NEWS

Banteay Srei is an ancient attractive temple in Angkor

Published on 20 October 2016 08:22 AM Post By ៖ Apsara National Authority

ប្រាសាទបន្ទាយស្រី មិនដឹងថាមានឈ្មោះដើមថាដូចម្តេចទេ។ តាមរយៈសិលាចារឹកប្រាសាទនេះសរសេរថា សាងទ្បើងនៅឆ្នាំ៩៦៧នៃគស ក្នុងរាជការព្រះបាទរាជេន្រ្ទវរ្ម័ន ដើម្បីឧទ្ទិសដល់ព្រះឥសូរនៃសាសានាព្រាហ្មណ៍ នៅក្នុងស្រុកមួយដែលមានឈ្មោះ «ស្រីឦស្វរបុរ» ប្រែថា "បុរីដែលជាទីឋានរបស់ឥសូរ"។

ប្រាសាទបន្ទាយស្រីមានរាងតូចច្រឡឹង លម្អដោយក្បូរក្បាច់រចនាយ៉ាងល្អិតឆ្មារដ៏ស្រស់ស្អាតនៅលើផ្ទាំងថ្មពណ៌‌ផ្កាឈូក។ មិនតែប៉ុណ្ណោះមានចម្លាក់ផ្កាភ្ញី និងរឿងទេវកថាផ្សេងៗទាក់ទងនឹងព្រះឥសូរ ព្រះនារាយណ៍ រឿងរាមកេរ្តិ៍ រឿងមហាភារតជាដើមយ៉ាងរស់រវើកនៅលើផ្តែរនិងហោរជាងផងដែរ។

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបនិងមានចម្ងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែន។ រចនាសម្ពន្ធប្រាសាទសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូកនិងឥដ្ឋរាង៤ជ្រុងទ្រវែងលើដីរាបស្មើ មានគូទឹកព័ទ្ធជុំវិញ ហើយមានតួប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅទិសខាងកើត ដោយប្រាង្គកណ្តាលឧទ្ទិសថ្វាយព្រះឥសូរក្រោមរូបស្នងជាសិវលិង្គ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្ម និងខាងជើងឧទ្ទិសថ្វាយដល់ព្រះនារាយណ៍។

ប្រាសាទបន្ទាយស្រីត្រូវបានចុះបញ្ជីបេតិកភណ្ឌដោយអ្នកអភិរក្សជាតិបារាំងនៅឆ្នាំ១៩១៦ ហើយចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានធ្វើការត្រួសត្រាយព្រៃនិងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលលើកដំបូងតាមបច្ចេកទេសអាណាស្ទីឡូ ដឹកនាំដោយលោក Henry Marchal ដោយយកលំនាំតាមការជួសជុលប្រាសាទ Prambananកោះជ្វាកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ ការជួសជុលពេលនោះ គឺធ្វើឡើងទៅលើប្រាសាទកណ្តាល និងរចនាសម្ពន្ធខ្លះៗ តែនៅមានរចនាសម្ពន្ធជាច្រើនទៀតដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត។

ចាប់ពីឆ្នាំ១៩៩៤មក អាជ្ញាធរជាតិអប្សរាដែលមានភារកិច្ចថែរក្សា គ្រប់គ្រង រៀបចំតំបន់រមណីយដ្ឋានអង្គរ ក៏បានធ្វើការជួសជុលនិងអភិរក្សប្រាសាទបន្ទាយស្រីដោយអ្នកជំនាញខ្មែរ ដូចជារៀបចំគំនរថ្ម ផ្តែរ ហោរជាងដែលធ្លាក់រប៉ាត់រប៉ាយឱ្យមានរៀបរៀបរយ ជួសជុលខ្លោងទ្វារ បោចស្មៅលើប្រាសាទ ថែរក្សាបរិស្ថានជាដើម។ លើសពីនេះក៏បានរៀបចំទិសដៅទស្សនា អាហារដ្ឋាន កន្លែងលក់ដូរ ចំណតយានយន្តគ្រប់ប្រភេទឱ្យមានសណ្តាប់ធ្នាប់ល្អ បញ្ជរទទួលភ្ញៀវ កន្លែងសង្គ្រោះបឋមដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងបង្កើតក្រមប្រតិបត្តិអង្គរឱ្យភ្ញៀវគោរពតាមផងដែរ។ លើសពីនេះទៅទៀត មានផ្លូវខ្វាត់ខ្វែងអមដោយទេសភាពពណ៌បៃតងស្រស់បំព្រងនារដូវវស្សា ពិតជាគួរឱ្យគយគន់និងផ្តិតយករូបភាពទុក។

