ព័ត៌មានថ្មីៗ

តើក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងធ្វើការងារអ្វីខ្លះដើម្បីចូលរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ?

បានផ្សាយនៅ ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ2016 03:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។

ក្រុមការងារសហគមន៍នីមួយៗត្រូវចុះទៅផ្សព្វផ្សាយបេតិកភណ្ឌ និងដោះស្រាយផលលំបាកនានាដល់ប្រជាពលរដ្ឋតាមគោលដៅរៀងៗខ្លួន ។ ដូច្នេះ តើក្រុមការងារសហគមន៍នីមួយៗនោះធ្វើការងារអ្វីខ្លះដើម្បីចូលរួមចំណែកការអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរ?

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារសហគមន៍ទី៥ចុះជួយស្រុកបន្ទាយស្រី ក្នុងឱកាសចុះផ្សព្វផ្សាយបេតិកភណ្ឌនៅភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាមានកិច្ចការងារសំខាន់ៗ ជាចម្បងចំនួន៣យ៉ាងដែលត្រូវធ្វើជាប្រចាំ ។

ការងារទី១គឺ ជួយលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច តាមរយៈការចែកជូនកញ្ចប់ទ្រទ្រង់សុខុមាលភាព ម្តាយនិងទារកមានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក និងថវិកាមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរានិងលោកជំទាវ។

ការងារទី២ចុះពិនិត្យនិងអនុញ្ញាតសំណើសុំសាងសង់ និងជួសជុលសំណង់តូចតាចជូនប្រជាពលរដ្ឋដល់មូលដ្ឋាន រួមមាន សុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ជួសជុលដំបូលផ្ទះ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ និងទ្រុងជ្រូក។ល។ចំណែកការសាងសង់សំណង់ធំៗមានរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីឬសុំពង្រីកផ្ទះជាដើមត្រូវដាក់ពាក្យស្នើសុំទៅមជ្ឈមណ្ឌលអាជា្ញធរជាតិអប្សរា ដើម្បីកុំឲ្យប៉ះពាល់តម្លៃបេតិកភណ្ឌ។

ការងារទី៣ អប់រំផ្សព្វផ្សាយឲ្យពួកគាត់បានយល់ពីតម្លៃបេតិកភណ្ឌ មាន ប្រាង្គប្រាសាទ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ព្រៃឈើ បរិស្ថាន ក្រមប្រតិបត្តិអង្គរ តួនាទីអាជ្ញាធរនិងតួនាទីរបស់ប្រជាពលរដ្ឋដែលត្រូវចូលរួមសហការគ្នាក្នុងការថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌដ៏ល្អឯករបស់មនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំងឡាយនៅលើពិភពលោកទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ក្រុមការងារសហគមន៍នេះចុះតាមមូលដ្ឋានប្រជាពលរដ្ឋក្នុងបណ្តាស្រុកក្រុងទាំង៥នោះ ជាប្រចាំដោយក្នុងមួយសប្តាហ៍ចំនួន២ថ្ងៃ ដើម្បីធានាបាននូវការការពារបេតិកភណ្ឌប្រកបដោយនិរន្តរភាពនិងលើកស្ទួយបេតិកភណ្ឌដ៏មានតម្លៃមហាសាលសម្រាប់មនុស្សជាតិជំនាន់ក្រោយបានស្គាល់តទៅទៀត៕








ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។
ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈនៃនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការអាជ្ញាធរជាធរជាតិអប្សរា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះណែនាំអាជីវករលក់ដូរតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ឱ្យលក់ដូរមានរបៀបរៀបរយ ត្រឹមត្រូវតាមទីតាំងដែលបានកំណត់ និងចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញកន្លែងលក់ដូររបស់ខ្លួន៕
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ ដោយបានដាំកូនឈើសរុបចំនួន ១០០ដើម នៅតាមដងផ្លូវស្ថិតនៅភូមិភ្លុង សង្កាត់អង្គរធំ ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4243
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
10208
ខែនេះ
:
0252883
សរុប
:
012760472