ព័ត៌មានថ្មីៗ

ពិព័រណ៍រូបថតនៃទេសភាពភ្នំហ័ងសាន ត្រូវបានរៀបចំឡើងនៅប្រាសាទបន្ទាយស្រីរយៈពេល២ខែ

បានផ្សាយនៅ ថ្ងៃទី 13 ខែ តុលា ឆ្នាំ2016 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រូបថតស្តីពីទេសភាពនៃភ្នំហ័ងសាន នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០ផ្ទាំង ត្រូវបានដាក់តាំងបង្ហាញភ្ញៀវជាតិ និងអន្តរជាតិទស្សនា ក្នុងមជ្ឈមណ្ឌលស្វាគមន៍ភ្ញៀវចូលទៅទស្សនាប្រាសាទបន្ទាយស្រីរយៈពេល២ខែ។ ពិព័រណ៍រូបថតនេះ ត្រូវបានរៀបចំឡើងតែមួយថ្ងៃបន្ទាប់ពីអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋានហ័ងសាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងរមណីយដ្ឋានពិភពលោកទាំងពីរ គឺអង្គរ និងភ្នំហ័ងសាន។

មានប្រសាសន៍ក្នុងពិធីបើកសម្ពោធពិព័រណ៍ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ អភិបាលក្រុងហ័ងសាន ឯកឧត្តម Kong Xiaohong បានបញ្ជាក់ថា រមណីយដ្ឋានហ័ងសានជានិមិត្តរូបនៃជាប្រជាជាតិចិន ដូចគ្នានឹងអង្គរ ដែលជានិមិត្តរូបនៃប្រជាជនកម្ពុជាដែរ។ ជារៀងរាល់ឆ្នាំរមណីយដ្ឋានហ័ងសានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៤លាននាក់ ប្រហាក់ប្រហែលគ្នានឹងរមណីយដ្ឋានអង្គរដែរ។ ចាប់ពីពេលនេះតទៅ សម្ព័ន្ធភាពនៃរមណីយដ្ឋានពិភពលោកទាំងពីរនេះនឹងកាន់តែជិតស្និទ្ធ ហើយតាមរយៈពិព័រណ៍រូបថតពីគ្នាទៅវិញទៅមក ក៏នឹងអាចធ្វើឲ្យមានកំណើតផ្លាស់ប្តូរគ្នាកាន់តែច្រើនដែរ។

ឯកឧត្តម សុខ សង្វារ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានបញ្ជាក់ថា ពិព័រណ៍រូបថតនៃរមណីយដ្ឋានហ័ងសាន ដែលរៀបចំឡើងនៅពេលនេះ គឺជាផ្លែផ្កាដំបូងបង្អស់នៃសម្ព័ន្ធភាពរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាន បន្ទាប់ពីស្ថាប័នគ្រប់គ្រងនៃរមណីយដ្ឋានទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នារួចមក។ រូបភាពនៃរមណីយដ្ឋានអង្គរក៏នឹងត្រូវរៀបចំដាក់តាំងពិព័រណ៍ នៅឯរមណីយដ្ឋានហ័ងសានក្នុងពេលឆាប់ៗខាងមុខនេះដែរ។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែតុលានេះ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាចំនួនពីររូបនឹងចេញដំណើរទៅជាមួយគណៈប្រតិភូនៃរមណីយដ្ឋានហ័ងសាន ដើម្បីសហការពិនិត្យមើលទីតាំងរៀបចំពិព័រណ៍អង្គរនៅទីនោះ។

ឯកឧត្តមបន្ថែមថា ក្រៅពីការរៀបចំពិព័រណ៍រូបថត ស្ថាប័នគ្រប់គ្រងរមណីយដ្ឋានទាំងពីរនឹងសហការលើការបណ្តុះបណ្តាលមន្ត្រីជំនាញ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកស្តីពីការងារគ្រប់គ្រង ការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានពិភពលោកទាំងពីរ។ មិនតែប៉ុណ្ណោះ ជំនួយបច្ចេកទេសស្តីពីការរៀបចំទេសចរណ៍នៅតាមភ្នំ ក៏ជាចំណុចពិសេស ដែលយើងសង្ឃឹមថានឹងទទួលបានបទពិសោធន៍ពីស្ថាប័នគ្រប់គ្រងរមណីយដ្ឋានហ័ងសាន ដើម្បីមករៀបចំនៅតំបន់អង្គរយើងដែរ៕






























នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
5871
ម្សិលមិញ
:
29714
សប្តាហ៍នេះ
:
118172
ខែនេះ
:
0203028
សរុប
:
012028659