ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នមូលនិធិប្រាសាទពិភពលោក កំពុងជួសជុលស្តារឡើងវិញនូវប្រាសាទភ្នំបាខែង

បានផ្សាយនៅ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ2016 09:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោមកិច្ចសហការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែងដែលរងការខូចខាតទ្រុឌទ្រោមមួយផ្នែកធំ កំពុងត្រូវបានជួសជុលស្តារឡើងវិញ ដោយស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF) ដែលបានទទួលជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។

លោកស្រី ជាម ផល្លី អ្នកសម្របសម្រួលនៃគម្រោងWMFបានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះថា WMF បានរួមចំណែកអភិរក្ស និងជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ដំបូង មូលនិធិនេះបានចាប់ផ្តើមធ្វើការអភិរក្សជួសជុលនៅប្រាសាទព្រះខ័ន ប្រាសាទតាសោម និងថែវកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត។ ចូលដល់ឆ្នាំ២០០៤ ទើបមូលនិធិនេះចាប់ផ្តើមកិច្ចការស្រាវជ្រាវ និងអភិរក្សជួសជុលនៅប្រាសាទភ្នំបាខែង។ លោកស្រីបន្ថែមថា WMF គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញ ដែលកំពុងអនុវត្តការងារជួសជុលបេតិភណ្ឌពិភពលោកលើបណ្តាប្រទេសនានាប្រហែលជាង៨០ប្រទេស។

និយាយពីលទ្ធផលនៃគម្រោងនេះ លោកស្រីបន្ថែមថា បន្ទាប់ពីសិក្សាស្រាវជ្រាវនិងចងក្រងជាឯកសាររួចរាល់ហើយ នៅឆ្នាំ២០០៦-២០០៧ គម្រោងបានជួសជុលរួចរាល់ជាស្ថាពរនូវជ្រុងនិរតី។ បន្ទាប់មក ជួសជុលនៅផ្នែកពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ដោយពង្រឹងឡើងវិញនូវចំណុចខូចខាត និងបាក់ស្រុត ហើយបន្តទៅពីរផ្នែកផ្សេងទៀតគឺ ជ្រុងឦសាន និងជ្រុងអាគ្នេយ៍បានរួចរាល់ជាស្ថាពរ។ បច្ចុប្បន្ន កំពុងបន្តជួសជុលរចនាសម្ព័ន្ធផ្នែកពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ព្រមទាំងជួសជុលពង្រឹងឡើងវិញនូវប្រាសាទរណបជុំវិញផង ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ។

លោក ហ៊ុន ប៊ុនវឌ្ឍន៍ ស្ថាបត្យករនៃគម្រោងជួសជុលប្រាសាទភ្នំបាខែងលើកឡើងថា ភាពទ្រុឌទ្រោមនៃប្រាសាទភ្នំបាខែងបង្កឡើងដោយកត្តាសំខាន់ៗចំនួន៣គឺ កត្តាធម្មជាតិ កត្តាមនុស្ស និងសម្ភារៈ។ លោកពន្យល់ថា បញ្ហាទឹកភ្លៀងហូរច្រោះ ដើមឈើដុះជ្រៀតថ្មបានបណ្តាលឲ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោមនិងបាក់រលំ គួបផ្សំនឹងសង្រ្គាមក្នុងប្រទេសបណ្តាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទ និងគ្មានការថែទាំនៅពេលនោះផង។ ចំណែកបញ្ហាសម្ភារៈលោកបញ្ជាក់ថា ប្រាសាទភ្នំបាខែងត្រូវបានបុព្វបុរសធ្វើឡើងដោយកាត់ថ្មភ្នំទៅជារាងពីរ៉ាមីត ចំណុចណាដែលគាត់មិនអាចកាត់ចេញជារាងជ្រុង ឬត្រីកោណបាន គាត់បានរៀបថ្មបាយក្រៀមជំនួសវិញ ចំណុចនេះហើយ ដែលធ្វើឲ្យជ្រុងនៃប្រាសាទនេះបាក់រលំ។

លោក ប៊ុនវឌ្ឍន៍ បន្ថែមថា ការជួសជុលស្តារឡើងវិញនេះ ធ្វើឡើងដោយរុះរើផ្នែកដែលទ្រុឌទ្រោមចេញ ហើយដំរៀបថ្មចាស់ឡើងវិញ និងជំនួសដោយថ្មថ្មីខ្លះត្រង់ចំណុចណាដែលចាំបាច់ខានមិនបាន។ ចំពោះថ្មថ្មីដែលប្រើច្រើនបំផុតគឺនៅត្រង់កម្រាល ចំណែកតាមជញ្ជាំងវិញ ក្រុមការងារបានប្រើប្រាស់ថ្មចាស់ៗដែលនៅសេសសល់។ ចំពោះថ្មថ្មីដែលត្រូវប្រើឡើងវិញមានពីរប្រភេទ គឺមួយប្រភេទជាថ្មថ្មីទាំងស្រុង និងមួយប្រភេទទៀត ជាថ្មដែលបានប្រមូលពីគំនរថ្មប្រាសាទ ដែលបានគរចោលតាំងពីសម័យដែលបារាំងបានជួសជុលប្រាសាទនេះមក ដោយមានការឯកភាពពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ។

លោក ជា សារិទ្ធ មន្ត្រីបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់បទពិសោធន៍ និងជួយបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនក្នុងការជួសជុលប្រាសាទនេះដោយផ្ទាល់ បានបញ្ជាក់ថា ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។

ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ ពេលបារាំងចាប់ផ្តើមជួសជុល អភិរក្ស បានរុះរើថ្មព្រះពុទ្ធរូបទៅទុកនៅជ្រុងខាងត្បូងនិងខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្ស បារាំងក៏បានធ្វើកំណាយស្រាវជ្រាវនៅតួប៉មកណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទ និងបានធ្វើការជួសជុលជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាត និងរើតួប៉មប្រាសាទថ្មមួយចំនួនរៀបឡើងវិញ។

ចាប់ពីឆ្នាំ២០០៤ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា បានដំណើរការអភិរក្ស ជួសជុលបន្តពីបារាំងដោយចាប់ផ្តើមពីជ្រុងនិរតី។ បន្ទាប់ពីម្រោងនេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើមធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពីជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើងជាបន្តបន្ទាប់៕














ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
90388
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
315690
ខែនេះ
:
0619198
សរុប
:
015062039