ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះបណ្តុះបណ្តាលប្រជាពលរដ្ឋនៅភូមិស្រះស្រង់អំពីការគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ

បានផ្សាយនៅ ថ្ងៃទី 18 ខែ តុលា ឆ្នាំ2016 09:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាសហការជាមួយអ្នកស្ម័គ្រចិត្តនៃអង្គការ Naga Earth ចុះបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ គោលបំណងចម្បងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ជំរុញឲ្យប្រជាពលរដ្ឋយកចិត្តលើការគ្រប់គ្រងថង់ផ្លាស្ទិក និងអនាម័យ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នករៀបចំកម្មវិធីផ្សព្វផ្សាយនេះបញ្ជាក់ថាគម្រោងបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាមនឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ ទៅលើ៣ទីតាំងផ្សេងគ្នាគឺ ភូមិស្រះស្រង់ខាងជើង ភូមិរហាល និងអាជីវករនៅផ្សារឡាក់។ ការសម្រេចជ្រើសរើសយកគោលដៅទាំង៣នេះមកអនុវត្តការផ្សព្វផ្សាយមុនគេ ដោយសារក្រុមការងារបានសង្កេតឃើញប្រជាពលរដ្ឋនៅទីនេះ មានការរស់នៅនិងទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវនៅឡើយ។ លោកបន្ថែមថា មិនត្រឹមតែផ្សព្វផ្សាយបណ្តុះបណ្តាលប៉ុណ្ណោះទេ ក្រុមការងារក៏បានពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ដើម្បីបន្ថែមទីតាំងទុកដាក់សំរាមក្នុងភូមិបន្ថែមទៀត។

កញ្ញា cécile Laval ជនជាតិបារាំងដែលជាអ្នកសម្របសម្រួលគម្រោង PAAGERA បញ្ជាក់ថា កញ្ញាពិតជារីករាយដែលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាមដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។ គម្រោងនេះ មិនត្រឹមតែផ្តោតទៅលើការគ្រប់គ្រងសំរាមប៉ុណ្ណោះទេ តែគឺគិតគូរដល់អនាម័យ និងការប្រើប្រាស់ទឹកដែលប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋទៀតផង។ កម្មវិធីបណ្តុះបណ្តាលលើការគ្រប់គ្រងសំរាមគឺជាជំហានដំបូងដែលគម្រោងកំពុងអនុវត្តទៅលើទីតាំងសាកល្បងទាំងនេះ។

អ្នកគ្រូ រ៉ន សារួម គ្រូបណ្តុះបណ្តាលស្ម័គ្រចិត្តនៃអង្គការ Naga Earth បញ្ជាក់ថា មេរៀនដែលបានបង្ហាញជូនអ្នកភូមិនៅពេលនេះគឺ ពន្យល់អំពីអ្វីជាផ្លាស្ទិក តម្រូវការប្រើប្រាស់ផ្លាស្ទិកនៅពេលបច្ចុប្បន្ន ផលអាក្រក់នៃផ្លាស្ទិក និងរបៀបកាត់បន្ថយក្នុងការប្រើប្រាស់ផ្លាសិ្ទក។ អ្នកគ្រូបញ្ជាក់ថា វគ្គបណ្តុះបណ្តាលពេលនេះហាក់មានភូមិចូលរួមបានតិចតួច និងពេលវេលាខ្លីពេកក្នុងការពន្យល់មេរៀន តែអ្នកគ្រូបានសំណូមពរសុំឲ្យអាជ្ញាធរមូលដ្ឋានភូមិឃុំ ជំរុញអ្នកភូមិឲ្យចូលរួមកាន់តែច្រើន និងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើន។

អ្នកស្រី រ៉ាន់ ឡាប អាយុ៦១ឆ្នាំ ជាប្រជាពលរដ្ឋភូមិស្រះស្រង់ខាងជើង ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបានរៀបរាប់ថា អ្នកស្រីពេញចិត្តនឹងកម្មវិធីបណ្តុះបណ្តាលនេះ។ អ្នកស្រីប្តេជ្ញាថានឹងយកមេរៀននេះទៅអនុវត្តក្នុងគ្រួសាររបស់គាត់ និងណែនាំអ្នកផ្សេងទៀតដែលអាចណែនាំបាន ដើម្បីឲ្យចូលរួមសម្អាតបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ៕










នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9700
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
126179
ខែនេះ
:
0270621
សរុប
:
010226768