពៃណីមួយក្នុងចំណោមប្រពៃណីជាច្រើនទៀត​ ដែលអ្នក​អង្គ​របានរក្សាទុកយ៉ាងល្អ​ ដែលបង្ហាញ​ថា​ តំបន់អង្គរ​ជាឃ្លាំងផ្ទុកនូវមរតកដូនតាខ្មែរយ៉ាងសម្បូរបែប​ ធ្វើឲ្យ​អង្គរ​មានឈ្មោះថាជាសម្បត្តិបេតិកភណ្ឌមានជីវិតជារៀងរហូត៕














ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ដើមដំបូងមុន12345...302303បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1649
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
04179
ខែនេះ
:
0276265
សរុប
:
010587481