ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋមបន្ទាប់ពីបានបណ្តុះបណ្តាលរយៈពេល៤ថ្ងៃរួចមក

បានផ្សាយនៅ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2016 02:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋមដោយមានចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៤៤នាក់ មានដូចជា ភ្នាក់ងារទេសចរណ៍ មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានានិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតក្រោមអធិបតីភាព ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាង ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅប្រាសាទអង្គរវត្ត។វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ រវាងអាជា្ញធរជាតិអប្សរា និងក្រុមគ្រូពេទ្យជំនាញThe CPR HERO Training Center មកពីសហរដ្ឋអាមេរិក ។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ហុក ប៉េងសែ បានលើកឡើង ថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិក្ខាកាម ព្រោះចំណេះដឹងនេះមិនត្រឹមតែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀតផង។ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចហើយនឹងយកចំណេះដឹងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអរគុណចំពោះក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកដែលបានខំប្រឹងចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា។

លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center និងជាអ្នកបណ្តុះបណ្តាលផ្ទាល់បានលើកឡើងថា លោកពិតជាមានសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញសិក្ខាកាមរៀនរហ័សយល់ និងខិតខំយកចិត្តទុកដាក់រៀន ព្រមទាំងចូលរួមអនុវត្តទ្រឹស្តីយ៉ាងសស្រាក់សស្រាំ ។ ថ្វីដ្បិតវគ្គបណ្តុះបណ្តាលនេះនិយាយជាភាសាអង់គ្លេស និងមានសម្រួលជាភាសាខ្មែរខ្លះៗក្តី ក៏ប៉ុន្តែគុណភាពនៃការសិក្សានេះមានលក្ខណៈស្តង់ដារដូចជាការសិក្សានៅសហរដ្ឋអាមេរិកដែរ។ លោកក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យរបស់លោកបានផ្ទេរចំណេះដឹង និងដកស្រង់បទពិសោធន៍ពីកម្ពុជា។

លោក សេ សូវ នគរបាលការពារបេតិកភណ្ឌបានលើកឡើងថាលោកពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋមដ៏មានសារៈសំខាន់ និងមានតម្លៃនេះ ។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនដល់លោក ហើយលោកប្តេជ្ញាថានឹងយកមេរៀននេះទៅអនុវត្ត និងជួយផ្សព្វផ្សាយដល់អ្នកដទៃទៀត ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ លោកសូមអរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ឱកាសឲ្យរូបលោកបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យនេះនឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋប្រមាណជា១០០នាក់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុននឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕














នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការទី២នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យកំពុងដំណើរការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ ដែលមានប្រវែងសរុប១៤,៦៧៥ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយអ៊ុតបេតុងកៅស៊ូ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំ រហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើមដំបូងមុន12345...294295បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
8625
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
45770
ខែនេះ
:
0326599
សរុប
:
010282746