ព័ត៌មានថ្មីៗ

ភ្នាក់ងារព្រៃឈើទទួលបានឯកសណ្ឋានថ្មី និងអនុសាសន៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំដើម្បីពង្រឹងការយាមល្បាតព្រៃឈើតំបន់អង្គរឲ្យបានគង់វង្ស

បានផ្សាយនៅ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ2016 02:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ភ្នាក់ងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដែលមានកាតព្វកិច្ចយាមល្បាតព្រៃឈើ ទប់ស្កាត់បទល្មើសព្រៃឈើ និងណែនាំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលឯកសណ្ឋានថ្មីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានឹងពិធីប្រគល់ឯកសណ្ឋានថ្មីនេះ ឯកឧត្តមអគ្គនាយករងក៏បានផ្តល់អនុសាសន៍ និងយុទ្ធសាស្ត្របន្ថែមល្អៗដល់ភ្នាក់ងារព្រៃឈើទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើក្នុងតំបន់អង្គរទាំងមូល។ លើសពីការទប់ស្កាត់ ការដាំដុះបន្ថែម និងការអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់អំពីសារៈសំខាន់នៃព្រៃឈើចំពោះប្រាង្គប្រាសាទ គឺជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សព្វថ្ងៃភ្នាក់ងារព្រៃឈើក្នុងតំបន់អង្គរទាំងមូលមានចំនួន៨០រូប ដែលតែងចុះល្បាតតាមព្រៃ ទប់ស្កាត់បទល្មើសព្រៃឈើ និងដាំបន្ថែមជាប្រចាំ។ ភ្នាក់ងារទាំងនេះភាគច្រើនគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ។ លោកបន្ថែមថា “យើងផ្តល់ការងារដល់ពួកគាត់តាមសមត្ថភាពដែលពួកគាត់មាន និងម្យ៉ាងទៀតពួកគាត់ជាអ្នកស្រុកអង្គរស្រាប់ គាត់ស្គាល់ព្រៃរបស់ពួកគាត់ច្បាស់ មានបញ្ហាកើតឡើងគឺពួកគាត់ដឹងលឿន និងទប់ស្កាត់បានទាន់ពេលវេលា”។

ដោយនិយាយពីមធ្យោបាយធ្វើដំណើរយាមល្បាតព្រៃឈើ លោកបញ្ជាក់ថា ភ្នាក់ងារព្រៃឈើទាំងអស់ទទួលបានកង់ម្នាក់មួយ ដើម្បីជិះយាមល្បាតតាមតំបន់ដែលខ្លួនទទួលខុសត្រូវ។ ចំណែកប្រធានក្រុម ដែលភាគច្រើនគឺជានិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងព្រៃឈើ ទទួលបានម៉ូតូមួយគ្រឿងសម្រាប់បំពេញការងាររបស់ខ្លួន។

គួរបញ្ជាក់ថា ព្រៃឈើនៅតំបន់អង្គរសព្វថ្ងៃមានចំនួនជាង១៣%នៃផ្ទៃដីសរុប។ ចំនួននេះនៅតិចតួចនៅឡើយ បើធៀបនឹងតម្រូវការព្រៃឈើក្នុងឧទ្យានអង្គរទាំងមូល ព្រោះថា ព្រៃឈើមានសារៈសំខាន់ណាស់ចំពោះប្រាសាទ។ ព្រៃឈើជារនាំងការពារខ្យល់ព្យុះកុំឲ្យបក់បោកខ្លាំងមកលើប្រាសាទ ជារនាំងការពារទឹកជំនន់ហូរច្រោះប្រាសាទ ផ្តល់ម្លប់ត្រជាក់ដល់ប្រាសាទ និងជាពិសេស គឺជាទេសភាពវប្បធម៌ដែលជួយលើកសម្រស់ប្រាង្គប្រាសាទឲ្យមានសោភណភាពគួរគយគន់ពន់ពេកដល់ភ្ញៀវទេសចរ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើបន្ថែមក្នុងតំបន់អង្គរយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបានល្អប្រសើរ៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
7183
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
147802
ខែនេះ
:
0451310
សរុប
:
014894151