ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្រ្តខ្មែរដល់សិក្ខាកាមអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ2016 08:42 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies, Singapore) បានសហការរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងប្រវត្តិសាស្ត្រកម្ពុជានិងសិង្ហបុរី ដល់សិក្ខាកាមជាតិ-អន្តរជាតិរយៈពេល២៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

វគ្គបណ្តុះបណ្តាលនេះទទួលខុសត្រូវគម្រោងដោយឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងលោក Kyle Latinis ជាសហប្រធានគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា និងសិង្ហបុរី លោក ផេង សំអឿន តំណាងភាគីអាជ្ញាធរជាតិព្រះវិហារ។

មានវត្តមាននាកន្លែងកំណាយនៅអណ្តូងព្រេងក្នុងតំបន់កោះកេរ កឧត្តម ត័ន ប៊ុនស៊ុយ ក៏បានចុះទៅពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តសិក្ខាកាមទាំង១៤នាក់ មកពី១០ប្រទេសដូចជា៖ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌា ញូវហ្សេឡែន និងអូស្ត្រាលីយ៉ាងកក់ក្តៅផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា អ្នកដែលមកចូលរួមនេះ មិនមែនជាអ្នកបុរាណវិទ្យាទាំងអស់ទេ អ្នកខ្លះជាគ្រូបង្រៀនប្រវត្តិសាស្ត្រ អ្នកខ្លះទៀតជាជាតិពន្ធុវិទូ តែពួកគេសុទ្ធតែចង់ដឹងពីការកំណាយស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរ។

លោក អ៊ា ដារិទ្ធ បានបញ្ជាក់ថា ឆ្នាំ២០១៦នេះជាលើកទី២ហើយនៃការបណ្តុះបណ្តាលអន្តរជាតិស្តីពីការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រប្រទេសកម្ពុជានិងសិង្ហបុរី ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលនិងផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ខ្មែរដល់សិក្ខាកាម បង្រៀនពីបច្ចេកទេសស្រាវជ្រាវបុរាណវិទ្យាតាមលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តទៀតថា រយៈពេល២០ថ្ងៃនៃការសិក្សានេះគឺធ្វើឡើងនៅប្រទេសកម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្ររបស់ខ្មែរ ដោយសិក្ខាកាមទាំងអស់ត្រូវធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់អតីតរាជធានីខ្មែរតាំងពីសម័យហ្វូណន (ស.វទី១-៦នៃគ.ស) សម័យចេនឡា (ស.វទី៧-៨នៃគ.ស) សម័យអង្គរ (ស.វទី៩-១៥នៃគ.ស) សម័យលង្វែក (ស.វទី១៦-១៧នៃគ.ស) សម័យឧត្តុង្គ (ស.វទី១៧-១៩នៃគ.ស) និងសម័យទំនើប (ស.វទី១៩-បច្ចុប្បន្ន) ហើយគ្រប់ទីតាំងប្រវត្តិសាស្ត្រទាំងអស់ គឺមានអ្នកជំនាញខ្មែរជាអ្នកធ្វើបទបង្ហាញណែនាំដល់សិក្ខាកាមទាំង១៤រូប។ វគ្គសិក្សានេះ ក៏មានកម្មវិធីបោះជំរុំនៅក្បែរត្រពាំងខ្នារក្នុងតំបន់កោះកេរដើម្បីធ្វើការស្រាវជ្រាវផ្នែកបុរាណវិទ្យានៅលើទីតាំងអតីតរាជធានីសម័យកោះកេរ និងហេដ្ឋារចនាសម្ពន្ធនៃការគ្រប់គ្រងទឹកនាសម័យនោះ ដោយមានមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរានិងអាជ្ញាធរជាតិព្រះវិហារជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់ ដើម្បីបង្រៀនសិក្ខាកាមជាតិនិងអន្តរជាតិ។ បន្ថែមពីនោះទៀត សិក្ខាកាមទាំងអស់ក៏បានសិក្សាស្វែងយល់ពីតួនាទីរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់ឧទ្យានអង្គរ និងតួនាទីរបស់អាជ្ញាធរជាតិព្រះវិហារនៅតំបន់ព្រះវិហារផងដែរ។ រីឯ៥ថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមជាតិ-អន្តរជាតិ នឹងរៀនអំពីរបៀបវិភាគវត្ថុបុរាណ សរសេររបាយការណ៍ ការរៀបចំបទបង្ហាញជាសាធារណៈ និងទស្សនកិច្ចសិក្សាបុរាណដ្ឋាន និងសារមន្ទីរនៅប្រទេសសិង្ហបុរីវិញម្តង។

ក្នុងនាមជាសហប្រធានភាគីសិង្ហបុរីនិងជាអ្នកសម្របសម្រួលកម្មវិធីដែរនោះ លោក KYLE Latinis បានលើកឡើងថា លោកធ្វើការនៅខ្មែររយៈពេល២២ឆ្នាំមកហើយ លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌និងអរិយធម៌ខ្មែរដ៏រុងរឿងនិងគួរឱ្យចាប់អារម្មណ៍បំផុតតាំងពីសម័យហ្វូណនរហូតដល់បច្ចុប្បន្ន។ លោកនឹងជំរុញកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារបន្តទៀតសម្រាប់គម្រោងឆ្នាំក្រោយៗដើម្បីបើកវគ្គបណ្តុះបណ្តាលអន្តរជាតិនេះទៀត ព្រោះមានប្រធានបទជាច្រើនដែលត្រូវសិក្សា ទាំងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ វប្បធម៌ និងប្រាង្គប្រាសាទនានា។ ពិសេសជាងនេះគឺ លោកសប្បាយចិត្តដែលឃើញខ្មែរ មានអ្នកជំនាញអាចធ្វើការប្រកបដោយសមត្ថភាពពិតៗ អាចបង្រៀនដល់បរទេសពីវប្បធម៌របស់ខ្លួនបាន៕














“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
គម្រោងបិទចរាចរណ៍ផ្លូវមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦តទៅ ។ ការអនុវត្តគម្រោងនេះ យើងសង្កេតឃើញថាសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ការដើរកំសាន្តរបស់ភ្ញៀវទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្ត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
6009
ម្សិលមិញ
:
55244
សប្តាហ៍នេះ
:
61253
ខែនេះ
:
0006009
សរុប
:
013697463