ព័ត៌មានថ្មីៗ

មូលនិធិទឹកចិត្តទាំង៣នៃប្រទេសជប៉ុនចូលរួមសកម្មភាពអប់រំបរិស្ថាន ក្រោមប្រធានបទ «រក្សាអង្គរស្អាតជានិច្ច»

បានផ្សាយនៅ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2016 01:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំបន់អង្គរ មានភាពល្បីល្បាញដោយសារប្រាង្គប្រាសាទបុរាណដ៏ល្អវិចិត្រ និងបានទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនាកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ។ តាមរយៈកំណើននៃភ្ញៀវទេសចរ បាននាំទាំងចំណូល និងបញ្ហាបរិស្ថានដល់តំបន់ដ៏ស្រស់បំព្រងមួយនេះ បើគ្មានការយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម និងកាកសំណល់បានត្រឹមត្រូវទេ នឹងធ្វើឱ្យតំបន់អង្គរ និងខេត្តសៀមរាបទាំងមូលបាត់បង់នូវសោភ័ណភាព ភាពទាក់ទាញ រួមទាំងតម្លៃជាបេតិកភណ្ឌពិភពលោកដ៏ធំធេង។

ដូច្នេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិទឹកចិត្តទាំង៣របស់ប្រទេសជប៉ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត រៀបចំកម្មវិធីសម្អាតបរិស្ថានតំបន់អង្គរក្រោមប្រធានបទ «រក្សាអង្គរស្អាតជានិច្ច Keep Angkor Clean» ជាលើកទី១នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត។

កម្មវិធីដ៏មានអត្ថន័យនេះ ប្រារព្ធឡើងក្រោមអធិបតីឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប កញ្ញា ហ៊ីសាអិ អារ៉ៃ អគ្គនាយិកាអង្គការមូលនិធិទឹកចិត្តទាំង៣ ឯកអគ្គរាជទូតសុឆន្ទៈនៃកីឡាវាយកូនបាល់កម្ពុជា និងជាបវរកញ្ញាជប៉ុនឆ្នាំ២០១១ បវរកញ្ញាជប៉ុនឆ្នាំ២០១២ ឆ្នាំ២០១៥ ឆ្នាំ២០១៦ និងអ្នកចូលរួមប្រមាណ២០០០នាក់ មានបុគ្គលិកសម្អាតវីគ្រីន សិស្សានុសិស្សក្នុងតំបន់ កាយរិទ្ធ យុវជនកាកបាទក្រហម មន្ត្រីអាជ្ញាធរមូលដ្ឋាន។

កម្មវិធីនេះផ្តោតសំខាន់លើការអប់រំបរិស្ថានចំពោះកុមារ ដោយផ្តោតលើសកម្មភាពសំខាន់៣។ ទី១៖ គឺផ្តោតលើការអប់រំបរិស្ថានតាំងពីកុមារ ហើយប្រមូលសំរាមដើម្បីជំរុញសារគន្លឹះ «ដាក់សំរាមក្នុងធុងសំរាម»។ ទី២៖ សកម្មភាពធ្វើលំហាត់ប្រាណអប់រំ «តោះនាំគ្នាប៊ីយូធីសាយ Beauticice» បង្ហាញពីក្បាច់រាំដ៏រស់រវើកជាមួយចម្រៀងដ៏ពីរោះនិយាយពីការសម្អាតបរិស្ថាន ដែលនាំមកនូវភាពសប្បាយរីករាយ និងសុខភាពល្អផងដែរ។ ទី៣៖ ការផ្លាស់ប្តូរវប្បធម៌ដោយការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីជប៉ុនយូកាតា ការសម្តែងក្បាច់រាំបង្កើតថ្មីដោយយុវជនកម្ពុជាអំពីការបោសសម្អាតបរិស្ថាន និងការសម្តែងរបាំអប្សរាខ្មែរ ដែលបង្ហាញពីការរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន។

