ព័ត៌មានថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរជួសជុលបាន៦០%ហើយ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មករា ឆ្នាំ2017 09:11 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។

ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដំណើរការដោយរលូន។ ការជួសជុល គឺធ្វើឡើងដោយយកចិត្តទុកដាក់ និងមានការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីអ្នកជំនាញតាមផ្នែកផ្សេងៗ។

លោក យិត ចាន់ដារដ្ឋ ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដ្ឋានជួសជុលសារមន្ទីរបានចាប់ផ្តើមដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ គឺបានប្រើពេលជាង២ខែហើយ។

លោក ចាន់ដារដ្ឋ បានបន្តថា ការជួសជុលជាសំខាន់គឺផ្តោតលើដំបូលនៃអាគារទាំងមូល។ ការទ្រុឌទ្រោមនៃដំបូលអាគារ ធ្វើឲ្យសារមន្ទីររងការខូចខាតជាច្រើនកន្លែង ដូចជាការហូរច្រោះទឹកចូលក្នុងអាគារទាំងមូលជាដើម។ ចំពោះការងារនេះ លោក ចាន់ដារដ្ឋ បញ្ជាក់ថា គេបានកោសដំបូលចាស់ចេញ ហើយជំនួសដោយប្រើបច្ចេកទេសថ្មីដើម្បីធានាពីគុណភាពនៃអាគារទាំងមូល។

លោក ហូរី សម្បត្តិ វិស្វករគ្រប់គ្រងការងារជួសជុលនៅការដ្ឋានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នៃក្រុមហ៊ុនសាតូ ដែលទទួលខុសត្រូវលើការងារជួសជុលនេះ បានឲ្យដឹងដែរថា ដំបូលអាគារចាស់គេបានប្រើផ្លាស្ទិកក្រាល ដូច្នេះទើបវាមិនសូវមានគុណភាពយូរ។ បច្ចេកទេសចាស់នេះ យូរឆ្នាំវាធ្វើឲ្យមានការពុកផុយ និងធ្វើឲ្យទឹកចូលជ្រាបចូលទៅតាមពិតាន ទើបធ្វើឲ្យមានស្នាមប្រេះនៅក្នុងអាគារ។ លោកបន្ថែមថា បច្ចេកទេសថ្មីដែលក្រុមហ៊ុនរបស់លោកយកមកធ្វើដំណោះស្រាយ គឺប្រក់សន្លឹកស័ង្កសីពីក្រោម មុននឹងប្រក់ក្បឿងពីលើ។ លោកថា បច្ចេកទេសនេះធានាបានយូរអង្វែង មិនងាយខូចឡើយ។

ក្រៅពីការងារជួសជុលដំបូលដែលជាការងារសំខាន់ ក្នុងនោះទៀតសោត ការកែលម្អយ៉នៃអាគារ ក៏ជាការងារសំខាន់ផងដែរ។ ក្រុមការងារបានជួសជុលបានរៀបចំប្រព័ន្ធហូរច្រោះថ្មី ធ្វើយ៉ាងណាឲ្យការហូរច្រោះទឹកភ្លៀងមានជម្រាលហូរកាត់។ ក្រៅពីនេះ មានការកែលម្អស្នាមប្រេះ និងលាបថ្នាំទាំងក្នុងនិងក្រៅនៃអាគារ រួមនិងដូរបង្អួចមួយចំនួនធំផងដែរ។

រហូតមកដល់ពេលនេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រេចបាន៦០%ហើយ។ ការដ្ឋាននេះប្រើប្រាស់បុគ្គលិកសរុបទាំងអស់ចំនួន៦៥នាក់។ តាមគម្រោង ការជួសជុលគ្រោងនឹងបញ្ចប់នៅចុងខែមីនាខាងមុខនេះ។

គួររម្លឹកថា ការងារជាក់ស្តែងដែលក្រុមហ៊ុនសាតូ ទទួលពីក្រុមហ៊ុន AEON (អ៊ីអុង) មាន១០ចំណុច រួមមាន ជួសជុលដំបូល លាបថ្នាំពណ៌ ផ្លាស់ប្តូរបង្អួចអាលុយមីញ៉ូមខាងក្រៅដែលរងការខូចខាត ទៅជាបង្អួចស្លាបព្រិល ផ្លាស់ប្តូរបង្អួចឈើដែលពុកផុយ តសំយ៉ាបនៅលំហកណ្តាលនៃអាគារ កែសម្រួលប្រព័ន្ធហូរទឹកនៅខាងក្រៅអាងទឹក កែសម្រួលទ្វារធំដែលកកិតគ្នា ជួសជុលស្នាមប្រេះនៃជញ្ជាំង និងពិតាន ជួសជុលជណ្តើរឡើងទៅលើដំបូល ធ្វើជម្រាលជនពិការនៅច្រកចូល។

តាមការបញ្ជាក់ពីលោក ចាន់ដារដ្ឋ ក្រៅពីចំណុចខាងលើនេះ ការងារផ្សេងៗទៀតជាបន្ទុករបស់អាជ្ញាធរជាតិអប្សរា។ ការងារទាំងនោះរួមមាន រៀបចំការតាំងពិព័រណ៌ឡើងវិញ រៀបចំផ្សព្វផ្សាយធ្វើឲ្យមានភ្ញៀវទេសចរ អគ្គិសនី ម៉ាស៊ីនត្រជាក់ រួមនឹងការដឹកជញ្ជូនរូបបដិមាក្នុងសារមន្ទីរទៅរក្សានៅកន្លែងមានសុវត្ថិភាព។ល។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គឺជាកិច្ចសហប្រតិបត្តិកររវាងភាគី៤ស្ថាប័ន ដោយរួមមាន អាជ្ញាធរជាតិអប្សរា មូលនិធិក្លឹបអ៊ីអុង១% (AEON 1% Club Foundation) ក្រុមហ៊ុនឧស្សាហកម្មសាតូ (កម្ពុជា) និងមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ក្រុមហ៊ុន អ៊ីអុង ជាអ្នករ៉ាប់រងចំណាយក្នុងការងារជួសជុលទាំងនេះ ក្រោយពីស្ថាប័ននេះជាអ្នកផ្តល់មូលនិធិកសាងសារមន្ទីរនេះនៅឆ្នាំ២០០៧។ ចំណែកអាជ្ញាធរជាតិអប្សរា ជាអ្នកផ្តល់បច្ចេកទេស និងថែរក្សារូបបដិមានៅក្នុងសារមន្ទីរទាំងមូល៕












កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ចំនួន១២២ ករណី បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីអាជ្ញាធរជាតិអប្សរាសម្រាប់សប្តាហ៍ទី០១ គឺចាប់ពីថ្ងៃទី០១-១៥ ខែកុម្ភៈ ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី និងមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យបរិវេណខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ ដែលគម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី២0ខែកុម្ភៈ ខាងមុខ។
ក្នុងឱកាសពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?
ដើមដំបូងមុន12345...291292បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
10285
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
33003
ខែនេះ
:
0313832
សរុប
:
010269979