ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នKOCHEFរបស់សាធារណរដ្ឋកូរ៉េ ជួសជុលក្រុមប្រាសាទព្រះពិធូរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។

លោក ផាក ដុងហ៊ី (Park Dong hee) មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បញ្ជាក់ថា គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ។ សព្វថ្ងៃគម្រោងកំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញនឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ។

មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការICC-Angkor បានតម្រូវឲ្យក្រុមការងាររបស់លោកធ្វើការអភិរក្សជួសជុលទៅលើ៣ចំណុចនៃក្រុមប្រាសាទព្រះពិធូរគឺ ការជួសជុលលើផ្នែកតូចៗជុំវិញប្រាសាទ ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញនូវកសិន្ធុជុំវិញប្រាសាទ។ “រហូតមកទល់នឹងពេលនេះ យើងបានសិក្សាចងក្រជាឯកសារបានច្រើនហើយ។ នៅរវាងខែមីនានិងមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង ហើយស្តាប់យោបល់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗដែលកំពុងអនុវត្តការងារជួសជុលនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ជាជំហានដំបូងយើងនឹងធ្វើការអភិរក្សជួសជុលទៅលើរានហាលនៃប្រាសាទកោរជុកតែមួយប៉ុណ្ណោះ”។

លោក ដុង ហ៊ី បន្ថែមថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះបានសាងសង់អាគារពិព័រណ៍មួយនៅខាងមុខប្រាសាទកោរសក់ (ប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទព្រះពិធូរទាំង៥)។ អាគារពិព័រណ៍នេះនឹងបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង ផែនការ សកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការនៅចុងខែមករាឆ្នាំ២០១៧ខាងមុខ។

លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរមានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការណាមួយចងក្រងច្បាស់លាស់នៅឡើយ។ ការស្រាវជ្រាវរបស់ប្រទេសបារាំងបានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។ លោកបញ្ជាក់ថា គេមិនទាន់ដឹងថាមូលហេតុអ្វីទើបបារាំងដាក់ឈ្មោះប្រាសាទទាំង៥នេះដូច្នេះឡើយ តែតាមពិតប្រាសាទនេះមានឈ្មោះរបស់ខ្លួនតាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺ ប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទដូនមារ និងប្រាសាទកណ្តក់យក្ស។ តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះអាចនឹងសាងសង់ឡើងក្នុងសម័យកាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះជឿជាក់ថា ក្រោយការស្រាវជ្រាវចងក្រងឯកសារដើម្បីធ្វើការអភិរក្សជួសជុលឡើងវិញរបស់ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាហើយ គេនឹងទទួលបានទិន្នន័យនិងកម្រងប្រវត្តិសាស្ត្រជាក់ច្បាស់ជាមិនខាន៕












ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4854
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
17435
ខែនេះ
:
0260110
សរុប
:
012767699