ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះអប់រំប្រជាពលរដ្ឋនៅភូមិស្រែចង្ហូតអំពីការបន្សុទ្ធទឹកនិងទុកដាក់ទឹកឱ្យមានសុវត្ថិភាព

បានផ្សាយនៅ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ2016 01:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជននៅក្នុងតំបន់អង្គរ ឱ្យមានការយល់ដឹងពីអនាម័យ ការរស់នៅស្អាត ហូបស្អាតក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលអាជ្ញាធរជាតិអប្សរាបសហការជាមួយសាលាខេត្តសៀមរាប និងប្រទេសបារាំង បានចុះទៅអប់រំផ្សព្វផ្សាយអំពី «ការបន្សុទ្ធទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព» ដល់ប្រជាជនជាង៨០សិបនាក់នៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ឡៃ ប៉ូទី មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរាបានប្រាប់ថា កន្លងមកប្រជាជនតែងយល់ថា ទឹកថ្លា គឺជាទឹកដែលស្អាត តែការពិតមិនអ៊ីចឹងទេ! ទឹកស្អាត គឺត្រូវតែមានសុវត្ថិភាព គ្មានជាតិគីមី គ្មានមេរោគ និងការបំពុលផ្សេងៗ ហើយពេលបរិភោគទៅមិនប៉ះពាល់ដល់សុខភាព។ ក្នុងនោះ ដើម្បីបានទឹកស្អាតមកទទួលទាន និងប្រើប្រាស់ ទី១៖គឺត្រូវការពារប្រភពទឹកឱ្យបានល្អដោយព័ទ្ធរបងឬចាក់សាបជុំវិញស្រះនិងអណ្តូង ហើយដាច់ខាតមិនត្រូវសង់បង្គន់នៅលើប្រភពទឹក ទី២៖ ត្រូវទុកទឹកឱ្យរងសិនមុននឹងប្រើប្រាស់ ទី៣៖ ដាំទឹកឱ្យពុះយ៉ាងតិច១នាទីទៅ៥នាទីមុនទទួលទាន ទី៤៖ រក្សាទឹកឱ្យមានសុវត្ថិភាព ដោយប្រើគម្របគ្របពាងទឹក អាងទឹកឱ្យបានត្រឹមត្រូវ ទី៥៖ បើទឹកនោះមិនស្អាត ត្រូវប្រើវិធីចម្រោះដោយក្រណាត់ ឬធុងចម្រោះជាដើម។

លោកស្រី ស៊ិន ហ៊ាក ជំទប់ទី១ឃុំរុនតាឯកបានប្រាប់ថា នេះជាលើកទី២ហើយដែលអ្នកភូមិស្រែចង្ហូតទទួលបានការបណ្តុះបណ្តាលអំពី «ការបន្សុទ្ធទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព» ដោយអាជ្ញាធរជាតិអប្សរា។ អ្នកស្រីតែងលើកទឹកចិត្តនិងជំរុញប្រជាជនឱ្យចេះសម្អាតបរិស្ថាននិងធ្វើអនាម័យក្នុងការរស់នៅឱ្យបានប្រសើរ ពិសេសចូលរួមទទួលយកចំណេះដឹងពីការរស់នៅស្អាត ហូបស្អាតតាមរយៈការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការផ្សេងៗកន្លងមក ដើម្បីឱ្យអ្នកភូមិមានសុខភាពល្អ ព្រោះការរស់នៅស្អាត មិនចំណាយលុយខ្ជះខ្ជាយលើការព្យាបាលជំងឺ នឹងនាំមកនូវសុភមង្គលក្នុងគ្រួសារ។ អ្នកស្រីក៏អរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរួមចំណែកជាមួយមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរ ទាំងការអប់រំ សុខភាព បរិស្ថាន។ល។

បងប្រុស រឿន សៅ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទនៅថ្ងៃនេះ ព្រោះវាបានផ្តល់នូវវិធីសាស្ត្រល្អៗ ងាយស្រួលក្នុងការទទួលបានទឹកស្អាតដើម្បីបរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃ។ រាល់ថ្ងៃបងប្រុសតែងដាំទឹកផឹក ហើយមានធុងចម្រោះសម្រាប់ប្រើផងដែរ មិនដែលផឹកទឹកដោយផ្ទាល់ពីអណ្តូងទេ។ បងប្រុស សៅ ក៏សូមឱ្យមានកម្មវិធីបែបនេះទៀត ដើម្បីជំរុញទឹកចិត្តនិងផ្តល់ចំណេះដឹងដល់ប្រជាជនឱ្យយល់ដឹងកាន់តែច្រើនអំពីសុខភាព ការរស់នៅស្អាត ផឹកស្អាត។










កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4945
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
12471
ខែនេះ
:
0107150
សរុប
:
012876582