ព័ត៌មានថ្មីៗ

ការងារជួសជុលប្រាសាទជាមុខរបរមរតកមួយនៃអ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ2016 02:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ។ រមណីយដ្ឋាននេះមិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។

លោកតា ឈិញ ដោយ គឺជាមនុស្សម្នាក់ដែលបានមានមុខរបរជាកម្មករជួសជុលប្រាសាទ ស្ទើរពេញមួយជីវិត និងកំពុងតែបន្តមរតកនេះដល់ក្មេងៗជំនាន់ក្រោយ។ មានទីលំនៅ នៅភូមិនគរក្រៅ ជាប់នឹងក្រុងអង្គរធំ លោកតា ដោយ ធ្លាប់ការជាកម្មករជួសជុលប្រាសាទស្ទើរគ្រប់ជំនាន់ គឺតាំងពីជំនាន់បារាំង សម័យសង្គ្រាម និងសម័យក្រោយសង្គ្រាម។ សព្វថ្ងៃលោកតា កំពុងធ្វើនៅការដ្ឋានJASA ជួសជុលប្រាសាទបាយ័ន។

“ប្រាសាទនិងផ្ទះរបស់ខ្ញុំវាសឹងតែជាកន្លែងតែមួយទៅហើយ ព្រោះតាំងពីក្មេងមកខ្ញុំនៅតែនឹងប្រាសាទ។ ខ្ញុំធ្វើការក្នុងប្រាសាទតាំងសម័យបារាំង ពេលដែលខ្ញុំមានអាយុប្រហែល១៧ឆ្នាំនៅឡើយ។ សព្វថ្ងៃអាយុ៧០ឆ្នាំហើយ ក៏នៅតែធ្វើការនឹងប្រាសាទដដែល”។

ដោយរៀបរាប់ពីសកម្មភាពការងារជួសជុលប្រាសាទតាំងពីក្មេងមកដល់ពេលនេះ លោកតា ដោយ បញ្ជាក់ថា “ប្រាសាទច្រើនណាស់ ដែលខ្ញុំធ្លាប់បានជួសជុល ដូចជាក្នុងសម័យបារាំង ជួសជុល ប្រាសាទធម្មនន្ទ ប្រាសាទបាភួន ជាដើម។ ក្នុងសម័យសង្គ្រាម គេជម្លៀសខ្ញុំទៅវត្តអធ្វារ ក៏ជួសជុលនៅប្រាសាទវត្តអធ្វារទៀត។ ក្រោយសម័យសង្គ្រាម ខ្ញុំក៏ចូលធ្វើការនៅតាមប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទបាគង ប្រាសាទលលៃ។ តាំងពីជប៉ុនមកជួសជុលប្រាសាទបាយ័ននេះក្នុងឆ្នាំ១៩៩៤មក ខ្ញុំក៏ចូលមកធ្វើជាមួយគេរហូតមក ដោយបន្តជួសជុលនៅប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ននេះឯង”។

“ដំបូងយើងធ្វើតែការងារជាកម្មករធម្មតាៗ ដូចជា ដាប់ថ្ម ឈូសថ្ម ដំរៀបថ្មជាដើម។ ដល់យូរៗទៅ យើងកាន់តែជំនាញ គេឲ្យយើងឆ្លាក់ក្បាច់ខ្លះៗជំនួសក្បាច់ដែលវាខូច។ ឥឡូវយើងកាន់តែចាស់ គេឲ្យយើងជួយបង្ហាត់ក្មេងៗជំនាន់ក្រោយ និងជួយដឹកនាំការងារមើលការងារខុសត្រូវលើក្មេងៗដែលមិនទាន់ចេះច្បាស់។ ខ្ញុំស្រឡាញ់ការងារនេះណាស់ ខ្ញុំមិនមែនធ្វើការតែនៅប្រាសាទទេ ទោះជាខ្ញុំទៅផ្ទះហើយក៏ដោយ ក៏ខ្ញុំតែងគិតមមៃមករកការងារដែលខ្ញុំធ្វើរហូត”។

មិនត្រឹមតែលោកតា ដោយ ម្នាក់ឯងទេ ដែលមកធ្វើការនៅតាមប្រាសាទ កូនរបស់គាត់៦នាក់ផ្សេងទៀត បូករួមនឹងចៅប្រុសម្នាក់ទៀត ក៏កំពុងធ្វើការនៅតាមប្រាសាទដែរ។ “ខ្ញុំមានកូនទាំងអស់១២នាក់ ប៉ុន្តែនៅរស់តែ៨នាក់ទេ។ កូនប្រុសខ្ញុំ៥នាក់ និងចៅប្រុសម្នាក់កំពុងធ្វើការជាមួយខ្ញុំនៅ JASA ជួសជុលប្រាសាទបាយ័ននេះ ចំណែកកូនម្នាក់ទៀត គេធ្វើការជាមួយក្រុមអាមេរិកាំងនៅភ្នំបាខែង”។

ក្រៅពីលោកតាដោយនិងក្រុមគ្រួសាររបស់គាត់ នៅមានអ្នកអង្គររាប់ពាន់ផ្សេងទៀត ដែលមានមុខរបរពាក់ព័ន្ធនឹងកិច្ចអភិរក្សបេតិកភណ្ឌអង្គរ។ ក្រៅពីនេះ អ្នកអង្គរក៏នៅតែជាឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីដូនតាដ៏ច្រើន ដែលតំបន់ផ្សេងៗទៀត មិនសូវយកចិត្តទុកដាក់ ឬបានបោះបង់ចោលទៅហើយ។ កិច្ចពិធីទាំងនេះមានដូចជា ពិធីសុំទឹកភ្លៀង ពិធីឡើងមាឃ ពិធីកោរជុកជាដើម៕
















យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងអភិរក្សបេតិកភណ្ឌជាតិ។ ដោយមូលហេតុនេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ និស្សិតជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន២២នាក់ និងសិស្សានុសិស្សនៃវិទ្យាល័យឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ចំនួន២១នាក់ ត្រូវបានលើកទឹកចិត្តឱ្យមកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួសជុលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
ដើម្បីជាការរួមចំណែកអភិរក្សនិងលើកតម្លៃខ្លោងទ្វារតាកាវនេះឡើងវិញ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានសហការជាមួយវិស័យឯកជនប្រារព្ធពិធីប្រុងពលីដើម្បីដំណើរការជួសជុលខ្លោងទ្វារតាកាវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
១អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយ
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
63009
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
63009
ខែនេះ
:
0063009
សរុប
:
015132812