ព័ត៌មានថ្មីៗ

ICC-Angkor គោរពវិញ្ញាណក្ខខ្ធចំពោះមរណភាពឯកឧត្តម ឃួន ឃុននាយ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មករា ឆ្នាំ2017 10:59 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គរ ICC-Angkor លើកទី២៣ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៧នេះ សហប្រធានដឹកនាំកិច្ចប្រជុំ បានប្រកាសពីមរណភាពរបស់ឯកឧត្តម ឃួន ឃុននាយ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម បានទទួលមរណភាពដោយរោគាពាធកាលពីរាត្រីថ្ងៃទី២៤ មករា នៅប្រទេសកាណាដា។

អង្គប្រជុំ ICC-Angkor បានសម្តែងនូវសេចក្តីអាឡោះអាល័យចំពោះឯកឧត្តម ឃួន ឃុននាយ ដែលធ្លាប់ជាអតីតក្រុមការងារដ៏សកម្ម ក្នុងកិច្ចការអង្គរនាពេលកន្លងមក។ អង្គប្រជុំក៏បានធ្វើពិធីស្មឹងស្មាធិ៍ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឃួន ឃុននាយ

គំរូវីរៈភាព និងស្នាដៃរបស់ឯកឧត្តម ឃួន ឃុននាយ ដែលបានរួមចំណែកក្នុងកិច្ចការអង្គរ ក៏ដូចជាការងារសង្គមផ្សេងៗទៀត គឺជាការចងចាំដែលមិនអាចបំភ្លេចបានចំពោះគុណតម្លៃដ៏ធំធេងចំពោះជាតិ និងមាតុភូមិ។

តាងនាមថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក ឆ្មាំ កម្មករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការសោកស្តាយ និងគោរពវិញ្ញាណក្ខន្ធចំពោះឯកឧត្តម ឃួន ឃុននាយ និងសូមឲ្យវិញ្ញាណក្ខន្ធឯកឧត្តម បានសោយសុខក្នុងដ្ឋានសុគតិភព។

ឯកឧត្តម ឃួន ឃុននាយ ក៏ត្រូវបានគេស្គាល់ថាជាស្ថាបត្យករ និងនគរូបនីយកម្មដ៏ល្បីម្នាក់ដែរ។ ឯកឧត្តមទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Kiev ប្រទេសអ៊ុយក្រែន នៅឆ្នាំ១៩៦៦ អនុបណ្ឌិតផ្នែកច្បាប់នៅទីក្រុងភ្នំពេញឆ្នាំ ១៩៧២ ផ្នែកគម្រោងអភិវឌ្ឍន៍ពីទីក្រុងឡុងដ៍នាឆ្នាំ ១៩៧២ និងផ្នែកវិទ្យាសាស្រ្តនយោបាយនៅឆ្នាំ១៩៨៧ ពីប្រទេសកាណាដា។

នៅចន្លោះឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧១ ឯកឧត្តម ឃួន ឃុននាយ ក៏ជាស្ថាបត្យករនៅការិយាល័យស្ថាបត្យកម្មឯកជនរបស់លោកវណ្ណ ម៉ូលីវណ្ណ។ នៅសម័យសង្រ្គាមឆ្នាំ១៩៧៧ ឯកឧត្តមបានចាកចេញពីប្រទេសកម្ពុជា និងត្រឡប់មកប្រទេសវិញនៅឆ្នាំ២០០៤ ដោយចូលបម្រើការងារនៅអាជ្ញាធរអប្សរា។ ចាប់តាំងពីឆ្នាំ២០០៨មក ឯកឧត្តមបានក្លាយជាអគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ៕








ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នេះ  បាននាំយកនូវសម្ភារៈ  និងគ្រឿងបរិភោគមួយចំនួន  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃអតីតរាជធានីនៃអាណាចក្រខ្មែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នាព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តមនាកំឡុងសតវត្សទី៩ដល់ទី១៥ បច្ចុប្បន្នស្ថិតក្នុងរមណីយដ្ឋានអង្គរ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ព្រះរាជបេសកកម្មបន្ទាប់គឺ ព្រះអង្គទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ប្រាសាទកោះកេរដែលក៏ជាអតីតរាជធានីក្នុងកំឡុងដើមសតវត្សទី១០ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដើម្បីប្រទានក្តីសុខដល់ប្រជានុរាស្ត្រទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរ នៅមុខព្រះលានជល់ដំរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៦០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
89881
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
315183
ខែនេះ
:
0618691
សរុប
:
015061532