ព័ត៌មានថ្មីៗ

យុទ្ធនាការទប់ស្កាត់បទល្មើសព្រៃឈើក្នុងឧទ្យានអង្គរមុនរដូវប្រាំងចូលមកដល់

បានផ្សាយនៅ ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ2016 05:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយបទពិសោធន៍នារដូវប្រាំងកន្លងទៅ អ្នកស្រុកនាំគ្នាដុតព្រៃពង្រីកដីកសិកម្ម នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ឆ្នាំនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយអំពីគោលការណ៍អភិរក្សព្រៃឈើក្នុងតំបន់បេតិកភណ្ឌពិភពលោក ទៅកាន់ប្រជាពលរដ្ឋតាមភូមិដែលធ្លាប់មានបញ្ហាកន្លងមក។ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារចម្រុះបានចុះទៅផ្សព្វផ្សាយ នៅភូមិភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦ភូមិ ដែលស្ថិតនៅក្នុងឃុំប្រដាក ឃុំលាងដៃ និងឃុំគោកចក ដែលក្រុមការងារត្រូវចុះផ្សព្វផ្សាយដើម្បីបញ្ជ្រាបដល់ពួកគាត់ អំពីការងារអភិរក្សព្រៃឈើ។ ការកំណត់គោលដៅផ្សព្វផ្សាយទៅលើភូមិទាំង៦នេះ ដោយសារខែប្រាំងកន្លងទៅ ក្រុមការងារបានរកឃើញបទល្មើសដុតព្រៃដើម្បីពង្រីកដីធ្វើកសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើក្នុងតំបន់អង្គរ។

លោកសាមៀនបន្ថែមថា “ការដុតព្រៃពង្រីកដីធ្វើកសិកម្មនេះ មិនមែនជាដីរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងស្រុងទេ គឺមួយចំនួនធំយើងបានរកឃើញថា អ្នកមានលុយកាក់ដែលមិនមែននៅក្នុងឧទ្យានអង្គរ តែពួកគាត់បានជួលអ្នកស្រុកឲ្យកាប់និងដុតព្រៃឲ្យពួកគាត់ ដើម្បីធ្វើកសិកម្មផ្សេងៗ។ ឥឡូវនេះ យើងសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងឧទ្យានុរក្សដើម្បីចុះអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងចូលរួមថែរក្សាទាំងអស់គ្នា។ យើងសុំឲ្យពួកគាត់គឺជាក្រុមអភិរក្សព្រៃដែរ បើមានករណីបទល្មើសកើតឡើង ត្រូវរួមគ្នាទប់ស្កាត់និងរាយការណ៍ជាបន្ទាន់មកក្រុមការងារយើង”។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារចុះផ្សព្វផ្សាយបានចំនួន៣ភូមិហើយ នៅសល់៣ភូមិទៀត ក្រុមការងារនឹងចុះផ្សព្វផ្សាយឲ្យបានចប់មុនរដូវប្រាំង ជារដូវកាលដែលពួកគាត់តែងដុតព្រៃយកដីធ្វើកសិកម្ម។ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារក៏បានពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើចំពោះជីវភាពប្រចាំថ្ងៃ ចំពោះប្រាសាទ និងជាពិសេស គឺតម្លៃបេតិកភណ្ឌដែលជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ជាតិ និងពិភពលោកទាំងមូល។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននឹងបានយល់ដឹងកាន់តែច្បាស់ ហើយចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារអភិរក្សជាមិនខាន៕








បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។
កំពែងអង្គរធំភាគខាងជើងដែលមានប្រវែង១៤ម៉ែត្រ ត្រូវបានក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលដោយជោគជ័យទាំងស្រុងហើយកាលពីចុងខែមីនាកន្លងទៅ។ នេះជាសមិទ្ធផលនៃគម្រោងជួសជុលកំពែងអង្គរធំជំហានទី២ ក្រោយពីកំពែងអង្គរធំភាគឦសានប្រវែង៨ម៉ែត្រកម្ពស់៧ម៉ែត្រកន្លះ ដែលជាជំហានទី១ ត្រូវបានក្រុមអ្នកជំនាញ ធ្វើការជួសជុលរួចរាល់កាលពីចុងខែធ្នូឆ្នាំ២០១៥កន្លងទៅ។
មហាព្រឹតិ្តការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំឡើង ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ នៅលើទឹកដីនៃទីក្រុងវប្បធម៌សៀមរាបអង្គរ បានបិទបញ្ចប់ហើយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅគឺ ការជួបជុំ និងសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត រួមទាំងឥស្សរជនជាតិដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍នេះ។
អាជ្ញាធរជាតិអប្សរាគ្រោងនឹងចាប់ដៃគូពង្រឹងវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯក ជាមួយមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)។ នេះបើតាមខ្លឹមសារនៃកិច្ចពិភាក្សានាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា រវាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ឡាន ហ៊ុយយេន (Lan Huiyan) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនហ្វវើដ ដែលជាក្រុមហ៊ុនអនុវត្តគម្រោងនៃមជ្ឈមណ្ឌល CAPROC។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
19333
ម្សិលមិញ
:
21159
សប្តាហ៍នេះ
:
102990
ខែនេះ
:
0114171
សរុប
:
009582928