ព័ត៌មានថ្មីៗ

ពិធីបិណ្ឌតូចរបស់អ្នកស្រុកក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កញ្ញា ឆ្នាំ2016 12:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជារដូវបុណ្យភ្ជុំបិណ្ឌដែលប្រជាជនខ្មែរ ទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំតពីដូនតាមិនដែលខកខាន។ ដោយឡែកតាមទំនៀមរបស់អ្នកស្រុកអង្គរ នៅថ្ងៃ១៥កើតខែភទ្របទ ពោលគឺមួយថ្ងៃមុនពិធីកាន់បិណ្ឌទី១ ពួកគាត់តែងយកម្ហូបអាហារ នំអន្សម បង្អែមចម្អាបទៅកាន់ទីវត្តអារាមជុំគ្នា ដើម្បីវេរប្រគេនព្រះសង្ឃឧទ្ទិសកុសលផលបុណ្យជូនដូនតាដែលបាក់បែកចែកឋានទៅហើយ នៅក្នុងពិធីមួយដែលតែងហៅថា «បិណ្ឌតូច»

ទាក់ទងនឹងពិធី «បិណ្ឌតូច» នេះដែរ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា អ្នកស្រុកក្នុងតំបន់ឧទ្យានអង្គរប្រារព្ធពិធី «បិណ្ឌតូច» គឺនៅថ្ងៃពេញបូណ៌ខែភទ្របទ ពោលគឺមួយថ្ងៃមុនកាន់បិណ្ឌទី១។ ចំពោះការប្រារព្ធពិធីបុណ្យ «បិណ្ឌតូច» និង «បិណ្ឌធំ ឬ ភ្ជុំបិណ្ឌ» មិនមែនមានតែនៅខ្មែរទេ គឺបងប្អូនខ្មែរសុរិន្ទដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ ក៏បានធ្វើបុណ្យ «បិណ្ឌតូច» «បិណ្ឌធំ ឬ ភ្ជុំបិណ្ឌ» នេះដូចគ្នា តែមិនមានពិធីកាន់បិណ្ឌដូចខ្មែរទេ។ ដោយឡែកជនជាតិលាវនៅសុរិន្ទសព្វថ្ងៃ គេធ្វើតែបិណ្ឌតូចប៉ុណ្ណោះ គឺធ្វើឡើងនៅថ្ងៃពេញបូណ៌ ដូចទៅនឹងខ្មែរសុរិន្ទ និងខ្មែរដែរ។ ចំណែកសៀមវិញ គឺមិនមានការរៀបចំពិធីបិណ្ឌតូចនិងកាន់បិណ្ឌដូចខ្មែរឡើយ គឺមានរៀបចំតែបិណ្ឌធំ។

បន្ថែមពីនោះ លោកសាស្ត្រាចារ្យបន្តទៀតថា នៅក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌ មានតែអ្នកស្រុកសៀមរាបទេដែលប្រារព្ធយូរថ្ងៃជាងតំបន់ដទៃ គឺមាន «បិណ្ឌតូច» «កាន់បិណ្ឌ» និង «បិណ្ឌធំ»។ លុះចប់ «បិណ្ឌធំ» ហើយ អ្នកស្រុកសៀមរាបមានពិធីមួយទៀត គឺពិធីបញ្ជូនដូនតាទៅស្រុកទៅស្រែវិញ បន្ទាប់ពីបានមកទទួលចំណីអាហារក្នុងពិធីភ្ជុំបិណ្ឌ១៥ថ្ងៃកន្លងមកនេះ។