ចំពោះកន្លែងទស្សនាវិញ ក្រៅពីមានប្រាង្គប្រាសាទដ៏ល្អវិសេសវិសាល និងមានភាពល្បីល្បាញក្នុងប្រវត្តិសាស្ត្រហើយនោះ អ្នកទេសចរប្រហែលមិនដឹងទេថា នៅទីនោះមានកន្លែងទស្សនាជាច្រើន ដូចជាកន្លែងតាំងពិព័រណ៍ ដែលមានតាំងបង្ហាញពីការរុករកឃើញប្រាសាទ ការធ្វើកំណាយជាដើម។ នៅមានកន្លែងមើលសត្វ ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិថែមទៀត។ ចំណុចទាំងនេះហើយដែលធ្វើឱ្យបុរាណដ្ឋានប្រាសាទបន្ទាយស្រីទទួលបានការទាក់ទាញ ការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកទេសចរជាតិ-អន្តរជាតិ បើទោះបីប្រាសាទមានបរិវេណតូចចង្អៀតក៏ដោយ។

បើតាមការបញ្ជាក់ពីកន្លែងបញ្ជរលក់សំបុត្របានប្រាប់ថា ក្នុងមួយថ្ងៃៗនៃរដូវភ្ញៀវឡើង គឺមានអ្នកចូលទស្សនាប្រាសាទបន្ទាយស្រីចន្លោះពី១០០០ទៅ២០០០នាក់ ឯរដូវភ្ញៀវធ្លាក់ចុះ គឺមានចន្លោះពី៨០០ទៅ១០០០នាក់ជាង។ ទន្ទឹមនឹងការមានភ្ញៀវទេសចរចូលទស្សនាច្រើនដូច្នេះ អាជ្ញាធរជាតិអប្សរាក៏បានដាក់ភ្នាក់ងារទេសចរណ៍និងបុគ្គលិកផ្នែកវប្បធម៌ឱ្យនៅចាំមើលភ្ញៀវផងដែរ ក្រែងលោភ្ញៀវប្រព្រឹត្តខុសឆ្គងនាំឱ្យប៉ះពាល់ដល់ប្រាសាទឬគ្រោះថ្នាក់ដល់ភ្ញៀវខ្លួនឯងផ្ទាល់ ព្រមទាំងជួយសម្រួលដល់កិច្ចមួយចំនួនដល់ភ្ញៀវផងដែរដូចជា ណែនាំភ្ញៀវ ជួយសង្គ្រោះភ្ញៀវជាដើម។

បើតាមលោក ហ៊ន ស្រស់ បុគ្គលិកនៃនាយកដ្ឋានវប្បធម៌បានប្រាប់ថា ភ្ញៀវភាគច្រើនដែលមកទស្សនានៅទីនេះគឺជនជាតិចិន ហើយបញ្ហាប្រឈមដែលភ្ញៀវតែប្រព្រឹត្ត គឺការស្លៀកពាក់ស៊ិចស៊ី ដែលការទប់ស្កាត់ដំបូង ពួកគាត់មានការមិនពេញចិត្តច្រើន តែក្រោយមកគឺមិនជាបញ្ហាអីទេ ព្រោះពួកគាត់បានយល់ពីការផ្សព្វផ្សាយ។ ចំណែកបញ្ហាផ្សេងៗ គឺមានការមិនបិទឆត្រ ការប៉ះពាល់រូបចម្លាក់តិចតួច តែក៏មានការអន្តរាគមន៍និងចូលរួមអនុវត្តតាមបានយ៉ាងល្អដែរ៕


















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
2685
Yesterday
:
26968
This Week
:
29653
This Month
:
0174095
Total
:
010130242