ថ្លែងក្នុងឱកាសនោះ កញ្ញា ហ៊ីសាអិ អារ៉ៃ បានលើកឡើងថា ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន ត្រូវចងចាំរឿងសំខាន់៣។ ទី១៖ គឺកាត់បន្ថយសំរាមដែលមិនចាំបាច់ ទី២៖ ការប្រើប្រាស់សាជាថ្មីឡើងវិញ ទី៣៖ ការកែច្នៃប្រើឡើងវិញ។ ម្យ៉ាងវិញទៀត ការប្រកាន់ខ្ជាប់ «ការដាក់សំរាមក្នុងធុងសំរាម» ក៏អាចធ្វើឱ្យទីក្រុងយើងស្អាតជាងមុន ហើយយើងក៏រស់នៅប្រកបដោយសុខភាពល្អផងដែរ។ ដូច្នេះសូមបន្តការសម្អាតបរិស្ថានដោយដៃទាំងទ្វេរបស់ពួកយើង! យើងខ្ញុំសង្ឃឹមថាការប្រារព្ធពិធីរក្សាអង្គរស្អាតជានិច្ចលើកទី១នេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកចាប់អារម្មណ៍ពីបរិស្ថាន ហើយចូលរួមបង្កើតទីក្រុងដ៏មានសោភ័ណភាពមួយឡើង។

ឯកឧត្តម លី សំរិទ្ធ​ លើកឡើង​ថា ប្រធានបទ «រក្សាអង្គរឱ្យស្អាតជានិច្ច» ដែលរៀបចំដោយបវរកញ្ញាជប៉ុននៅថ្ងៃនេះមិនមែនថាអង្គរមិនស្អាតទេ តែជាចលនាមួយដើម្បីចូលរួមសម្អាតបរិស្ថានអង្គរឱ្យកាន់តែស្អាតជាងនេះ។ ក្នុងកិច្ចការថែរក្សា និងធ្វើឱ្យអនាម័យបរិស្ថានអង្គរស្អាត អាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងខ្លួនឯងផង និងជួលក្រុមហ៊ុនឯកជនឱ្យសម្អាតផង តែវាមិនគ្រប់គ្រាន់ក្នុងការធ្វើឱ្យតំបន់អង្គរស្អាតទេ ព្រោះសំរាមវាកើតចេញពីយើងម្នាក់ៗដែលជាអ្នកលក់ដូរ និងជាអ្នកដើរកម្សាន្តដែលមានការយល់ដឹងទាបពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងគ្មានទម្លាប់ល្អក្រោយពីការហូបចុករួច ខុសពីភ្ញៀវអន្តរជាតិដែលគេមានទម្លាប់ល្អក្នុងការរក្សាសំរាមរបស់គេ។

មានប្រសាសន៍​ក្នុងពិធី​នេះ ឯកឧត្តម ហង់ ពៅ បញ្ជាក់ទៀតថា ក្រៅពីកិច្ចការជួសជុល អភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបរិស្ថាន ដោយយកការគ្រប់គ្រងបរិស្ថានតាមស្តង់ដារអន្តរជាតិ ISO 14001 ចាប់តាំងពីឆ្នាំ២០០៤ ដោយមានការត្រួតពិនិត្យគុណភាពពីស្ថាប័នធានាគុណភាពជប៉ុន (JQA) ហើយទទួលបានវិញ្ញាបណ្ណបត្រ៤លើករួចមកហើយ។ លើសពីនោះ អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងបង្រៀនមន្ត្រីបុគ្គលិករបស់ខ្លួន រួមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានយល់ពីបរិស្ថាន។

ឯកឧត្តម ក៏បានរំឭកផងដែរពីកិច្ចសហការល្អរបស់ប្រទេសជប៉ុនក្នុងការជួយជួសជុលអភិរក្សតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរា។ តាមរយៈការផ្សព្វផ្សាយនិងចូលរួមដោយផ្ទាល់ពីកញ្ញាឯកជប៉ុនទាំងអស់នៅក្នុងព្រឹត្តិការណ៍ «រក្សាអង្គរស្អាតជានិច្ច» សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ បុគ្គលិក មន្ត្រីគ្រប់ស្ថាប័ន និងឯកជននានា នឹងចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាបរិស្ថានក្នុងតំបន់អង្គរឱ្យបានស្រស់បំព្រងគួរជាទីចង់មកទស្សនា ហើយសូមឱ្យប្រជាជនក្នុងតំបន់អង្គរទាំងអស់ចេះភ្ញាក់រឭកដោយខ្លួនឯងពីបញ្ហាបរិស្ថាន ត្រូវស្អាតជាប្រចាំ មិនមែនស្អាតតែពេលគេមកជួយនោះទេ៕


































ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4053
ម្សិលមិញ
:
5850
សប្តាហ៍នេះ
:
74113
ខែនេះ
:
0230194
សរុប
:
012737783