ព័ត៌មានថ្មីៗ

អ្នកណាខ្លះគួរគោរពក្រមប្រតិបត្តិអង្គរ?

បានផ្សាយនៅ ថ្ងៃទី 16 ខែ កញ្ញា ឆ្នាំ2016 03:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រមប្រតិបត្តិអង្គរ ជាគោលការណ៍សីលធម៌ដែលរៀបចំឡើងសម្រាប់អ្នកចូលលទស្សនាអង្គរក្នុងគោលដៅទប់ស្កាត់ផលប៉ះពាល់ ដែលអាចកើតមានឡើងពីសំណាក់ភ្ញៀវទេសចរចំពោះបេតិកភណ្ឌអង្គរ និងដើម្បីលើកតម្លៃបេតិកភណ្ឌអង្គរឲ្យសមជានិមិត្តរូប និងជាទីសក្ការៈនៃប្រជាជាតិខ្មែរ។ ក្រមប្រតិបត្តិអង្គរត្រូវបានរៀបចំ និងផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីចុងឆ្នាំ២០១៥មក។

កាលណានិយាយពីភ្ញៀវទេសចរ គេច្រើនតែនឹកទៅដល់ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនាអង្គរជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ គេបានមើលរំលងថា ភ្ញៀវទេសចរខ្មែរ ដែលជាម្ចាស់បេតិកភណ្ឌខ្លួនឯង ដែលមានចំនួនប្រហាក់ប្រហែលនឹងភ្ញៀវទេសចរបរទេស ឬក៏លើសទៀតផង ក៏បានទៅទស្សនាអង្គរ ហើយក៏អាចបង្កផលប៉ះពាល់ដល់បេតិកភណ្ឌរបស់ដូនតាយើងដូចគ្នា។

ដើម្បីជំរុញការចូលរួមអនុវត្តក្រមប្រតិបត្តិអង្គរឲ្យបានល្អប្រសើរ ពីសំណាក់យុវជនខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ក្នុងឱកាសអប់រំបេតិកភណ្ឌអង្គរដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា ការគោរពក្រមប្រតិបត្តិអង្គរ គឺត្រូវតែផ្តើមចេញពីយុវជនខ្មែរទាំងអស់គ្នា។ “យើងជាខ្មែរ ជាម្ចាស់នៃបេតិកភណ្ឌអង្គរ ត្រូវតែប្តេជ្ញាចិត្តឲ្យបានខ្ពស់ជាងភ្ញៀវបរទេស ហើយនាំគ្នាគោរពដើម្បីជាគំរូដល់អ្នកផ្សេងទៀត”។

ឯកឧត្តមបន្ថែមថា ក្រុមការងារបានផ្សព្វផ្សាយក្រមប្រតិបត្តិអង្គរយ៉ាងទូលំទូលាយ រាប់តាំងពីលើយន្តហោះ ព្រលានយន្តហោះ ផ្ទះសំណាក់ សណ្ឋាគារ រហូតដល់កន្លែងលក់សំបុត្រចូលទស្សនាអង្គរ។ល។ ភ្ញៀវបរទេសដែលចូលទៅទិញបណ្ណចូលទស្សនាអង្គរ សុទ្ធតែទទួលបានការណែនាំបន្ថែមទៀតអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្នុងដំណើរទស្សនារបស់ខ្លួន។ ដោយឡែកប្រជាពលរដ្ឋខ្មែរ ដែលចូលទៅទស្សនាអង្គរ មិនបានទិញបណ្ណនោះទេ ពួកគាត់ចូលទៅទស្សនាដោយសេរី ពុំបានទទួលការណែនាំអំពីក្រមប្រតិបតិ្តអង្គរបន្ថែមនោះទេ។ ដូច្នេះហើយ មានតែយុវជនគ្រប់រូបចូលរួមគោរព និងជួយណែនាំដល់អ្នកដទៃទៀត នៅពេលដែលឃើញពួកគាត់ធ្វើអ្វីមួយដែលអាចប៉ះពាល់ដល់បេតិកភអង្គរ៕










ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1398
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
24116
ខែនេះ
:
0304945
សរុប
:
010261092