លោកតា ភោក កៅ
ចាស់ព្រឹទ្ធាចារ្យនៅវត្តប្រដាកបានលើកឡើងថា ពិធីបិណ្ឌតូចសំខាន់ណាស់សម្រាប់អ្នកស្រុកអង្គរ ព្រោះក្រៅពីជាទំនៀមទម្លាប់ពីបរមបុរាណហើយនោះ ខ្មែរជឿជាក់លើបុណ្យបាប ឋានសួគ៌ ឋាននរកណាស់។ គាត់ខ្លាចដូនតា ឪពុកម្តាយ ឬសាច់ញាតិ ដែលកាលនៅរស់សាងអំពើបាបដោយចេតនាក្តី អចេតនាក្តីក្នុងការចិញ្ចឹមជីវិត លុះពេលស្លាប់ទៅអាចភ្លាត់ធ្លាក់ខ្លួនកើតជាប្រេត ទើបពួកគាត់ដែលនៅរស់យកនំនេក បាយសម្ល បង្អែមចម្អាបតាមលទ្ធភាពដែលមានទៅប្រគេនព្រះសង្ឃមិនដែលខកខាន ឱ្យតែដល់ថ្ងៃបិណ្ឌតូច កាន់បិណ្ឌ និងបិណ្ឌធំ យ៉ាងហោចណាស់ឱ្យបាន១វត្ត ឬ២វត្ត បើមិនបាន៧វត្តដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដូនតាដែលបានចែកឋាន ឱ្យបានសេពសោយអាហារឱ្យបានឆ្អែត ឱ្យទទួលបានមគ្គផលដែលកូនចៅឧទ្ទិសជូន។ លោកតាបន្តទៀតថា ជនជាតិខ្មែរមានជំនឿថា បើមិនបានធ្វើបុណ្យដាក់បិណ្ឌក្នុងរដូវបុណ្យភ្ជុំបិណ្ឌទេ ខ្លាចដូនតាដើររកប្រាំពីរវត្តមិនឃើញ ដូនតា ញាតិសន្តាននឹងដាក់បណ្តាសាដល់កូនចៅកុំឱ្យរកស៊ីមានបាន ឱ្យរស់រងទុក្ខវេទនា ព្រោះមិនបានបំពេញកាតព្វកិច្ចចំពោះអ្នកស្លាប់ទៅកើតជានរក ជាប្រេត ដោយសារកាលនៅរស់ធ្លាប់ធ្វើបាបដើម្បីចិញ្ចឹមជីវិតពួកកូនចៅទាំងនោះ។

ចំពោះការរៀបចំពិធី «បិណ្ឌតូច» វិញ មិនសូវខុសពីការរៀបចំនៅថ្ងៃ «បិណ្ឌធំ» ទេ គឺមានជាច្រើនកម្មវិធីដូចជា ពេលល្ងាចចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា លុះថ្ងៃព្រឹកឡើងប្រគេន យាគូដល់ព្រះសង្ឃ ហើយថ្ងៃត្រង់រាប់បាត្រប្រគេនព្រះសង្ឃនិងបង្សុកូលឧទ្ទិសជូនបុព្វការីជនមានមាតាបិតា សាច់សាលោហិតញាតិទាំង៧សន្តាន ដែលបែកកាយទម្លាយខន្ធទៅកាន់បរលោក ឱ្យញាតិទាំងអស់នោះទទួលបាននូវសេចក្តីសុខចម្រើន ទៅកើតក្នុងសុគតិភព។

គួរបញ្ជាក់ផងដែរថា «បិណ្ឌតូច» ជាទំនៀមទម្លាប់របស់អ្នកស្រុកអង្គរដែលមានតាំងពីយូរណាស់មកហើយ ហើយមកដល់ពេលនេះ អ្នកស្រុកអង្គរក៏នៅតែថែរក្សាបានយ៉ាងល្អខ្ជាប់ខ្ជួនមិនរវាតតាមពេលវេលា។ អាជ្ញាធរជាតិអប្សរាដែលមានតួនាទីក្នុងការថែរក្សា គ្រប់គ្រង រៀបចំតំបន់អង្គរ រួមទាំងទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនារបស់អ្នកស្រុកអង្គរផងនោះ សូមកោតសរសើរដល់ស្មារតីស្រឡាញ់និងចូលរួមលើកស្ទួយរមរតកវប្បធម៌ជាតិមួយនេះឱ្យមានភាពរស់រវើកក្នុងជីវិតរបស់នៅ និងផ្នត់គំនិតរបស់កូនចៅជំនាន់ក្រោយ។ អាជ្ញាធរជាតិអប្សរានឹងចូលរួមចំណែក ព្រមទាំងគាំទ្រគ្រប់សកម្មភាពថែរក្សាវប្បធម៌ក្នុងតំបន់អង្គរឱ្យបានគង់វង្សជាមួយអ្នកស្រុកអង្គរជានិច្ចនិរន្តរ៍៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
4286
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
144905
ខែនេះ
:
0448413
សរុប
:
014891254