ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងភ្ញៀវទេសចរសម្តែងការសប្បាយរីករាយ បន្ទាប់ពីផ្លូវតាមខ្នងទំនប់បារាយណ៍ទឹកថ្លាស្រឡះល្អស្រួលធ្វើដំណើរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ តុលា ឆ្នាំ2016 06:03 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រោយពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រី ត្រួសត្រាយមែកឈើដុះលយចេញមកគ្របដងផ្លូវបណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ នាពេលភ្ជុំបិណ្ឌកន្លងមក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានឆ្លងកាត់ខ្នងទំនប់បារាយណ៍ទឹកថ្លា បានសម្តែងការត្រេកអរនិងអបអរសាទរគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ប្រជាពលរដ្ឋ អ្នកធ្វើដំណើរនិងភ្ញៀវទេសចរដែលបានមកលេងបារាយណ៍ទឹកថ្លាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ បានសម្តែងការស្វាគមន៍អបអរសាទរ និងត្រេកអរសប្បាយរីករាយ នៅពេលពួកគាត់ឃើញតាមដងផ្លូវលើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ ស្រឡះស្អាត ធំទូលាយ និងងាយស្រួលក្នុងការធ្វើដំណើរ។

អ៊ុំស្រី កុក យិប ជាអ្នកលក់ដូរនៅលើខ្នងទំនប់បារាយណ៍ បាននិយាយថាអុំស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញតាមដងផ្លូវលើខ្នងទំនប់បារាយណ៍នេះ ធំទូលាយ ស្រឡះស្អាត ងាយស្រួលធ្វើដំណើរទាំងថ្ងៃទាំងយប់មិនពិបាកដូចមុនទៀតទេ។ អ៊ុំស្រីបញ្ជាក់ថា រយៈកាលកន្លងមក មានការត្អូញតែ្អរពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរនិងភ្ញៀវទេសចរ។ ពួកគាត់ពិបាកធ្វើដំណើរដោយសារមានមែកឈើដុះលយចេញមកគ្របបាំងលើដងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀតលំបាកជៀសគ្នា និងបាំងមើលគ្នាមិនឃើញ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។

លោក ខេត្ត ជាអ្នកធ្វើដំណើរបានសម្តែងការសប្បាយរីករាយផងដែរ នៅពេលឃើញផ្លូវលើខ្នងបារាយណ៍ ធំទូលាយ ស្រឡះស្អាត ស្រួលធ្វើដំណើរ។ ទន្ទឹមគ្នានេះដែរ លោកក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរនិងភ្ញៀវទេសចរដែលធ្វើដំណើរតាមដងផ្លូវទំនប់បារាយណ៍ទឹកថ្លានេះ និងសូមជូនពរឲ្យថ្នាក់ដឹកនាំ មន្រី្តបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

គួររំឭកផងដែរថាអាជ្ញាធរជាតិអប្សរាបានកាត់ក្រី និងត្រួសត្រាយមែកឈើដែលដុះលយចេញមកគ្របបាំងលើដងផ្លូវតាមខ្នងទំនប់បារាយណ៍ទឹកថ្លាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ដើម្បីលើកកម្ពស់សោភ័ណភាពនិងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដែលអាចនឹងកើតមានឡើងនៅពេលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរធ្វើដំណើរទៅវិញទៅមកលើខ្នងទំនប់បារាយណ៍ទឹកថ្លានេះ ៕








ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
ដើមដំបូងមុន12345...326327បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
2040
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
113775
ខែនេះ
:
0070981
សរុប
:
011533577