ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោកចុះពិនិត្យសុខភាពនិងព្យាបាលជំងឺជូនប្រជាជននៅភូមិតាកុះក្នុងឧទ្យានអង្គរដោយមិនគិតថ្លៃ

បានផ្សាយនៅ ថ្ងៃទី 08 ខែ មករា ឆ្នាំ2017 01:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក (Volunteers Around the World) និងបុគ្គលិកស្ម័គ្រចិត្តចំនួន១៥នាក់មកពីសាកលវិទ្យាល័យនៃរដ្ឋ Alaska សហរដ្ឋអាមេរិក បានសហការជាមួយក្រុមគ្រូពេទ្យខ្មែរ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យសុខភាព ​និងព្យាបាលជំងឺជូនប្រជាជននៅភូមិតាកុះ ឃុំប្រដាក ស្រុកបន្ទាយស្រីដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា​ និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានលើកឡើងថា នេះជាថ្ងៃទី៦ហើយនៃដំណើរការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃនៅឃុំប្រដាក ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ លើភូមិគោលដៅចំនួន៦ មានភូមិប្រដាក ភូមិតាត្រៃ ភូមិអូរទទឹង ភូមិថ្នល់ទទឹង ភូមិថ្នល់បណ្តោយ និងភូមិតាកុះ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី។ វត្តមានរបស់គ្រូពេទ្យស្ម័គ្រចិត្តនៅពេលនេះជាឱកាសល្អសម្រាប់ប្រជាជនងាយស្រួលមកពិនិត្យជំងឺនៅជិតផ្ទះ ហើយមិនចំណាយថវិកាក្នុងការព្យាបាល។ អាជ្ញាធរជាតិអប្សរាសូមសម្តែងការអរគុណចំពោះទឹកចិត្ត និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោកទាំងអស់ ហើយនឹងបន្តកិច្ចសហការយ៉ាងល្អបន្តទៀត ដើម្បីចូលរួមលើកស្ទួយសុខុមាលភាពរបស់ប្រជាជនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រនេះឱ្យទទួលបានសុខភាពល្អ និងការរស់នៅដ៏ប្រសើរ។

អ្នកស្រីវេជ្ជបណ្ឌិត NICOLE Arguedas អនុប្រធានគម្រោងគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក មកពីប្រទេសពេរូ បានប្រាប់ថា គោលបំណងសំខាន់របស់អង្គការអ្នកស្ម័គ្រចិត្តជុំវិញពិភពលោក គឺបង្កើតឡើងដើម្បីផ្តល់ជូនសេវាកម្មសុខភាពដល់សហគមន៍ជុំវិញពិភពលោក ដែលត្រូវការជំនួយផ្នែកសុខាភិបាល និងជូនថ្នាំសង្កូវដោយឥតគិតថ្លៃ។ អ្នកស្រីបន្តទៀតថា នេះជាលើកទី១នៅប្រទេសកម្ពុជាដែលក្រុមការងារបានផ្តល់ជូនសេវាកម្មពិនិត្យជំងឺទូទៅ ពិគ្រោះយោបល់ និងផ្តល់ថ្នាំជូនដោយឥតគិតថ្លៃដល់មនុស្សគ្រប់វ័យ ទាំងប្រុសទាំងស្រី។ ដោយឡែក ចំពោះជំងឺខ្លះដែលត្រូវព្យាបាលយូរ ក្រុមការងារអ្នកស្រីនឹងណែនាំអ្នកជំងឺទៅជួបគ្រូពេទ្យជំនាញ ឬមន្ទីរពេទ្យក្នុងស្រុកដើម្បីព្យាបាលបន្ត។ អ្នកស្រីនឹងមានគម្រោងមកកាន់កម្ពុជាលើកក្រោយៗទៀតនាពេលដ៏ឆាប់ខាងមុខ​ ហើយអ្នកស្រី​សូមអរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់កិច្ចសហការយ៉ាងកក់ក្តៅដើម្បីសម្រួលក្នុងការព្យាបាលជំងឺជូនប្រជាជននៅតំបន់អង្គរ។

លោក​ តូច ឈន់ មេឃុំប្រដាក បានបញ្ជាក់ថា រយៈពេល៦ថ្ងៃដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោកចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនបានចំនួនជាង៦០០នាក់ ហើយប្រជាជនចូលរួមយ៉ាងសកម្ម និងលើសការកំណត់ព្រោះជាឱកាសល្អ ដែលពួកគាត់បានព្យាបាលជំងឺ​ និងទទួលថ្នាំពេទ្យដោយមិនចំណាយលុយ។ លោកមេឃុំក៏បានសម្តែងការអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយថវិកា និងពេលវេលាមកជួយប្រជាជននៅក្នុងឃុំប្រដាក ធ្វើឱ្យប្រជាជនសប្បាយចិត្តជាខ្លាំង។ ជាពិសេសអរគុណដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែគិតគូរពីការរស់នៅ សុខភាព ការអប់រំដល់ប្រជាជនក្នុងឧទ្យានអង្គរ។

លោកយាយ ឡាច វន់ អាយុ៦៩ បានសម្តែងនូវសេចក្តីរីករាយ ដែលមានគ្រូពេទ្យចុះមកជួយពិនិត្យជំងឺដល់ភូមិស្រុក មិនគិតលុយកាក់ ហើយថែមទាំងឱ្យថ្នាំលេបដើម្បីព្យាបាលជំងឺឈឺដៃទៀតផង។ លោកយាយក៏សូមអរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបង្កើតឱ្យមានកម្មវិធីនេះឡើង ឱ្យអ្នកស្រុកអ្នកភូមិមានឱកាសបានដឹងពីអាការៈរោគដោយមិនអស់លុយ។

គួរបញ្ជាក់ផងដែរថា វត្តមានរបស់គ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោកចុះមកពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃក្នុងឧទ្យានអង្គរមាន៣ក្រុមធំៗ គឺមកពីរដ្ឋ Alaska ចំនួន១៥នាក់ មកពីរដ្ឋ Chicago ចំនួន១២នាក់ មកពីរដ្ឋស៊ីដនីនិង Stony Brook នៃប្រទេសអូស្ត្រាលីចំនួន២២នាក់ រួមទាំងគ្រូពេទ្យខ្មែរជាច្រើនរូបទៀតដើម្បីសម្របសម្រួល។ ក្នុងនោះ ឃុំចំនួន៤ក្នុងស្រុកស្រុកបន្ទាយស្រីត្រូវបានជ្រើសរើសជាឃុំគោលដៅ គឺឃុំប្រដាក ឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំរុនតាឯក ស្មើនឹង១៨ភូមិ ដែលចាប់ដំណើរការពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧៕












កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0309
ម្សិលមិញ
:
3019
សប្តាហ៍នេះ
:
79982
ខែនេះ
:
0161259
សរុប
:
009343541