ព័ត៌មានថ្មីៗ

ការចុះអនុស្សរណៈនៃការយោគយល់លើកដំបូងរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យានៃសហរដ្ឋម៉ិចស៊ិចកូ

បានផ្សាយនៅ ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ2016 10:26 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ិចស៊ិចកូនៃសហរដ្ឋម៉ិចស៊ិចកូ មានរៀបចំកិច្ចប្រជុំអន្តរជាតិលើកទី១ស្តីពីសារមន្ទីរបុរាណវិទ្យា។ កិច្ចប្រជុំនេះបានរៀបចំឡើងដោយស្ថាប័នជាតិ នៃសហរដ្ឋម៉ិចស៊ិចកូដែលមានឈ្មោះថា វិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា (National Institute of Anthropology and History ហៅកាត់ថា INAH)។ វិទ្យាស្ថាន INAH មានបេសកកម្មពិសេសក្នុងការងារស្រាវជ្រាវ អភិរក្ស ការពារ និងផ្សព្វផ្សាយអំពីបុរេប្រវត្តិ បុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ប្រទេស ម៉ិចស៊ិចកូ។ ប្រទេសធំៗមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះមានដូចជា៖ អេស្ប៉ាញ ទួគី ពេរូ ប្រេស៊ីល ហូឡង់ដ៍ និងព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានទទួលការអញ្ជើញពីក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា និងទេសចរណ៍វប្បធម៌ដែលសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបាន និងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខណ្ឌបេតិកភណ្ឌពិភពលោក។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា រមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោកដែលមានការគ្រប់គ្រងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នក ជំនាញជាតិ និងអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើ បទពិសោធន៍ទាំងនេះហើយ ទើបក្រសួងវប្បធម៌នៃសហរដ្ឋម៉ិចស៊ិចកូ អញ្ជើញគណៈប្រតិភូពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញអំពីបទពិសោធន៍ និងសមិទ្ធផលនៃការគ្រប់គ្រងរមណីយដ្ឋានពិភពលោកអង្គរ។ ឯកឧត្តម សុខ សង្វារ ចែករំលែកបទពិសោធន៍ក្រោមប្រធានបទ “ការគ្រប់គ្រងទេសចរណ៍នៅរមណីយដ្ឋានពិភពលោកអង្គរ” និងលោក លី វណ្ណា ធ្វើបទបង្ហាញស្តីពី “អង្គរជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងសារមន្ទីររស់”។

ក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបាន ទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់មួយ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា របស់ប្រទេសម៉ិចស៊ិចកូ។ អនុស្សរណៈនេះគឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិរក្សបេតិកភណ្ឌ វប្បធម៌ និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌នៃប្រទេសទាំងពីរកម្ពុជា និង ម៉ិចស៊ិចកូ។

លោកអ្នកអាចស្វែងរករូបភាព និងវីដេអូមួយចំនួនពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចខាងលើតាមរយៈ Account Facebook: Sok Sangvar








ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
11390
ម្សិលមិញ
:
14534
សប្តាហ៍នេះ
:
46051
ខែនេះ
:
0124677
សរុប
:
009874363