ព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈនៃការយោគយល់លើកដំបូងរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យានៃសហរដ្ឋម៉ិចស៊ិចកូ

បានផ្សាយនៅ ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ2016 10:26 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ិចស៊ិចកូនៃសហរដ្ឋម៉ិចស៊ិចកូ មានរៀបចំកិច្ចប្រជុំអន្តរជាតិលើកទី១ស្តីពីសារមន្ទីរបុរាណវិទ្យា។ កិច្ចប្រជុំនេះបានរៀបចំឡើងដោយស្ថាប័នជាតិ នៃសហរដ្ឋម៉ិចស៊ិចកូដែលមានឈ្មោះថា វិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា (National Institute of Anthropology and History ហៅកាត់ថា INAH)។ វិទ្យាស្ថាន INAH មានបេសកកម្មពិសេសក្នុងការងារស្រាវជ្រាវ អភិរក្ស ការពារ និងផ្សព្វផ្សាយអំពីបុរេប្រវត្តិ បុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ប្រទេស ម៉ិចស៊ិចកូ។ ប្រទេសធំៗមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះមានដូចជា៖ អេស្ប៉ាញ ទួគី ពេរូ ប្រេស៊ីល ហូឡង់ដ៍ និងព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានទទួលការអញ្ជើញពីក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា និងទេសចរណ៍វប្បធម៌ដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបាន និងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខណ្ឌបេតិកភណ្ឌពិភពលោក។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា រមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោកដែលមានការគ្រប់គ្រងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នក ជំនាញជាតិ និងអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើ បទពិសោធន៍ទាំងនេះហើយ ទើបក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ អញ្ជើញគណៈប្រតិភូពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញអំពីបទពិសោធន៍ និងសមិទ្ធផលនៃការគ្រប់គ្រងរមណីយដ្ឋានពិភពលោកអង្គរ។ ឯកឧត្តម សុខ សង្វារ ចែករំលែកបទពិសោធន៍ក្រោមប្រធានបទ “ការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានពិភពលោកអង្គរ” និងលោក លី វណ្ណា ធ្វើបទបង្ហាញស្តីពី “អង្គរជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងសារមន្ទីររស់”។

ក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបាន ទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់មួយ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា របស់ប្រទេសម៉ិចស៊ិចកូ។ អនុស្សរណៈនេះគឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិរក្សបេតិកភណ្ឌ វប្បធម៌ និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌នៃប្រទេសទាំងពីរកម្ពុជា និង ម៉ិចស៊ិចកូ។

លោកអ្នកអាចស្វែងរករូបភាព និងវីដេអូមួយចំនួនពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចខាងលើតាមរយៈ Account Facebook: Sok Sangvar








ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលសរុបប្រវែង៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាឮ ជួសជុលសម្រេចបានក្នុងរយៈ៨ឆ្នាំកន្លងមកនេះ។
ក្នុងសន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ក្រោមប្រធានបទ“ការសិក្សាអំពីបេតិកភណ្ឌទឹកដើម្បីការអភិវឌ្ឍប្រចាំតំបន់ប្រកបដោយភាពច្នៃប្រឌិត” លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានធ្វើបទអន្តរាគមន៍ស្ដីពីវប្បធម៌ និងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គសន្និសីទទាំងមូល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0970
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
23688
ខែនេះ
:
0304517
សរុប
:
010260664